កម្ពុជា សង្គម

រដ្ឋមន្ត្រីថ្មីទាំង៤ជាអ្នកនរណា?

រដ្ឋមន្ត្រីថ្មីទាំង៤ជាអ្នកនរណា?
រដ្ឋមន្ត្រីថ្មីទាំង៤ជាអ្នកនរណា? © សហការី

ការ​ផ្លាស់​ប្តូរ​រដ្ឋ​មន្ត្រី​ថ្មី៤​រូប កាល​ពី​ថ្ងៃទី​៣០ ខែមីនា ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន អះអាង​ថា​ធ្វើ​ឡើង​ដោយ​សារ​តែ​រដ្ឋ​មន្ត្រី​តាម​ក្រសួង​ទាំង​នោះ​មាន​អាយុ​ច្រើន ហើយ​ក្រសួង​ទាំង​នោះ​ត្រូវ​ធ្វើ​ការ​កែ​ទម្រង់​។ ក្រសួង ដែល​មាន​រដ្ឋ​មន្ត្រី​ទើប​តែង​តាំង​ថ្មី រួម​មាន​ក្រសួង​យុត្តិ​ធម៌ ក្រសួង​ប្រៃ​សណីយ៍ ក្រសួង​មុខ​ងារ​សាធារណៈ និង​ក្រសួង​ធម្មការ និង​សាសនា​។ តើ​រដ្ឋ​មន្ត្រី​ថ្មី​ទាំង​៤​ជា​អ្នក​ណា​?

ផ្សាយពាណិជ្ជកម្ម

លោក កើត រិទ្ធ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា។ លោកកើត រិទ្ធ កើតឆ្នាំ១៩៧៩ ជាអ្នកខេត្តកំពង់ចាម និងបានសិក្សានៅសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅឆ្នាំ១៩៩៩ ហើយទទួលបានអាហារូបករណ៍បរិញ្ញាបត្រ និងអនុបណ្ឌិត បន្តការសិក្សានៅ សាកលវិទ្យាល័យល្បីៗក្នុងប្រទេសបារាំង។

បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសបារាំងលោកក៏មកកម្ពុជាវិញ ដែលចុងក្រោយបំផុតលោកត្រូវបានតាំងតែងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។ លោកក៏ជាសមាជិករបស់គណៈមេធាវីកម្ពុជា និងជាសាស្ត្រចារ្យច្បាប់។ តាមរយៈគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា លោកកើត រិទ្ធ ក៏សមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សកាន់អំណាចមួយនេះផងដែរ។

លោក ជា វ៉ាន់ដេត កើតឆ្នាំ១៩៧១ ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៊ីវតឹក។ កាលពីឆ្នាំ២០១៧ លោកគឺជាតំណាងរាស្ត្រមណ្ឌលតាកែវ ជំនួសលោក សុខ អាន។ លោកក៏ជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក(គណៈកម្មការទី ៣) នៃរដ្ឋសភា និងជាស្ថាបនិកសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលបង្កើតឡើងនៅឆ្នាំ២០១៣។ ប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឲ្យដឹងថា លោកជា វ៉ាន់ដេត បានចូលរួមចំណែកបណ្តុះធនធានមនុស្ស ដែលជាការងារសំខាន់មួយ​ ហើយការធ្វើការងារជាមួយលោកជា វ៉ាន់ដេត មិនមានមន្ត្រីណាអាក់អនចិត្តជាមួយលោកឡើយ។

លោក ព្រុំ សុខា ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​ជំនួស​លោក ពេជ្រ ប៊ុនធិន។ លោក ព្រុំ សុខា កើតនៅឆ្នាំ១៩៥៤ ជាអ្នកខេត្តព្រៃវែង លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈពីសាកលវីទ្យាល័យជាតិសិង្ហបុរី។ លោកបានបំពេញការងារជាច្រើននៅក្រសួងមហាផ្ទៃ។

លោកព្រុំ សុខា មានតួនាទីជារដ្ឋលេខាធិការពីឆ្នាំ១៩៩៨ រហូតមកដល់ឆ្នាំ២០១៩ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។ មន្ត្រីដែលជិតស្និទ្ធនឹងលោក ព្រុំ សុខា បានលើកឡើងថា លោកគឺជាមនុស្ស ដែលមានការអធ្យាស្រ័យខ្ពស់ ផ្តល់ឱកាសដល់អ្នក ដែលនៅក្រោមបង្គាប់។

លោក ឈិត សុខុន ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា​ជំនួស​លោក ហ៊ឹម ឆែម​។ បន្ទាប់ពីចប់តំណែងជាអភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន គឺត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងបន្ទាប់មកជារដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឆ្នាំ២០១៦។ លោកក៏ធ្លាប់ធ្វើជាអភិបាលរងខេត្តកំពង់ចាមផងដែរ៕

សូមជម្រាបជូនថា ការកែសម្រួល និងតែងតាំងសមាសសភាពរដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី សរុបចំនួន១០រូប ដែលក្នុងនោះមានរដ្ឋមន្ត្រីថ្មី៤រូប ត្រូវបានសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តកាលពីថ្ងៃទី៣០ ខែមីនា ហើយក្នុងថ្ងៃដដែលនោះ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI