អានតួអត្ថបទ
ច្បាប់-កូរ៉ូណាវីរុស

ការរាលដាលកូវីដ-១៩៖ តុលាការសម្រេចលើកពេលសវនាការលោកកឹម សុខា ដោយគ្មានការកំណត់

លោក កឹម សុខា
លោក កឹម សុខា © REUTERS
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

តុលា​ការ​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​សម្រេច​លើក​ពេល​សវនាការ​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដោយ​គ្មាន​ការ​កំណត់​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​ពី​សំណាក់​តុលាការ​។ ការ​សម្រេច​លើក​ពេល​សវនាការ​នេះ គឺ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ ដែល​កំពុង​តែ​វាយ​លុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

ការសម្រេចលើកពេលសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញនេះ ធ្វើឡើងទៅតាមការស្នើសុំរបស់ក្រុមមេធាវីលោកកឹម សុខា និងក្រុមមេធាវីតំណាងឱ្យរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃចន្ទ។ ក្រុមមេធាវីលោកកឹម សុខា បានអះអាងនៅក្នុងពាក្យស្នើសុំទៅកាន់តុលាការថា ការស្នើសុំលើកពេលសវនាការទៅថ្ងៃក្រោយនេះ គឺដើម្បីសុវត្ថិភាព និង សុខភាពសម្រាប់ទាំងអស់គ្នានៅក្នុងបន្ទប់សវនាការពាក់ព័ន្ធនឹងជំងឺរាត្បាតកូវីដ-១៩។

ចំណែក ក្រុមមេធាវីតំណាងឱ្យរដ្ឋាភិបាលកម្ពុជាវិញក៏បានលើកឡើងពីហេតុផលដូចគ្នានេះដែរ។  លោកលី ច័ន្ទតុលា សហមេធាវីម្នាក់តំណាងឱ្យរដ្ឋាភិបាលកម្ពុជាបានពន្យល់ថា បន្ទប់សវនាការមានលក្ខណៈតូចចង្អៀត មិនអាចអង្គុយឆ្លាយពីគ្នាក្នុងគម្លាតសុវត្ថិភាពបានឡើយ។ ម្យ៉ាងវិញទៀត មានភ្ញៀវជនបរ​ទេសដែលតែងតែចូលទៅស្តាប់សវនាការដែលទាមទារឱ្យមានអ្នកបកប្រែ ហើយការនៅកៀកគ្នានៃជនបរ​ទេស និង អ្នកបកប្រែនេះ គឺងាយនឹងឆ្លងជំងឺកូវីដ-១៩នេះណាស់។ បើតាមលោកលី ច័ន្ទតុលា ការសម្រេច​លើកពេលសវនាការនេះ តិច ឫច្រើន គឺវានឹងប៉ះពាល់ដល់ដំណើរការសវនាការលើសំណុំរឿងលោកកឹម សុខា ប៉ុន្តែលោកអះអាងថា វាគ្មានជម្រើសណាមួយដែលល្អជាងនេះនោះទេ។

លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិកំពុងត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញដំណើរការសវនាការនៅក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ លោកកឹម សុខា តែងតែច្រានចោលការចោទប្រកាន់នេះ និងបានស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើរូបលោក។ សវនាការលោកកឹម សុខា ទើបឈានចូលការសួរវែកញែកពីការបង្កើត និង ដំណើរការគណបក្សសង្រ្គោះជាតិមុនតុលាការកំពូលកម្ពុជារំលាយចោលកាលពីឆ្នាំ២០១៧កន្លងទៅ។

កាលពីថ្ងៃចន្ទ ទោះបីស្ថិតក្នុងដំណើការរបស់តុលាការក៏ដោយ ប៉ុន្តែលោកកឹម សុខា បានឆ្លៀតចេញសារតាមហ្វេសប៊ុកឱ្យប្រជាពលរដ្ឋរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកកឹម សុខា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និង ក្រៅប្រទេស ចូលរួមសាមគ្គីជាតិ ឯកភាពជាតិ និង ផ្តល់អាទិភាពយកចិត្តទុកដាក់ខ្ពស់ចំពោះជំងឺកូវីដ-១៩នេះ និង ចូលរួមចែករំលែកជួយគ្នាទៅវិញទៅមក ជួយសង្គម និងជួយប្រទេសជាតិ តាមស្មារតី និងតាមលទ្ធភាពក្នុងស្ថានភាពពេលនេះ។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យពលរដ្ឋថែរក្សាការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ហើយ កុំបំភ្លៃ កុំបំប៉ោងពត៌មាន និង កុំលាក់បាំងព័ត៌មានពិត និង កុំប្រកាន់និន្នាការនយោបាយ និងកុំរើសអើងគ្នាឲ្យសោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ