កម្ពុជា កូរ៉ូណាវីរុស

កម្ពុជា​រក​ឃើញ​ករណី​កូវីដ​១៩ ចំនួន៤ករណីទៀត

ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល @Internet

នៅ​យប់ថ្ងៃទី​១៥ ខែ​មីនា ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​កូវីដ​១៩ ចំនួន​៤ករណី​ថ្មី​ទៀត ជា​ជនជាតិ​ខ្មែរ​ឥស្លាម​២នាក់​នៅ​ខេត្ត​ព្រះវិហារ បុរស​ជនជាតិ​ខ្មែរ​មក​ពី​ប្រទេស​បារាំង​ និង​កូន​របស់​ជនជាតិ​បារាំង​ម្នាក់​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​។ ខណៈនេះ​អាជ្ញាធរ​សុខាភិ​បាល កំពុង​តែ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត​។​

ផ្សាយពាណិជ្ជកម្ម

លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​បង្ហាញ​ថា មនុស្ស​៤​នាក់​បន្ថែម​ទៀត វិជ្ជមាន​វីរុស​កូរ៉ូណា ឬ​កូវីដ១៩​ ដែល​ក្នុង​នោះ​មាន​ករណី​កូន​របស់​ជនជាតិ​បារាំង​ម្នាក់ ដែល​ទើប​តែ​មាន​អាយុ៤ខែ ​និង​ត្រូវ​បាន​យក​ទៅព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារជាតិ​។ ចំណែក​បរុស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូវីដ​១៩ ក្រោយ​ពី​រូប​គាត់​បាន​ត្រឡប់​មក​ពី​ប្រទេស​បារាំង​វិញ ហើយ​ពេល​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត​។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​កាល​ពី​យប់​ថ្ងៃទី​១៥ ខែ​មីនា​។​

ចំណែក​២​ករណី​ទៀត​រក​ឃើញ​លើ​ខ្មែរ​ឥស្លាម​២នាក់​នៅ​ខេត្ត​ព្រះវិហារ​។ កាល​ពីថ្ងៃទី៣ ខែ​មីនា​ ពួក​គាត់​ចំនួន​១០​នាក់​បាន​ត្រឡប់​មក​ខេត្ត​ព្រះវិហារ​វិញ បន្ទាប់​ពី​ទៅ​ចូលរូម​ពិធី​សាសនា​នៅ​ក្រុងកូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី២៩ ខែ​កុម្ភៈ​។ បន្ទាប់​ពី​ការ​ជូន​ដំណឹង​នៅ​ថ្ងៃទី១៤ ខែ​មីនា​ថា​មាន​អ្នក​ផ្ទុក​កូវីដ​១៩​នៅ​ក្នុង​ពិធីសាសនា​នៅ​ម៉ាឡេស៊ី​អាជ្ញាធ​សុខាភិបាល​កម្ពុជា​ក៏​បាន​យក​វត្ថុ​សំណាក​មនុស្ស​៨​នាក់ ក្នុង​ចំណោម​១០​នាក់​ទៅ​ធ្វើ​តេស្ត៍​។ ជា​លទ្ធផល​បង្ហាញ​ថា​ក្នុង​ចំណោម​មនុស្ស​៨នាក់​នោះ​មាន​ពីរ​នាក់ វិជ្ជមាន​កូវីដ១៩​។

ដោយ​ឡែក​មនុស្ស​២នាក់​ផ្សេង​ទៀត ម្នាក់​ទៅ​ខេត្ត​ស្ទឹង​ត្រែង ត្រូវ​បាន​យក​សំណាក​រួចរាល់​កាល​ពីថ្ងៃទី​១៥​ ខែមីនា ហើយ​ម្នាក់​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ នឹង​ត្រូវ​យក​សំណាក​នៅ​ថ្ងៃទី​១៦ ខែ​មីនា​នេះ។​ អ្នក​អវិជ្ជមាន​ ត្រូវ​បាន​ដាក់​ឲ្យ​តាម​ដាន​សុខភាព​ផ្ទាល់​ខ្លួន​ចំនួន​១៤​ថ្ងៃ ហើយ​អ្នក​វិជ្ជមាន​ត្រូវ​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ព្រះវិហារ​។

គិត​រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​រក​ឃើញ​ករណី​កូវីដ​១៩ ចំនួន​១២​ករណី ដែល​ក្នុង​នោះ​មាន​លើ​ជន​ជាតិ​ខ្មែរ​ចំនួន​៤​ករណី និង​ក្រៅ​ពីនោះ​គឺ​កើត​លើ​ជន​បរទេស ដែល​មាន​ជន​ជាតិ​អង់គ្លេស​៣ករណី, ជន​ជាតិបារាំង​២​ករណី,​ ជនជាតិ​កាណាដា​១​ករណី,ជនជាតិ​ចិន​១​ករណី, និង​ជន​ជាតិ​ប៊ែលហ្សិក១​ករណី​។ សូម​ជម្រាប​ថា​ក្នុង​ចំណោម​១២​ករណី​នេះ មាន​១១ករណី​នាំ​ចូល​ពី​ប្រទេស​ក្រៅ​ និង​១ករណី​ប៉ះផ្ទាល់​ជា​មួយ​អ្នក​ជំងឺ​ជនជាតិ​ជប៉ុន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI