នយោបាយ-កូរ៉ូណាវីរុស

អតីតគណបក្សសង្គ្រោះជាតិថាករណីឆ្លងជំងឺកូវីដនៅកម្ពុជាមកពីបណ្តោយឲ្យជនបរទេសចេញចូលដោយសេរី

អតីតគណបក្សសង្គ្រោះ​ជាតិ​​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​មួយ​នៅ​ថ្ងៃ​ទី១០​មីនានេះ​ពីក្រៅ​ប្រទេស​ ដោយ​បាន​ធ្វើ​ការ​ស្តីបន្ទោស​មកលើ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ករណី​បុរស​ម្នាក់​នៅ​ខេត្ត​សៀមរាប​ត្រូវបាន​ឆ្លង​ជំងឺ​កូវីដ១៩​ពី​បុរសជនជាតិ​ជប៉ុនម្នាក់។ បើតាម​គណបក្សប្រឆាំង​នេះ​ ករណី​ឆ្លង​ជំងឺ​កូវីដ១៩​លើ​បុរស​នៅខេត្ត​សៀមរាប​នោះ គឺមកពី​ការ​មើល​ស្រាល​ស្ថាន​ការណ៍ និងការ​​មិន​អើ​ពើ​របស់​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​ទប់​ចរន្ត​រាល​ដាល​នៃ​ជំងឺឆ្លង​នេះ​ ពី​ជនបរទេស​ដែលចូលមកកម្ពុជា​ដោយ​សេរី​។

ព្រលានយន្តហោះភ្នំពេញ (រូបភាពទូទៅ)
ព្រលានយន្តហោះភ្នំពេញ (រូបភាពទូទៅ) © Linear Vista
ផ្សាយពាណិជ្ជកម្ម

ក្រៅពី​បន្ទោស​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គណបក្សប្រឆាំងមួយ​នេះ​ក៏បានទទួល​ស្គាល់​ផងដែរ​ពី​វិធានការ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ជំងឺ​កាច​សាហាវនេះ​ ប៉ុន្តែថា​មិនអាច​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​បានទេ ដរាបណា​លោក ហ៊ុន សែន​ នៅតែ​បន្ត​បើក​ចំហ​ឲ្យ​ជននជាតិ​ចិន និង​ជនបរទេស​ផ្សេង​ទៀត​ចូល​មកកម្ពុជា​ដោយ​សេរី​ដូចសព្វ​ថ្ងៃនេះ។​

យ៉ាងណាក៏​ដោយ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវចេះ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ប្រកាន់​ភ្ជាប់​នូវការ​ធ្វើ​អនាម័យ​ផ្ទាល់​ខ្លួន​ដើម្បី​បង្កា​ការ​ឆ្លង​ជំងឺ​កូវីដ១៩នេះ។ ជាមួយគ្នា​នោះ​គណបក្ស​ប្រឆាំងនេះ​ក៏ទាមទារឲ្យ​អាជ្ញាធរកម្ពុជា​បើក​ចំហ​ឲ្យ​ពលរដ្ឋអាច​ផ្តល់​ព័ត៌មាន​ ដោយ​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​ឬ​ចាប់​ចង​ ដោយ​គ្រាន់​តែ​បញ្ចេញ​ទស្សនៈ​ពាក់​ព័ន្ធ​នឹង​ជំងឺនេះ។ ប៉ុន្តែ​ត្រូវ​ចាត់​វិធាន​ការ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ក្នុង​ត្រួត​ពិនិត្យ ព្យាបាល និង​បង្កា​ តាមរយៈ​ការ​បិទ​ជើងហោះ​ហើរ​ជាបណ្តោះ​អាសន្នជាមួយ​ចិន និង​បណ្តា​ប្រទេសផ្សេង​ទៀត​ដែល​កំពុង​កើត​ជំងឺកូវីដ១៩នេះ ដើម្បី​កុំឲ្យ​ឆ្លង​រាល​ដាល។

យ៉ាងណាក៏ដោយ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅក្នុង​ពិធី​ចែក​សញ្ញា​បត្រ​នៅព្រឹក​ថ្ងៃ​ទី​១០​មីនា​នេះ​បានថ្លែងថា​ កម្ពុជាមិនគ្រាន់តែមិនរើសអើងចំពោះជនជាតិកម្ពុជា​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩​ប៉ុណ្ណោះទេ​ ប៉ុន្តែកម្ពុជា​ក៏មិនរើសអើងជនជាតិបរទេសដទៃទៀតនោះដែរ។​ ប៉ុន្តែ​លោកថាត្រូវចាត់វិធានការពិនិត្យឱ្យច្បាស់លាស់នៅតាមព្រលានយន្តហោះ មុនពេលពួកគេចូលមកដល់ប្រទេសកម្ពុជា។ បើតាម​ លោក ហ៊ុន សែន អ្នក​ជំនាញនៅ​កំពុងបន្តស្វែងរក អ្នកដែលមានការពាក់ព័ន្ធជាមួយ​បុរស​ដែល​ឆ្លង​ជំងឺកូវីដ១៩​នេះនៅខេត្ត​សៀមរាប ដើម្បីយកមកពិនិត្យសំណាក និង​ត្រូវដាក់ឱ្យនៅដាច់ដោយឡែក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI