កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩៖ ចំនួនអ្នកផ្ទុកកើនដល់៤៧ករណី ខណៈក្រសួងបានរកឃើញករណីចម្លងពីស្វាមីទៅភរិយា ជាលើកដំបូងនៅខេត្តបាត់ដំបង

វត្តមានកូវីដ១៩ កំពុងតែមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា (រូបភាពតំណាង)
វត្តមានកូវីដ១៩ កំពុងតែមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា (រូបភាពតំណាង) REUTERS - STRINGER

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២០ មីនានេះ ចំនួន​អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​៤៧​ករណី​ហើយ បន្ទាប់​ពី​យប់​មិញ​នេះ ក្រសួង​បាន​ធ្វើ​តេស្ត​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩​ថ្មី ចំនួន​១០​ករណី​បន្ថែម​ទៀត។ ក្នុង​ចំណោម​អ្នក​រក​ឃើញ​ទាំង​១០​នាក់​ថ្មី​នេះ ៤នាក់​គឺ​ជាជន​ជាតិ​ខ្មែរ​ឥស្លាម និង០៦​នាក់​ជា​ជន​ជាតិ​ម៉ាឡេស៊ី​។ អ្វីជា​ការ​កត់​សំគាល់ ក្នុង​ចំណោម​ជន​ជាតិ​ខ្មែរ​ឥស្លាម៤នាក់​ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ១៩នេះ គឺ​ពីរ​នាក់​ជា​ស្ត្រី​ដែល​ឆ្លង​មក​ពី​ស្វាមី​របស់​ខ្លួន​។

ផ្សាយពាណិជ្ជកម្ម

ស្ត្រី០២នាក់ដែលរកឃើញផ្ទុកវីរុសកូរ៉ូណាថ្មីនេះ រស់នៅក្នុងខេត្តបាត់បង ដែលម្នាក់គឺជាស្ត្រីអាយុ៣៥ឆ្នាំ និងម្នាក់ទៀតអាយុ៤១ឆ្នាំ។ ពួកគេ ត្រូវបានរកឃើញថា មានផ្ទុកជំងឺកូវីដ១៩បន្ទាប់ពីឆ្លងមកពីស្វាមីរបស់ខ្លួន ដែលមានផ្ទុកជំងឺកូវីដ១៩ បន្ទាប់ពីការធ្វើដំណើរត្រលប់មកពីចូលរួមពិធីបុណ្យសាសនាមួយនៅក្នុងប្រទេសម៉ាឡេស៊ី។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ចេញផ្សាយកាលពីយប់មិញនេះបានកត់សំគាល់ថា នេះគឺជាករណីដំបូងហើយ ដែលបានរកឃើញថា មានការចម្លងពីស្វាមីទៅភរិយា បន្ទាប់ពីករណីនៅខេត្តសៀមរាបដែលបុរសជនជាតិខ្មែរម្នាក់បានឆ្លងពីជនជាតិជប៉ុនដែលវិជ្ជមានកូវីដ១៩។ បច្ចុប្បន្នស្ត្រីទាំងពីរនាក់ កំពុងដាក់ឲ្យនៅព្យាបាលដាច់ដោយឡែក ក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។

គួរកត់សំគាល់ថា ស្ត្រីអាយុ៣៥ឆ្នាំដែលរកឃើញមានផ្ទុកកូវីដ១៩នេះ មានកូនស្រី០៤នាក់ ប៉ុន្តែលទ្ធផលធ្វើតេស្តអវិជ្ជមាន។ ចំណែកឯស្ត្រីអាយុ៤១ឆ្នាំ មានកូន០៣នាក់ ស្រី០២ ប្រុស០១ រួមនិងម្តាយក្មេកផង កំពុងត្រូវបានក្រុមគ្រូពេទ្យយកសំណាកវត្ថុវិភាគធ្វើតេស្តរកជំងឺកូវីដ១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ០១ករណីទៀតដែលកម្ពុជាទើបរកឃើញនេះ គឺជាបុរសជនជាតិខ្មែរឥស្លាមអាយុ៦០ឆ្នាំ រស់នៅក្នុងស្រុកស្អាង ខេត្តកណ្តាល និងម្នាក់ទៀត គឺជាបុរសជនជាតិខ្មែរឥស្លាមអាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត ប៉ុន្តែបានឡើងមកធ្វើការងារសាសនានិងស្នាក់នៅព្រះវិហារឥស្លាម ស្ថិតនៅក្នុងឃុំព្រែកប្រា សង្កាត់ច្បារអំពៅ១ រាជធានីភ្នំពេញ។ បច្ចុប្បន្នពួកគេទាំង០២នាក់ កំពុងដាក់ឲ្យស្ថិតនៅក្រោមការព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែក្រោម។ សូមបញ្ជាក់ថា​ បុរសទាំង០២រូបនេះ គឺជាអ្នកក្នុងចំណោម៧៩នាក់ ដែលបានវិលត្រលប់មកពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ ចំណែក០៦ករណីទៀតដែលកម្ពុជាទើបរកឃើញដែរនោះ គឺជាបុរសជនជាតិម៉ាឡេស៊ីដែលមានអាយុចន្លោះពី២៦ដល់៦២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ ពួកគេទាំង០៦នាក់នេះ ធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី គឺជាអ្នកធ្វើការងារសាសនានៅតាមភូមិ ឃុំ នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ២០ មីនានេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ សរុបចំនួន ៤៧ករណីហើយ ក្នុងនោះមានស្ត្រីចំនួន០៤នាក់ និងប្រុសចំនួន៤៣នាក់។ ក្នុងចំណោមអ្នកដែលរកឃើញផ្ទុកច្រើនជាងគេគឺបុរសជនជាតិម៉ាឡេស៊ីមានចំនួន១១នាក់ និងបុរសជនជាតិខ្មែរនិងខ្មែរឥស្លាមចំនួន២៨នាក់ ដែល២៣នាក់ទើបធ្វើដំណើរវិលត្រលប់មកពីធ្វើពិធីបុណ្យសាសនានៅក្នុងប្រទេសម៉ាឡេស៊ី និងស្ត្រី០២នាក់ ដែលបានឆ្លងពីស្វាមីរបស់ខ្លួន។ ក្រៅពីនេះ មានជនជាតិចិន០១នាក់នៅខេត្តព្រះសីហនុត្រូវបានព្យាបាលជាសះស្បើយ អង់គ្លេស០៣នាក់នៅខេត្តកំពង់ចាម កាណាដា០១នាក់ ប៊ែលហ្ស៊ិក០១នាក់ និងបារាំង០២នាក់ឳពុកនិងកូន ដែលកំពុងសម្រាកព្យាបាលនៅភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI