អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

វិធានការទប់ទល់កូវីដ១៩៖ ស្ថាប័នរដ្ឋមួយចំនួនឲ្យមន្ត្រីរាជការធ្វើការពីផ្ទះតាមអនឡាញ ខណៈសាលារៀនទូទាំងប្រទេសត្រូវបិទ

អគារនានាក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង)
អគារនានាក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង) © Internet
ដោយ៖ អ៊ឹង ប៊ុនថន
១៣ នាទី

វិធានការ​ចាំបាច់​មួយ​ចំនួនរបស់​រដ្ឋាភិបាល​កម្ពុជា ​ត្រូវបាន​ដាក់​ចេញ​ជាបន្ត​បន្ទាប់​ដើម្បី​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩ ខណៈ​កម្ពុជា​បានរក​ឃើញ​ករណី​ឆ្លង​ជំងឺនេះ​ចំនួន១២ករណី​ហើយ។ ក្រសួងអប់រំ​នៅថ្ងៃចន្ទនេះ បានប្រកាសឲ្យ​សាលារៀន​ទូទាំង​ប្រទេស ​វ៉ាកងតូច​មុន​វិស្សមកាលមកដល់ ខណៈសួង​ការបទេស​កម្ពុជាវិញ​ក៏បាន​ដាក់​ចេញ​វិធានការ​មួយចំនួន​ផង​ដែរ ក្នុងនោះ​​មន្ត្រី​ដែល​មិន​ចាំបាច់​មកក្រសួង​គឺអាចធ្វើការចេញពីផ្ទះ​របស់​ខ្លួន​តាម​រយៈ​អនឡាញ ស្របពេល​កម្មវិធី​ជួប​ជុំ​របស់​រដ្ឋ​និង​វិស័យ​ឯកជន​ត្រូវ​បានលុបចោល។

ផ្សាយពាណិជ្ជកម្ម

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ បាន​បញ្ចេញសារ​តាម​រយៈ​តេឡេក្រាម ​ប្រាប់​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ដោយអនុញ្ញាតឲ្យ​មន្ត្រី​ក្រសួងនេះ​អាច​ធ្វើ​ការចេញ​ពី​ផ្ទះ​មកវិញ ​តាម​រយៈ​អនឡាញ។​ក្រៅពីនោះ​ត្រូវ​​​ផ្អាក​ការជួប​ភ្ញៀវបរទេសបើមិនចាំបាច់ និង​ផ្អាកការធ្វើដំណើរទៅ​ក្រៅ​ប្រទេសជាដើម។ បំរាមនេះ​​អនុវត្តភ្លាមៗ​ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល​ចេញសារាចរមួយ​ស្តី​ពី​វិធានការ​ទប់​ស្កាត់​ការឆ្លង​រីករាល​ដាល​​នៃជំងឺ​កូវ១៩។

ការ​ផ្អាក​ធ្វើ​ដំណើរទៅ​ក្រៅ​ប្រទេស​នេះ មិនមែនហាម​​តែ​មន្ត្រីក្រសួង​ការបរទេស​ប៉ុណ្ណោះ​ទេ។ ដូចគ្នានេះ​ដែរ​ក្នុង​សារាចរ​របស់​​លោក ហ៊ុន សែន ​ចុះ​ថ្ងៃទី​១៥​មីនា ក៏​ហាម​ពលរដ្ឋ​ខ្មែរ​មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីបអឺរ៉ុប អាមេរិក​ និងអ៊ីរ៉ង់ ប្រសិន​បើពុំមានការចាំបាច់​ដែល​ខាន​មិនបាន។ ចំពោះមន្ត្រីរាជការ​និងពលរដ្ឋទាំងឡាយណា​ដែល​ទើប​វិល​ត្រឡប់​ពីប្រទេស​នៅ​អឺរ៉ុប អាមេរិក​ និងអ៊ីរ៉ង់ គឺ​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​រយៈ​ពេល​១៤​ថ្ងៃ គិតចាប់​ពី​ថ្ងៃ​ដែល​មក​ដល់​ទឹក​ដីកម្ពុជា។

ចំណែក ក្រសួងអប់រំ​នៅថ្ងៃចន្ទនេះ បានប្រកាសឲ្យ​សាលារៀន​ទូទាំង​ប្រទេស ​វ៉ាកងតូច​មុនកាលកំណត់​វិស្សមកាលមកដល់នៅដើមខែមេសា គឺបន្ថែមពី​លើ​បំរាម​លើក​មុន​ដែល​ឲ្យ​បិទ​សាលារៀន​តែនៅ​ក្រុង​សៀមរាប និង​ក្រុង​ភ្នំពេញដើម្បី​បង្កា​ការ​ឆ្លង​រាលដាល​នៃជំងឺកូវីដ១៩នេះ។ ការ​វ៉ាកងតូច​​នេះ គឺធ្វើ​ឡើង​ដោយ​មិនកំណត់​ពេល​រហូត​មាន​សេច​ក្តី​ជូន​ដំណឹងជាថ្មី។

លើសពីនេះទៀត​ រដ្ឋាភិបាល​កម្ពុជា​ក៏ប្រកាស​លុប​ចោល​ផងដែរ ការ​ជួប​ប្រជុំ​គ្នា​ប្រចាំ​ឆ្នាំ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ដែលគ្រោង​ធ្វើ​នៅថ្ងៃទី១​ខែ​មេសា និង​ជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល​និង​ក្រុម​កីឡាករ​ដែល​គ្រោង​ធ្វើ​នៅថ្ងៃទី៤​មេសាខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ