កម្ពុជា​រក​ឃើញ​ករណី Covid-19 មួយ​ករណី​ទៀត លើ​ស្ដ្រី​ជនជាតិ​អង់គ្លេស​វ័យ​៦៥​ឆ្នាំ

លោក ម៉ម ប៊ុនហេង នៅ​ក្នុង​សន្និសីទកាសែត​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល​ស្ដី​ពី​ជំងឺ Covid-19 នៅ​កម្ពុជា
លោក ម៉ម ប៊ុនហេង នៅ​ក្នុង​សន្និសីទកាសែត​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល​ស្ដី​ពី​ជំងឺ Covid-19 នៅ​កម្ពុជា © MoH

ស្ដ្រី​ជនជាតិ​អង់គ្លេស​ម្នាក់ វ័យ​៦៥​ឆ្នាំ ត្រូវ​រក​ឃើញ​ថា​​មាន​ផ្ទុក​មេរោគ Covid-19 តាម​រយៈ​លទ្ធផល​ពិសោធន៍​ដែល​ទើប​ទទួល​បាន​នៅ​វេលា​ម៉ោង​ជាង​៤​រសៀល ថ្ងៃ​ទី​១០​ខែ​មីនា​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល នៅ​ប៉ុន្មាន​នាទី​មុន​នេះ​។

ផ្សាយពាណិជ្ជកម្ម

ស្ដ្រី​ជនជាតិ​អង់គ្លេស​រូប​នេះ ចូល​មក​ដល់​ប្រទេស​កម្ពុជា តាម​រយៈ​នាវា​កម្សាន្ត​ឈ្មោះ Viking Cruise Journey ដែល​ចេញ​ដំណើរ​ពី​ទីក្រុង​ហូជីមិញ ក្នុង​គោលដៅ​ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ ដោយ​ឆ្លង​កាត់​ខេត្ត​កំពង់​ចាម​។ នា​ពេល​នេះ បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក​រដ្ឋ​មន្ដ្រី ម៉ម ប៊ុនហេង ស្ដ្រី​អ្នក​ជំងឺ​ជនជាតិ​អង់គ្លេស​រូប​នោះ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម។

ក្រៅ​ពី​ស្ដ្រី​ជនជាតិអង់គ្លេស​រូប​នេះ ក្រសួង​សុខាភិបាល​ក៏​កំពុង​តាម​ដាន​សុខភាព​ជនជាតិអង់គ្លេស​ចំនួន​៤​នាក់​ទៀត​ផ្សេង​ដែរ ដែល​រួម​ដំណើរ​ជិត​ស្និទ្ធ​ជាមួយ​អ្នកជំងឺ បើ​ទោះ​បី​ជា​ពួក​គេ​ទាំង​បួន​មាន​លទ្ធផល​តេស្តន៍ Covid-19 អវិជ្ជមាន​ក៏​ដោយ​។

សូម​ជម្រាប​ជូន​ថា នេះ​គឺ​ជា​ការ​រក​ឃើញ​ករណី Covid-19 ទី​៣​ហើយ​នៅ​កម្ពុជា​។ កាល​ពី​ខែ​កុម្ភៈ កម្ពុជា​បាន​រក​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​មាន​ផ្ទុក​មេរោគ Covid-19 នៅ​ពេល​បុរស​រូប​នោះ​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​ព្រះសីហនុ​ពី​ទីក្រុង​វូហាន​។ ករណី​ទី​២ កើត​ឡើង​លើ​បុរស​ជនជាតិ​ខ្មែរ អាយុ​៣៨​ឆ្នាំ រស់​នៅ​ខេត្ត​សៀមរាប ដែល​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​សៀមរាប​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI