កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩៖មនុស្សជិត៣០នាក់ត្រូវបានឃាត់និងឃុំខ្លួនក្រោមយុទ្ធនាការបង្ក្រាបព័ត៌មានក្លែងក្លាយនិងលក់ឧបករណ៍ក្លែងក្លាយ

ការឃាត់ខ្លួនដោយសារទង្វើខុសច្បាប់ (រូបតំណាង)
ការឃាត់ខ្លួនដោយសារទង្វើខុសច្បាប់ (រូបតំណាង) © Internet

ខណៈដែលករណីឆ្លងជំងឺកូវីដ១៩ បន្តកើនឡើងនៅកម្ពុជា សមត្ថកិច្ចក៏បានបើកយុទ្ធនាការ​បង្ក្រាបព័ត៌មាន​ក្លែងក្លាយ​និងការ​លក់ឧបករណ៍ក្លែងក្លាយដើម្បី​ធ្វើ​តេស្ត​រក​ជំងឺនេះដែរ។​ គិត​ត្រឹម​ថ្ងៃ​ទី៣០​មីនា គឺមាន​មនុស្សយ៉ាង​ហោច​ណាស់​​ជិត​៣០​នាក់​ត្រូវបានឃាត់ខ្លួន និង​បន្តឃុំ​ខ្លួន​ ​បន្ទាប់ពីអ្នក​ទាំង​នោះ​ត្រូវបានសមត្ថកិច្ច​ចោទប្រកាន់ពីការចែករំលែក «ព័ត៌មានមិនពិត»និង​លក់​ឧបករណ៍«ក្លែង​ក្លាយ​​»ធ្វើតេស្ត​រក​មេរោគ​កូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

បើតាមអង្គការលីកាដូ គិតត្រឹម​ថ្ងៃទី២៣មីនា ខ្លួន​បាន​ចង​ក្រង​ទិន្នន័យ​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​យុទ្ធការ​បង្ក្រាប​ព័ត៌មាន​ក្លែង​ក្លាយ​នោះ​ចំនួន១៦​ករណី ភាគច្រើ​នៅខេត្តសៀមរាប​ និង​ភ្នំពេញ។ ក្នុង​ចំណោម​នោះគឺមានមនុស្សយ៉ាងតិច៦​នាក់​ត្រូវបាន​ឃុំ​ខ្លួនរងចាំសវនាការ ខណៈយ៉ាងតិច១០​នាក់ទៀត​​​គ្រាន់​តែ​ហៅទៅព្រមាន​និងធ្វើ​ការអប់រំ។

តែ​បើតាម​អ្នកនាំពាក្យ​អគ្គ​ស្នង​ការ​នគរបាលជាតិជាតិវិញ គ្រាន់​តែ​រយៈពេល​​ពីរថ្ងៃ​ប៉ុណ្ណោះ ពោលនៅចុង​ខែនេះ គឺមានមនុស្ស​យ៉ាងតិច១៣នាក់ ក្នុងនោះមានជនបរទេស៥ និងខ្មែរ៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការផលិត និងលក់ឧបករណ៍ក្លែងក្លាយ សម្រាប់ធ្វើតេស្ត និងការពារមេរោគកូវីដ១៩។

ប៉ុន្តែក្នុងចំណោមមនុស្សទាំង១៣នាក់នោះ គឺមាន៤នាក់ជាអ្នកលក់អនឡាញ ត្រូវបានសមត្ថកិច្ចធ្វើ​ការ​អប់រំ ហើយអនុញ្ញាតឲ្យទៅផ្ទះវិញ និង៩នាក់ទៀត​កំពុងស្ថិតនៅក្នុងនីតិវិធីរបស់សមត្ថកិច្ច។ ជាមួយ​គ្នា​នោះ​ឧបករណ៍​ដែល​សមត្ថកិច្ចរឹបអូសបាន គឺមានម្ជុលតេស្តឈាម២១ដើម ឧបករណ៍តេស្តបន្ទាន់១៣កេស នៅភ្នំពេញ និង៤៨កញ្ចប់ នៅព្រះសីហនុ សំលៀកបំពាក់៤០០​សម្រាប់​ និង​ម៉ាសក្លែងក្លាយ១៩១៥០០ម៉ាស។

ជាការ​កត់សំគាល់ យុទ្ធការ​បង្ក្រាប​ព័ត៌មាន​ក្លែងក្លាយ​និង​លក់ឧបករណ៍ក្លែងក្លាយប្រឆាំង​កូវីដ១៩នេះ​ធ្វើ​ឡើង​ទៅតាម​បញ្ជា​របស់​​ប្រមុខ​រដ្ឋាភិបាល បន្ទាប់ពីក្រសួង​សុខាភិបាល​បាន​អំពាវ​នាវ​​ដល់​ប្រជាពលរដ្ឋ​កុំឲ្យ​ប្រើ​ប្រាស់​ឧបករណ៍ឈ្មោះ« Rapid Test       »ដើម្បី​ធ្វើ​តេស្ត​រហ័ស​រកវីរ៉ុសកូវីដ១៩ដោយ​ខ្លួន​ឯង​ឲ្យសោះ។ ការ​អំពាវនាវនេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​ប្រភេទ​នេះ​ត្រូវបាន​គេ​ផលិត​ជាច្រើន​ដើម្បីដាក់​លក់​នៅលើ​ទី​ផ្សារ ដែល​ក្រសួង​ចាត់​ទុកថា ឧបករណ៍នេះ​អាចធ្វើ​ឲ្យ​លទ្ធផល​តេស្ត​ខុសពីការពិត​ដែល​មានន័យថា អ្នកមិន​មាន​កូវីដ១៩​ទាល់តែសោះ បែរជាលទ្ធផលតេស្តចេញវិជ្ជមាន ហើយអ្នក​ដែល​ឆ្លង​កូវីដ១៩​បែរ​ជាតេស្ត​ចេញអវិជ្ជមានទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI