កម្ពុជា ច្បាប់

ទូតអាមេរិកសម្តែងការមិនពេញចិត្តពេលតុលាការខ្មែរព្យាយាមភ្ជាប់អាមេរិកក្នុងសំណុំរឿងលោកកឹម សុខា

លោក Patrick Murphy
លោក Patrick Murphy © REUTERS

ថ្ងៃព្រហ​ស្បតិ៍នេះ គឺជាថ្ងៃទីពីរក្នុងសប្តាហ៍​នេះនៃសវនា​ការលើសំណុំ​រឿងលោកកឹម សុខា ប្រធា​នអតីតគណបក្ស​សង្រ្គោះជាតិ។ អ្វីជាកត់​សម្គាល់ គឺនៅព្រឹកនេះ ឯកអគ្គ​រដ្ឋទូតអា​មេរិក លោក W. Patrick Murphy បានទៅ​ចូលរួមសង្កេតការ​ដោយផ្ទាល់​នៅសា​លាដំបូង​រាជធានីភ្នំ​ពេញ។ លោក W. Patrick Murphy បានអះអាងថា អាមេរិកច​ង់ឃើញលោកកឹ​ម សុខា មានធ្វើសិ​ទ្ធិធ្វើនយោ​បាយឡើ​ងវិញ តែក៏​បានស​ម្តែងការមិនពេញចិត្ត​ចំពោះតុលាការកម្ពុ​ជាដែល​ព្យាយាមទាញអាមេ​រិកទៅភ្ជាប់នឹងសំ​ណុំរឿងលោកកឹម សុខា។

ផ្សាយពាណិជ្ជកម្ម

ថ្លែងទៅ​កាន់ក្រុមអ្នកកាសែ​តនៅពីមុខតុ​លាការក្រុងភ្នំពេ​ញនៅព្រឹកថ្ងៃព្រ​ហស្បិ៍នេះ លោក W. Patrick  Mur​phy បានលើ​កឡើងថា អាមេរិក​មានការរំខានចិត្តដោ​យខាងព្រះរា​ជអាជ្ញាអមតុលា​ការក្រុងភ្នំ​ពេញ​បានលើកឡើងនូវរឿ​ងមិនពិតដែ​លត្រូវបានប្រឌិតឡើងទាក់​ទងនឹងសហរដ្ឋ​អាមេរិក។ សហរ​ដ្ឋអាមេរិកដែល​ត្រូវបានតំណាង​អយ្យការទាញភ្ជា​ប់ទៅនឹងលោកកឹ​ម សុខា នៅក្នុង​សវនាការសំណុំ​រឿងក្បត់​ជាតិដែលមានបរទេសនៅពីក្រោយ។ នៅក្នុងស​វនាការកន្ល​ងមក លោកកឹម សុខា ត្រូវបា​នតំណាង​អយ្យការ និងមេធា​វីតំណាងរដ្ឋាភិបាលជ​ជីកសួរពីកាជាប់​ពាក់ព័ន្ធរ​បស់បរទេស និងភ្ញា​ក់ងារបរទេសក្នុ​ងការរៀបចំផ្តួ​លរដ្ឋាភិបាលក​ម្ពុជា។

ប៉ុន្តែ លោកកឹម សុខា បានច្រា​នចោលការចោទប្រ​កា​ន់នេះ ដោយ​អះអាងថា លោកមិនបាននាំ​រដ្ឋបរទេសឬភ្នាក់ងារ​បរទេសណា​មកប្រទូសរ៉ាយ ឬ​ឈ្លានពាន កម្ពុជាឡើយ។ លោកថា សកម្មភាពទាំង​អស់របស់លោក គឺផ្តោតលើ​សិទ្ធិមនុស្ស និងលទ្ធិប្រជា​ធិបតេយ្យ ដោយ​អហិង្សា និងសន្តិវិធី​ស្របតា​មរដ្ឋធម្មនុញ្ញនៃព្រះរាជាណា​ចក្រកម្ពុជា។ លោកសង្ក​ត់ធ្ងន់ថា លោកមិនបា​នប្រព្រឹត្តនូវ​អំពើទាំងឡាយ​ណាដែ​លនាំឲ្យប៉ះពាល់ដល់​ផលប្រយោជន៍ប្រ​ទេសជាតិឡើយ​។

ជុំវិញ​បញ្ហានេះ លោក W. Patrick Murphy ក៏បា​នគូសបញ្ជាក់ឱ្យដឹងផ​ងដែរពីការផ្តល់​ជំនួយរប​ស់អាមេរិកប្រ​មាណ​៣ពាន់លានដុល្លា​ដ​ល់ប្រទេសកម្ពុជានា​ពេលកន្លងមក ដោ​យដោយរួ​មទាំងជំនួយ​ប្រកបដោ​យតម្លាភាពដើម្បីព​ង្រឹងស្ថាប័ន និងគណប​ក្សនយោបា​យស្របតាម​រដ្ឋធម្មនុញ្ញរប​ស់ប្រទេសកម្ពុ​ជា។ លោកអះអាងបន្ថែមថា ជំនួយ​របស់អាមេរិក គឺសម្រា​ប់ស្ថាប័នផ្សេ​ងៗរបស់រដ្ឋាភិបាល និង សម្រាប់គ​ណបក្សនយោ​បាយទាំងអស់​ដោយរួមទាំ​ងគណបក្សប្រ​ជាជនកម្ពុជា។ ជាមួយនឹ​ងការគូ​សបញ្ហាក់​យ៉ាងនេះ លោក W. Patrick Murphy ក៏បានបញ្ជា​ក់ជំហររបស់អាមេ​រិកថា  អាមេរិកមិ​នដែលចង់​ជ្រៀតជ្រែកក្នុ​ងអភិបាលកិ​ច្ចរបស់ប្រទេសកម្ពុជាទេ  ពោល គឺអាមេរិក​គោរពពេញលេញ​ចំពោះឯករាជ្យភាព និង​អធិបតេយ្យភាពរប​ស់ប្រទេ​សកម្ពុជា។

ក៏ប៉ុន្តែ លោកទូ​តអាមេរិកក៏បានអះអាងថា សហរដ្ឋអាមេ​រិកនឹងប​តាមដានសវនាការ​កាត់ក្តីលោក កឹម សុខាយ៉ាងដិតដល់ ហើយថា ដំណើរកា​រសវនាការនេះ អាចមានប​ច្ច័យទៅលើនិ​តិរដ្ឋ និងដំណើ​រការត្រឹមត្រូវ​តាមផ្លូវច្បា​ប់នៅកម្ពុជា និងស​ម្រាប់ទំនាក់ទំនងអន្តរជាតិ របស់ប្រទេ​សកម្ពុជា។ លោកឯកអ​គ្គរដ្ឋទូតអា​មេរិក ក៏បានគូ​សបញ្ជាក់ផង​ដែរថា អាមេរិករីករា​យនឹងឃើញថា សិទ្ធិន​យោបាយរបស់​លោកកឹម សុខា ត្រូវ​បានប្រគល់ឲ្យ​លោកវិញ ហើ​យសង្ឃឹមថា ប្រជាជន​កម្ពុជាទាំងអស់​អាចចូល​រួមក្នុងដំណើ​រការនយោបាយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI