Covid-១៩៖ កម្ពុជា​រក​ឃើញ​ករណី​​ទី​៨លើ​ជនជាតិ​បារាំង​ដែល​ចូល​មក​កម្ពុជា​តាម​សិង្ហបុរី

លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល​កម្ពុជា
លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល​កម្ពុជា © MoH

ករណីជំងឺ​កូវីដ​-១៩​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​ចំនួន​៨​ករណី​ហើយ គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី​១៥​ខែ​មីនា​នេះ បន្ទាប់​ពីក្រសួង​សុខាភិបាល​កម្ពុជា ជូន​ដំណឹង​ពី​ការ​រក​ឃើញ​បុរស​ជនជាតិ​បារាំង​វ័យ​៣៥​ឆ្នាំ​ម្នាក់ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​​។

ផ្សាយពាណិជ្ជកម្ម

បុរស​ជនជាតិ​បារាំង​ដែល​កម្ពុជា​ទើប​តែ​រកឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​នេះ ធ្វើ​ដំណើរ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ចូល​មក​កម្ពុជា ដោយ​ប្ដូរ​ជើង​ហោះហើរ​នៅ​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ​ទី​១៣​ខែ​មីនា​។ នៅ​ប្រទេស​សិង្ហបុរី​នោះ បុរស​រូប​នេះ​មាន​អាការៈ​ក្ដៅ​ខ្លួន ហើយ​ត្រូវ​បាន​អាជ្ញាធរ​សិង្ហបុរី​យក​សំណាក​វត្ថុភាគ​ទៅ​ធ្វើ​តេស្តន៍​។ ការ​ធ្វើ​តេស្តន៍​នោះ មិន​ទាន់​ចេញ​លទ្ធផល​នៅ​ឡើយ នៅ​ពេល​គាត់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​ពី​សិង្ហបុរី​មក​កាន់​ប្រទេស​កម្ពុជា​។

លទ្ធផល​នៃ​ការ​ធ្វើ​តេស្តន៍​របស់​បុរសជនជាតិ​បារាំង​ពី​មន្ទីរ​ពិសោធន៍​សិង្ហបុរី ចេញ​នៅរសៀល​​ថ្ងៃ​ទី​១៤​មីនា ប៉ុន្តែ​នៅពេល​នោះ បុរស​ជនជាតិ​បារាំង​បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​រួច​ទៅ​ហើយ​។ ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ភ្លាម​ៗ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​អាជ្ញាធរ​សិង្ហបុរី អាជ្ញាធរ​កម្ពុជា​បាន​ស្វះស្វែង​រក​ឃើញ​បុរស​អ្នក​ជំងឺ​ជនជាតិ​បារាំង​នោះ នៅ​វេលា​ម៉ោង​៨​កន្លះ​យប់​ថ្ងៃ​ទី​១៤​មីនា និង​បាន​យក​សំណាក​របស់​គាត់​ទៅ​ធ្វើ​តេស្តន៍​ម្ដង​ទៀត។ លទ្ធផល​នៃ​ការ​ធ្វើ​តេស្តន៍​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ចេញ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​​ទី​១៥​មីនា បង្ហាញ​ថា បុរស​ជនជាតិ​បារាំង​នោះ ពិត​ជា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ពិត​មែន​។

សូម​ជម្រាប​ជូន​ថា បុរស​ជនជាតិ​បារាំង​រូប​នេះ ធ្វើ​ដំណើរ​មក​កម្ពុជា​ជាមួយ​ភរិយា​និង​កូន​ប្រុស​អាយុ​៤​ខែ​។ បច្ចុប្បន្ន ភរិយា​និង​កូន​របស់​គាត់​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​តាម​ដាន​សុខភាព​រយៈ​ពេល​១៤​ថ្ងៃ នៅ​ផ្ទះ​របស់​បង​ប្អូន​គាត់​ក្នុង​សង្កាត់​ទួលទំពូង​។ ចំណែក​អ្នក​ជំងឺ​ដែល​ជា​បុរស​ជនជាតិ​បារាំង​វ័យ​៣៥​ឆ្នាំ ត្រូវ​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ​-សូវៀត​។

ក្រសួង​សុខាភិបាល​បាន​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​នៅ​ក្នុង​ករណី​នេះ ដោយ​ក្នុង​នោះ​រួ​ម​មាន​អ្នក​នៅ​លើ​យន្តហោះ​ចំនួន​៨​នាក់ សុទ្ធ​សឹង​តែ​ជា​ជន​បរទេស បាន​សំចត​រង់ចាំ​បន្ត​ជើង​ហោះហើរ​ទៅ​ប្រទេស​ផ្សេង​ៗ​ទៀត តែ​មិន​មាន​ចូល​មក​កម្ពុជា​ទេ​។ ចំណែក​អ្នក​នៅ​លើ​យន្តហោះ​និង​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ជំងឺ​ចុង​ក្រោយ​នេះ ចំនួន​២៦​នាក់ ក្រសួង​កំពុង​ស្រាវ​ជ្រាវ​ស្វែង​រក​ជា​បន្ត​ទៀត​។

សូម​ជម្រាប​ជូន​ថា រហូត​មក​ទល់​ពេល​នេះ កម្ពុជា​រក​ឃើញ​ករណី​មនុស្ស​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ចំនួន​៨​នាក់ ដែល​ក្នុង​នោះ មាន​៧​នាក់​ជា​ជន​បរទេស ដែល​ក្រសួង​សុខាភិបាល​អះអាង​ថា បាន​នាំ​យក​មេរោគ​កូរ៉ូណា​ថ្មី​ពី​បរទេស​ចូល​មក​កម្ពុជា​។ ហើយ​មាន​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ដែល​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នៅ​ក្នុង​ប្រទេស ដែល​ករណី​នេះ​កើត​ឡើង​លើ​បុរស​ជនជាតិ​ខ្មែរ​ រស់​នៅ​ខេត្ត​សៀមរាប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI