Covid-19៖ កម្ពុជា​ហាម​ពលរដ្ឋ​នៃ​ប្រទេស​ចំនួន​៥​មិន​ឲ្យ​ចូល​កម្ពុជា​រយៈ​ពេល​៣០​ថ្ងៃ

លោក ម៉ម ប៊ុនហេង នៅ​ក្នុង​សន្និសីទកាសែត​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល​ស្ដី​ពី​ជំងឺ Covid-19 នៅ​កម្ពុជា
លោក ម៉ម ប៊ុនហេង នៅ​ក្នុង​សន្និសីទកាសែត​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល​ស្ដី​ពី​ជំងឺ Covid-19 នៅ​កម្ពុជា © MoH

ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃ​មេរោគ​កូរ៉ូណា​ថ្មី​មក​កាន់​កម្ពុជា ក្រសួងសុខាភិបាលកម្ពុជា នៅ​ទី​បំផុត​ បានសម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេសមកពីប្រទេស​ចំនួន​៥​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៣០​ថ្ងៃ​។ ប្រទេស​ទាំង​៥​នោះ មាន​ជា​អាថិ៍៖ ប្រទេសអ៊ីតាលី អាឡឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក។ បើ​តាម​ក្រសួង​សុខាភិបាល​កម្ពុជា សេចក្ដីសម្រេច​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ខែមីនាខាងមុខតទៅ។

ផ្សាយពាណិជ្ជកម្ម

ក្រសួង​សុខាភិបាល តាម​រយៈ​សេចក្ដី​ប្រកាស​របស់​ខ្លួន បញ្ជាក់​ថា ការ​ហាម​ឃាត់​នេះ ធ្វើ​ឡើង​ដើម្បី​ការពារ​និង​ទប់​ស្កាត់​ជា​បន្ទាន់​នូវ​ការ​ចម្លង​នាំ​ចូល​វីរុស​កូរ៉ូណា​ថ្មី មក​ក្នុង​ប្រទេស​កម្ពុជា​។ សូម​ជម្រាប​ថា រហូត​មក​ទល់​ពេល​នេះ កម្ពុជា​រក​ឃើញ​ករណី​មនុស្ស​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន​៧​នាក់ ដែល​ក្នុង​នោះ មាន​៦​នាក់​ជា​ជន​បរទេស ដែល​ក្រសួង​សុខាភិបាល​អះអាង​ថា បាន​នាំ​យក​មេរោគ​កូរ៉ូណា​ថ្មី​ពី​បរទេស​ចូល​មក​កម្ពុជា​។ ហើយ​មាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ដែល​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នៅ​ក្នុង​បរទេស ដែល​ករណី​នេះ​កើត​ឡើង​លើ​បុរស​ជនជាតិ​ខ្មែរ​ រស់​នៅ​ខេត្ត​សៀមរាប​។ ដូច្នេះ តាម​រយៈ​​បម្រាម​មិន​ឲ្យ​ជន​បរទេស​មក​ពី​អ៊ីតាលី អាឡឺម៉ង់ អេស្ប៉ាញ បារាំង និង​អាមេរិក ចូល​មក​កម្ពុជា​នេះ ក្រសួង​សុខាភិបាល​​សង្ឃឹម​ថា នឹង​អាច​កាត់​បន្ថយ​ឬ​ទប់​ស្កាត់​មិន​ឲ្យ​មេរោគ​រាត​ត្បាត​កូរ៉ូណា​ថ្មី ឆ្លង​ចូល​មក​កម្ពុជា​ត​ទៅ​ទៀត​។

បម្រាម​របស់​កម្ពុជា​គ្មាន​ចំពោះ​ប្រទេស​ចិន​ដែល​ជា​ប្រភព​កំណើត​នៃ​មេរោគ​កូរ៉ូណា​ថ្មី

ប្រទេស​ចិន ត្រូវ​គេ​សន្មត់​ថា ជា​ប្រភព​កំណើត​នៃ​មេរោគ​កូរ៉ូណា​ថ្មី មាន​ករណី​ឆ្លង​ច្រើន និង​មាន​អ្នក​ស្លាប់​ច្រើន​ដោយ​សារ​តែ​មេរោគ​នេះ​។ ប៉ុន្តែ​នោះ​ជា​រឿង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​។ គួរ​ដឹង​ថា ករណី​ឆ្លង​នៅ​ប្រទេស​ចិននៅ​ក្នុង​ខែ​មីនា​​នេះ បាន​ថម​ថយ​ចុះ​ច្រើន​ណាស់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ខែ​កុម្ភៈ ឬ​ខែ​មករា​កន្លង​ទៅ​។ សម្រាប់​ខែ​មីនា​នេះ ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន មាន​ត្រឹម​រាប់​សិប​នាក់​ប៉ុណ្ណោះ។ កាល​ពី​ខែ​មករា និង​កុម្ភៈ ចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​នៅ​ប្រទេស​ចិន​ក្នុង​មួយ​ថ្ងៃ​ៗ មាន​ដល់​ទៅ​រាប់រយ ឬ​​រាប់​ពាន់​នាក់​ឯ​ណោះ​។ ឥឡូវ​នេះ ប្រទេស​ចិន គឺ​ដូច​ជា​កម្ពុជា​ដែរ។ ចិន​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​កូរ៉ូណា​ថ្មី​ពី​ប្រទេស​ក្រៅ​វិញ​ម្ដង​។

ផ្ទុយ​ពី​ប្រទេស​ចិន​ដែល​មាន​ករណី​ឆ្លង​ថយ​ចុះ ប្រទេស​ទាំង​៥​ដែល​ស្ថិត​នៅ​ក្នុង​បម្រាម​របស់​កម្ពុជា តួ​យ៉ាង​ដូច​ជា អ៊ីតាលី  អាឡឺម៉ង់ អេស្ប៉ាញ បារាំង និង​អាមេរិក​ កំពុង​តែ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​កូវីដ​១៩ ឬ​មេរោគ​កូរ៉ូណា​ថ្មី​។ អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​បាន​ប្រកាស​ច្បាស់​ហើយ​ថា អឺរ៉ុប​បាន​​ក្លាយ​ជា​ចំណុច​កណ្ដាល​ថ្មី​នៃ​មេរោគ​កូរ៉ូណា​ថ្មី ដោយ​សារ​តែ​អត្រា​អ្នក​ឆ្លង​និង​អ្នក​ស្លាប់​មាន​ចំនួន​សរុប​ច្រើន​ជាង​តំបន់​ដទៃ​ទៀត​នៅ​លើ​សកល​លោក បើ​មិន​រាប់​បញ្ចូល​ប្រទេស​ចិន​។ មួយ​វិញ​ទៀត ប្រសិន​បើ​​ក្រឡេក​ទៅ​មើល​ករណី​ឆ្លង​ថ្មី​ចុង​ក្រោយ​ដែល​រក​ឃើញ​លើ​ជន​បរទេស​នៅ​កម្ពុជា អ្នក​ជំងឺ​ត្រូវ​បញ្ជាក់​ថា មាន​ប្រវត្តិ​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នៅ​តំបន់​អឺរ៉ុប មុន​នឹង​ចូល​មក​កាន់​កម្ពុជា​​។

ជាក់​ស្ដែង​អ្នក​ជំងឺ​កូវីដ​១៩ ជនជាតិ​ប៊ែលហ្ស៊ិក​ម្នាក់ ដែល​ក្រសួង​សុខាភិបាល​ប្រកាស​កាល​ពី​ម្សិលមិញ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អឺរ៉ុប រួច​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ​មាន​អាការៈ​មិន​ស្រួល​ខ្លួន ទើប​ទាក់ទង​ស្វែង​រក​ជំនួយ​សុខាភិបាល​ពី​មន្ដ្រី​ជំនាញ​។ ចំណែក​ជនជាតិ​កាណាដា​ម្នាក់​ទៀត​ដែល​ក្រសួង​ប្រកាស​កាល​ពី​ម្សិលមិញ​ដែរ​នោះ ក៏​ទើប​តែ​ធ្វើ​ដំណើរ​មក​ពី​បរទេស​ដែរ មុន​ពេល​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​។

អ្នក​ជំងឺ​ជនជាតិ​កាណាដា​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ផ្ទះ ជំនួស​ឲ្យ​មន្ទីរ​ពេទ្យ

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ការ​សម្រេច​នេះ ធ្វើ​ឡើង​តាម​សំណូម​ពរ​របស់​អ្នក​ជំងឺ​ផ្ទាល់ ដោយ​សារ​អ្នក​ជំងឺ​ជនជាតិ​កាណាដា​រូប​នេះ មាន​កូន​តូច​ៗ​ដែល​ត្រូវ​មើល​ថែ​។ ការ​ដាក់​គាត់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ផ្ទះ ក្រសួង​សុខាភិបាល​អះអាង​ថា ​នឹង​បន្ត​តាម​ដាន​សុខភាព​របស់​គាត់ ដោយ​មិន​អនុញ្ញាត​ឲ្យ​គាត់​ចាកចេញ​ពីផ្ទះ​ឡើយ ហើយ​កូន​ៗ​របស់​គាត់​ទៀត​សោត មន្ដ្រី​ជំនាញ​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្តន៍ និង​កំពុង​រង់​ចាំ​លទ្ធផល​ពី​មន្ទីរ​ពិសោធន៍​។

ទាក់ទង​នឹង​អ្នកជំងឺ​​ជនជាតិ​កាណាដារូប​នេះដែរ ដោយ​សារ​គាត់​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​សាលា​ CIS សាខា​កោះពេជ្រ, ក្រសួង​សុខាភិបាល​បាន​សម្រេច​ស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ឲ្យបិទសាលា​នោះ​ជា​បណ្តោះអាសន្ន ហើយត្រូវបើក​ការ​បោស​សំអាតសាលា​ទាំង​មូល​។ ចំណែក​អ្នកគ្រូ​លោកគ្រូ ក៏ដូចជាសិស្សានុសិស្សដែលរៀននៅសាលានោះ ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឲ្យ​​តាមដានសុខភាពផ្ទាល់ខ្លួន​ក្នុងរយៈពេល១៤ថ្ងៃ។ ទន្ទឹម​គ្នា​នេះ ក្រុមការងារនិង​អ្នកស្រាវជ្រាវក្រសួងសុខាភិបាល នឹងធ្វើការងារបន្តទៀត ដើម្បីស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប៉ះពាល់ប្រយោល ដើម្បីចាត់វិធានការបន្តទៀត។

សូម​ជម្រាប​ថា គិត​ត្រឹមថ្ងៃ​ទី​១៤​មីនា​នេះ ករណី​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​៧​ករណី​ហើយ ដោយ​ក្នុង​នោះ មួយ​ករណី​រក​ឃើញ​លើ​បុរស​ជនជាតិ​ចិន​ធ្វើ​ដំណើរ​ពី​ទីក្រុង​វូហាន​មក​កាន់​ខេត្ត​ព្រះសីហនុ​និង​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​។ មួយ​ករណី​ទៀត​កើត​ឡើង​លើ​បុរស​ជនជាតិ​ខ្មែរ​នៅ​ខេត្ត​សៀមរាប កំពុង​ទទួល​បាន​ការ​ព្យាបាល​។ និង​៣​ករណី​ទៀត រក​ឃើញ​លើ​អ្នក​ដំណើរ​ជនជាតិ​អង់គ្លេស​ធ្វើ​ដំណើរ​តាម​នាវា​ពី​ទីក្រុង​ហូជីមិញ​មក​កាន់​កម្ពុជា និង​កំពុង​ទទួល​បាន​ការ​ព្យាបាល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ចំណែក​២​ករណី​ចុង​ក្រោយ រក​ឃើញនៅ​ទីក្រុង​ភ្នំពេញ ​លើ​បុរស​ជនជាតិ​កាណាដា​វ័យ​៤៩​ឆ្នាំ និងបុរស​ជនជាតិ​ប៊ែលហ្សិក​វ័យ​​៣៣​ឆ្នាំ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI