កម្ពុជា កូរ៉ូណាវីរុស

លោក ហ៊ុន សែន ស្នើព្រឹទ្ធសភាកោះប្រជុំវិសមញ្ញ ដើម្បីអនុម័តសេចក្តី​ព្រាងច្បាប់​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB

ប្រមុខ​រដ្ឋាភិបាល កាល​ពីម្សិលមិញ បាន​ស្នើ​ឲ្យ​ព្រឹទ្ធសភា​កោះ​ប្រជុំ​វិសមញ្ញ​ឬ​ជា​បន្ទាន់​ដើម្បី​អនុម័ត​លើ​សេច​ក្តី​ព្រាង​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន បន្ទាប់​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​រដ្ឋ​មន្ត្រី​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពិនិត្យ​រួច​នៅ​ក្នុង​សប្តាហ៍​នេះ​។ ការ​ដែល​កម្ពុជា​ត្រូវ​ការ​ច្បាប់​ថ្មី​នេះ​ជា​បន្ទាន់​គឺ​នៅ​គ្រា​ដែល​កម្ពុជា​កំពុង​កើត​មាន​ករណី​ឆ្លង​រាលដាល​ជំងឺ​កូវី​១៩​ដូច​ប្រទេស​នានា​លើ​ពិភព​លោក​ដែរ​។

ផ្សាយពាណិជ្ជកម្ម

«រាជ​រដ្ឋាភិបាល​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ច្បាប់​ស្តីពី ការ​ដាក់​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន ជា​ការ​ប្រញាប់​ដើម្បី​អនុវត្ត​កម្ម​វិធី​នយោបាយ​របស់​ខ្លួន​»។ នេះ​ជា​ការ​គូស​បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​៣​មេសា​ដាក់​ទៅ​កាន់​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​។ ការ​ដែល​រដ្ឋាភិបាល​ស្នើ​ឲ្យ​ព្រឹទ្ធសភា​កោះ​ប្រជុំ​ជា​វិសមញ្ញ​នៅ​ពេល​នេះ​ដោយ​សារ​តែ​អំឡុង​ពេល​នេះ​គឺ​ជា​ពេល​វិស្សកាល​របស់​ព្រឹទ្ធសភា​។

ចំណែក​រដ្ឋ​សភា​វិញ បាន​ទទួល​សេចក្តី​ព្រាង​ច្បាប់​នេះ​រួច​ហើយ ​តែ​នៅ​មិន​ទាន់​កំណត់​ពេល​កោះ​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​ដើម្បី​អនុម័ត​សេច​ក្តីព្រាង​ច្បាប់​នេះ​នៅ​ថ្ងៃ​ណា​ឡើយ​។ នេះ​បើ​តាម​អគ្គលេខាធិការ​រដ្ឋសភា​លោក ឡេង ប៉េងឡុង ដែលប្រាប់វិទ្យុបារាំងនៅព្រឹកថ្ងៃទី៤មេសានេះ។

យ៉ាង​ណាក៏​ដោយ អ្នក​ច្បាប់​មួយ​ចំនួន​ចង់​ឲ្យ​មាន​ការ​ពិភាក្សា​បន្ថែម​ទៀត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​មុន​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​សភាទាំង​ពីរ​ថ្នាក់​។ លោក សុខ សំអឿន អ្នក​ច្បាប់​ម្នាក់​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ​ការ​ដាក់​ពិន័យ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ ហាក់​ធ្ងន់ធ្ងរ​ពេក ដោយ​គ្រាន់​តែ​ល្មើស​ចេញ​ពី​ផ្ទះ ​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី១ខែ​ទៅ​១​ឆ្នាំ។ បើ​តាម​អ្នក​ច្បាប់​ជើង​ចាស់​រូប​នេះ ការ​ចែង​ពី​ទោស​ពិន័យ គួរ​ធ្វើ​ឡើង​ដោយ​មិន​មាន​កម្រិត​ទោស​អប្បរមា​នោះ​ទេ​។

សូម​បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី «ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន» ដែល​មាន​៥​ជំពូក​ និង​១១​មាត្រា ត្រូវ​បាន​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋ​មន្ត្រី​កម្ពុជា​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពិនិត្យ​រួច​រាល់​ហើយ កាល​ពីថ្ងៃទី ៣១ មីនា ដោយ​ពុំចាំ​បាច់​ឆ្លង​កាត់​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍នេះ​ទេ​។​

អ្វី​ជា​ការ​កត់​សំគាល់ បើ​ផ្អែក​តាម​ខ្លឹម​សារ​នៃ​សេច​ក្តីព្រាង​ច្បាប់​នេះ នឹង​ដាក់​ពិន័យ​ធ្ងន់ធ្ងរ​ដល់​ជន​ណា​ដែល​រារាំង​កិច្ច​ប្រតិបត្តិការ​ពេល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ដែល​នាំ​ឲ្យ​មាន​ចលាចល​ជា​សាធារណៈ ឬ​ប៉ះពាល់​ដល់​សន្តិ​សុខ​ជាតិ​ ដោយ​ត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ​ពី៥ឆ្នាំ​ទៅ​១០ឆ្នាំ​។ ចំណែក​ឯ​អ្នក​ដែល​មិន​គោរពតាម​វិធានការ​ក្នុង​ពេល​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​វិញ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី១​ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី១០​ម៉ឺន​រៀល​ដល់​១លាន​រៀល និង​ដាក់​ពន្ធនាគារ​ពី១​ឆ្នាំ​ទៅ៥ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​១លានទៅ​៥​លាន​រៀល កាល​បើ​អំពើ​នោះ នាំ​ឲ្យ​មាន​ចលាចល​ជា​សាធារណៈ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI