កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩៖ គ.ជ.ប សម្រេចពន្យារពេលការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតថ្មី២០២០

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប © គ.ជ.ប

ការ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ បាន​បង្ខំ​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប សម្រេច​ពន្យា​ពេល​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​ឆ្នាំ​២០​២០​នេះ​។ តាម​គម្រោង ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ០១ ខែ​ឧសភា ប៉ុន្តែ​ត្រូវ​លើក​ពេល​ទៅ​ធ្វើ​នៅថ្ងៃទី ០១ ខែតុលា ខាង​មុខ​នេះ​វិញ​។

ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ការសម្រេចពន្យាពេលនេះ គឺដោយសារតែ គ.ជ.ប បានពិនិត្យឃើញថា ស្ថានការណ៍បច្ចុប្បន្ននៃការរីករាលដាលជាសកលនៃមេរោគកូរ៉ូណា ឬ កូវីដ១៩ នៅតែជាក្តីបារម្ភសម្រាប់ប្រជាជាតិទូទាំងពិភពលោក។ ជាពិសេស គឺដើម្បីចូលរួមទប់ស្កាត់ និងបង្ការការចម្លងមេរោគ កូរ៉ូណា ឬកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី ០៧ មេសានេះ។

តាមគម្រោង ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី នឹងត្រូវធ្វើឡើងនៅថ្ងៃទី ០១ ខែឧសភា (ឆ្នាំដែលមិនមានការបោះឆ្នោត) ក៏ប៉ុន្តែត្រូវបានពន្យាពេលទៅធ្វើនៅថ្ងៃទី ០១ ខែតុលា ដល់ថ្ងៃទី ៣១ ធ្នូ ខាងមុខនេះវិញ។

សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង់ ពុទ្ធា បានថ្លែងថា ការពន្យាពេលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីនេះ នឹងមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០២៣នោះទេ។ ចំណែកលោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា និចហ្វិច បានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។ យ៉ាងណាក្តី អ្នកឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជារូបនេះ បានកត់សំគាល់ថា បើទោះបីជា គ.ជ.ប មិនលើកពេលក្តី ក៏ប្រជាពលរដ្ឋនឹងមិនចេញទៅចុះឈ្មោះបោះឆ្នោត នៅក្នុងកំឡុងពេលនេះដែរ។

តាមគម្រោង គ.ជ.ប នឹងធ្វើការចុះឈ្មោះបោះឆ្នោតថ្មីចំនួន ២៨៤៤៥០នាក់ សម្រាប់អ្នកដែលគ្រប់អាយុចាប់ពី១៨ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២០ ឬសម្រាប់អ្នកដែលកើតមុន ឬកើតត្រឹមថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៣។ យោងតាមតារាងលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៩ មានចំនួន ៨ ៦២៩ ៣៥៧ នាក់ ស្មើនឹង ៨៤.៧៨% នៃចំនួនប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុ១៨ឆ្នាំឡើងទៅ ចំនួន ១០លាន១៧៨ ៨០៩នាក់។ ចំនួននេះ គឺកើនលើសពីបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨ ដែលមានចំនួន ៨ ៥៤៤ ៨៨៥ នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI