ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កម្ពុជា៖ បំណុលគ្រួសារ ក្ដីបារម្ភបន្ទាប់ពីEBA និង Covid-19?

​ទង់ជាតិខ្មែរ
​ទង់ជាតិខ្មែរ RFI/Khmer

ប្រឈមនឹងបញ្ហា EBA និង Covid-19 សេដ្ឋកិច្ចកម្ពុជានឹងត្រូវរងផលប៉ះពាល់ ក៏ប៉ុន្តែ បន្ទាប់ពីបញ្ហាទាំងនេះ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុត គឺពាក់ព័ន្ធទៅនឹងបំណុលគ្រួសារ។

ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ចកម្ពុជា ត្រូវអ្នក​ជំនាញ វាយតម្លៃថា មិន​មានគ្រឹះរឹងមាំ ពោលគឺមានឡើង តាំងពីមិន​ទាន់មានបញ្ហា EBA និង Covid-19 ឯណោះ។ នេះក៏ដោយសារ កម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ចក្មេងខ្ចី ហើយត្រូវឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រដ៏សោកសង្រេងយ៉ាងច្រើន។ រហូតមកទល់នឹងពេលបច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជាបន្តពឹងផ្អែកខ្លាំងលើជំនួយបរទេស ការនាំចេញទៅកាន់ទីផ្សារធំ និងអ្នក​ផ្គត់ផ្គង់តែមួយ និងជាពិសេសគឺ កម្រិតជំនាញបច្ចេកទេសទាបរបស់កម្លាំងពលកម្មសកម្ម។ ​ប្រឈមជាមួយបញ្ហាបច្ចុប្បន្ន ពាក់ព័ន្ធទៅនឹងEBA និង Covid-19 របាយការណ៍មួយចំនួន បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាអាចនឹងត្រូវរងផលប៉ះពាល់ យ៉ាងហោចណាស់ ចំពោះក្រុមហ៊ុនរាប់រយ និងកម្មកររោងចក្ររាប់សិបម៉ឺននាក់។ ទោះយ៉ាងណា បន្ទាប់ពីបញ្ហាទាំងនេះ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុត គឺពាក់ព័ន្ធនឹងបំណុលគ្រួសារ។

អំឡុងវិបត្តិហិរញ្ញវត្ថុសកល នៅឆ្នាំ២០០៨ កម្មកររោងចក្រយ៉ាងច្រើន ត្រូវផ្អាកពីការងារ និងត្រូវ​ត្រលប់ទៅស្រុកកំណើត នៅតំបន់ជនបទ។ ស្ថិតិបង្ហាញថា អំឡុងពេលនោះ កំណើនប្រជាជន នៅក្នុងតំបន់ជនបទ បានកើនឡើងជាង១ភាគរយនៃប្រជាជនសរុប។ ដោយសារខ្វះប្រាក់ចំណូល គ្រួសារកម្ពុជាយ៉ាងច្រើន បានខ្ចីបំណុល ជាថ្នូរនឹងការលក់ដីធ្លី និងការបញ្ចូនសមាជិកគ្រួសារទៅធ្វើចំណាកស្រុក។ ក៏ប៉ុន្តែ ស្ថានភាពបច្ចុប្បន្នគឺខុសគ្នាទាំងស្រុងទៅនឹងឆ្នាំ២០០៨។

ក្នុងពេលបច្ចុប្បន្ន កម្ពុជាមានប្រជាជនជំពាក់បំណុលយ៉ាងតិច ២លាននាក់។ នេះមានន័យថា ប្រហែល២ភាគ៣នៃគ្រួសារកម្ពុជាជំពាក់បំណុល ប្រសិនបើម្នាក់ៗតំណាងមួយគ្រួសារ។ នៅឆ្នាំ២០១៨ សារព័ត៌មាន The Bloomberg បានដាក់ឈ្មោះប្រទេសកម្ពុជាថាជា ប្រជាជាតិនៃបំណុល។ កម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងចំណោមប្រទេសទាំង៥ លើពិភពលោក ដែលមានអត្រាខ្ពស់បំផុតនៃការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយកម្ពុជាតំណាងប្រហែល ១០ភាគរយនៃការវិនិយោគសរុបរបស់ពិភពលោក លើវិស័យមីក្រូហិរញ្ញវត្ថុ។ ការវិនិយោគភាគច្រើនមានប្រភពពីមូលធនបរទេស។

ក្រៅពីបំណុល គ្រួសារកម្ពុជាអាចដោះស្រាយវិបត្តិបណ្ដោះអាសន្ន ដោយការដោះដូរ​ដីធ្លីរបស់ពួកគេ។ ទោះជាយ៉ាងណា ស្ថិតិបង្ហាញថា កម្មសិទ្ធិដីធ្លីរបស់គ្រួសារក្រីក្របំផុតបានបន្តធ្លាក់ថយចុះ។ គិតត្រឹមដើមទសវត្សរ៍២០០០ ពលរដ្ឋក្រីក្របំផុតទាំង៤០ភាគរយនៃប្រជាជនសរុប មានកម្មសិទ្ធិដីធ្លី ៥,៤ ភាគរយប៉ុណ្ណោះនៃផ្ទៃដីសរុប ខណៈពលរដ្ឋមានចំណូលខ្ពស់ទាំង២០ភាគរយ កាន់ក្តាប់ដីធ្លីប្រមាណ៧០ភាគរយ រីឯ ពលរដ្ឋមានចំណូលខ្ពស់ទាំង១០ភាគរយ កាន់ក្តាប់ដីធ្លីប្រមាណ៦៤,៤ភាគរយ។ ផ្អែកតាមធនាគារពិភពលោក មានប្រហែល១៣ភាគរយនៃប្រជាជននៅតាមជនបទ ត្រូវគេប៉ាន់ស្មានថាគ្មានដីនៅឆ្នាំ១៩៩៧ ហើយចំនួនបានកើនឡើងដល់ ១៦ភាគរយ ក្នុងឆ្នាំ១៩៩៩ និង ២០ភាគរយ នៅឆ្នាំ ២០០៤។

គ្រួសារកម្ពុជា អាច​ជ្រើសរើសជម្រើសផ្សេងទៀត ដោយការបញ្ចូនសមាជិកគ្រួសាររបស់ខ្លួន ទៅធ្វើចំណាកស្រុក ដែលភាគច្រើនជាយុវជន និងមានជំនាញទាប។ ទោះយ៉ាងណា ប្រទេសកម្ពុជាមានពលរដ្ឋចំណាកស្រុកច្រើនរួចទៅហើយ។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ពលរដ្ឋចំណាកស្រុកកម្ពុជាទៅកាន់តែប្រទេសថៃ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ ត្រូវគេប៉ាន់ស្មានថា មានចំនួន ១,៥លាននាក់ ឬប្រហែល ១០ភាគរយនៃប្រជាជនកម្ពុជាសរុប។ តួលេខនេះមិនរាប់បញ្ចូល ប្រជាជនចំណាកស្រុកក្រៅផ្លូវការ និងគ្មានឯកសារផ្លូវការ។ កូរ៉េខាងត្បូងមានចំណាត់ថ្នាក់លេខ២ ហើយម៉ាឡេស៊ីមានចំណាត់ថ្នាក់លេខ៣។ ចំនួនដ៏ច្រើនបែបនេះ បង្ហាញថា កម្ពុជាទំនងមិនមានយុវជនច្រើនទៀតទេ ដើម្បីធ្វើចំណាកស្រុក។

អ្នកជំនាញឈានមុខមួយចំនួន លើវិស័យមីក្រូហិរញ្ញវត្ថុ បានបង្ហាញអំពីក្តីបារម្ភ ចំពោះការកើនឡើងបំណុលរបស់គ្រួសារកម្ពុជា ដែល​ទាក់ទងយ៉ាងជិតស្និទ្ធជាមួយ ការប្រាក់ខ្ពស់ បំណុលហួសលទ្ធភាពសង ការបាត់បង់ដីធ្លី និងចំណាកស្រុករបស់សមាជិកគ្រួសារ។ សេដ្ឋវិទូខ្លះ ធ្លាប់បានលើកឡើងអំពីលទ្ធភាពបរាជ័យនៃវិស័យមីក្រូហិរញ្ញវត្ថុ និងលទ្ធភាពបង្កអស្ថិរភាពដល់ប្រព័ន្ធសេដ្ឋកិច្ចទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI