កូវីដ-១​៩៖ កម្ពុជា​កើន​ដល់​៣៣​ករណី ក្រោយ​រក​ឃើញ​ថ្មី​៩​ករណី

វីរុស​កូរ៉ូណា​ថ្មី ដែលកំពុង​បន្ត​រាត​ត្បាត​នៅ​តាម​បណ្ដា​ប្រទេស​នានាទូទាំង​ពិភពលោក។
វីរុស​កូរ៉ូណា​ថ្មី ដែលកំពុង​បន្ត​រាត​ត្បាត​នៅ​តាម​បណ្ដា​ប្រទេស​នានាទូទាំង​ពិភពលោក។ (Photo By BSIP/UIG Via Getty Images)

ក្រសួង​សុខាភិបាល​កម្ពុជា នៅ​យប់​ថ្ងៃ​អង្គារ​ទី​១៧​មីនា បាន​ប្រកាស​ពី​ការ​រក​ឃើញករណី​ថ្មី​នៃ​ជំងី​កូវីដ-១៩ ចំនួន៩​ករណី​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​រក​ឃើញ​នៅ​កម្ពុជា​កើន​ឡើង​ដល់​​ចំនួន​៣៣​ករណី​ហើយ​។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ​-១៩ ដែល​ទើប​តែ​រក​ឃើញ​ថ្មី​នេះ មាន​៦​នាក់ ជា​បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ដែល​ទើប​តែវិល​ត្រឡប់​មក​ចូល​រួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ចំណែក​៣​នាក់​ទៀត​ជាជន​ជាតិ​ម៉ាឡេស៊ី ដែលធ្វើ​ដំណើរ​មក​ពី​ប្រទេស​ម៉ាឡេស៊ី​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ក្រុម​ការងារ​ឆ្លើយ​តប​បន្ទាន់​និង​ក្រុម​គ្រូ​ពេទ្យ​ថ្នាក់​ជាតិ​ក៏​ដូច​ជា​ថ្នាក់​ក្រោម​ជាតិ កំពុង​បន្ត​តាម​ដាន​រក​អ្នក​ប៉ះពាល់​យ៉ាង​សកម្ម ជា​ពិសេស​អ្នក​ដែល​បាន​ទៅ​ចូល​រួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ពេល​កន្លង​មក​បន្ថែម​ទៀត​។

ក្នុង​ពេល​ដែល​ករណី​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា​បន្ត​កើន​ឡើង​យ៉ាង​គំហុក រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​ការ​ជួប​ជុំ​របស់​ពលរដ្ឋ​ ដោយ​បាន​បញ្ជា​ឲ្យផ្អាក​ការ​រៀបចំ​ពិធី​សាសនា​ បិទ​គ្រប់​សារមន្ទីរ ក្លិប​កម្សាន្ត KTV និង​រោង​ភាពយន្ត​នៅ​ទូទាំង​ប្រទេស​។ សេចក្ដី​សម្រេច​ចុង​ក្រោយ​នា​យប់​ថ្ងៃ​អង្គារ ទី​១៧​មីនា​នេះ រដ្ឋាភិបាល​កម្ពុជា​តម្រូវ​ឲ្យ​ផ្អាក​ផង​ដែរ ការ​រៀបចំ​ការ​ប្រគំ​តន្ត្រី​នានា​នៅ​តាម​ទី​សាធារណៈ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ស្ថានភាព​ជំងឺ​រាត​ត្បាត​កូវីដ-១៩ មាន​សភាព​ធូរ​ស្រាល​ឡើង​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI