កូវីដ១៩៖ ចាងហ្វាងTVFB ត្រូវប៉ូលីសចាប់ខ្លួន និងបញ្ជូនទៅតុលាការរឿងបទញុះញង់
ចុះផ្សាយនៅថ្ងៃ៖
ស្នងការប៉ូលីសរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅមុននេះបន្តិចថា លោក សុវណ្ណ រិទ្ធី ដែលជានាយកនៃការផ្សាយ TVFB ត្រូវបានសមត្ថកិច្ចត្រៀមបញ្ជូនទៅតុលាការ ពីបទសង្ស័យថាបានញុះញង់ឲ្យមានចលាចលក្នុងសង្គម។ លោក សុវណ្ណ រិទ្ធី ដែលល្បីល្បាញខាងផ្សាយបន្តផ្ទាល់ពីហេតុការណ៍ផ្សេងៗ តាមហ្វេសប៊ុក ហើយមានអ្នកចូលមើលច្រើននោះ ត្រូវបានសមត្ថកិច្ចប៉ូលីសចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីបានចុះផ្សាយព័ត៌មាន ដែលសមត្ថកិច្ចយល់ថាជាព័ត៌មានញុះញង់ឲ្យមានចលាចល តែមិនបានលម្អិតច្បាស់ថាជាព័ត៌មានអ្វីពិតប្រាកដនោះទេ។ ក៏ប៉ុន្តែ តាមបណ្តាញហ្វេសប៊ុកនានា ត្រូវបានគេដឹងថាលោក សុវណ្ណ រិទ្ធី បានបង្ហោះសារទំនងឌឺដង នូវអ្វីដែលជាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញជុំវិញបញ្ហាកូវីដ១៩។
ពាក់ព័ន្ធនឹងការចាប់ខ្លួន លោក សុវណ្ណរិទ្ធី នៅពេលនេះ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសារព័ត៌មាន Cambodja បានលើកឡើងដែរថា គេគួរតែលើកយកច្បាប់ស្តីពីរបបសារព័ត៌មានយកមកអនុវត្ត។ តាមលោក ណុប វី អ្នកដែលរងការខូចខាតដោយសារតែការផ្សាយរបស់លោក សុវណ្ណ រិទ្ធី គួរតែធ្វើលិខិតសុំបំភ្លឺ ដាក់ទៅនិពន្ធនិយកដើម្បីឲ្យគាត់ធ្វើការកែតម្រូវស្របទៅតាមខ្លឹមសារច្បាប់ស្តីពីរបបសារព័ត៌មាន។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ