កម្ពុជា-កូវីដ១៩

កូវីដ​១៩៖ កម្ពុជា​ដាក់​កំហិតលើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​រយៈ​ពេល​៧​ថ្ងៃ

Staunch Beijing ally Hun Sen has been criticised for insisting Cambodians should stay put in locked-down Wuhan city
Staunch Beijing ally Hun Sen has been criticised for insisting Cambodians should stay put in locked-down Wuhan city AFP/File

រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ដើម្បី​បង្ការ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩នៅ​កម្ពុជា​។ សេចក្ដី​សម្រេច​នេះ ធ្វើ​ឡើង​តាម​រយៈ​បទ​បញ្ជា​​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​០៩​មេសា​​។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន ពន្យល់​ថា ដើម្បីសុវត្ថិភាព​របស់​ជាតិ​និង​ប្រជាជន លោក​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ដាក់​ចេញ​នូវ​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នេះ​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

ការ​ដាក់​កំហិតលើ​ការ​ធ្វើ​ដំណើរ​នៅ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា ចាប់​មាន​សុពលភាព​ពី​ពាក់​កណ្ដាល​អាធ្រាត​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​ខែ​មេសា​ រហូត​ដល់​​ពាក់​កណ្ដាល​អាធ្រាត​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​មេសា​សប្ដាហ៍​ក្រោយ​។ បើ​តាម​បទ​បញ្ជា​របស់​រដ្ឋាភិបាល ​ការ​ធ្វើ​ដំណើរ​នៅ​ផ្ទៃ​ក្នុង​ប្រទេស​ដែល​ហាម​ឃាត់ រួម​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចេញ​ចូល​រាជធានី ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ការ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​។ រដ្ឋាភិបាលគូស​បញ្ជាក់​​ថា ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​កាលៈទេសៈ​ពិសេស​នា​ពេល​បច្ចុប្បន្ន ដើម្បី​មិន​ឲ្យ​ជំងឺ​នេះ​រាល​ដាល​ឈាន​ចេញ​ពី​ដំណាក់​កាល​នាំ​ចូល​ជំងឺពីប្រភព​ខាង​ក្រៅ ទៅ​ជា​ការ​ឆ្លង​រាល​ដាលនៅ​ក្នុង​សហគមន៍​។

សូម​ជម្រាប​ជូន​ថា បទ​បញ្ជា​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​នេះ សំដៅ​ដល់​ការ​ធ្វើ​ចរាចរណ៍​​​របស់​ប្រជាពលរដ្ឋ​ទូទៅ ​លើក​លែង​តែ​ចំពោះ​ករណី​បន្ទាន់​ត្រូវ​​ធ្វើ​ដំណើរ​ទៅ​​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​បំផុតដោយ​ដាក់​កម្រិត​ត្រឹម​មនុស្ស​៤​នាក់​។ ការ​លើក​លែង​ក៏​មាន​ផង​ដែរ​ចំពោះការ​ដឹក​ជញ្ជូនទំនិញ​​គ្រប់​ប្រភេទ ​ព្រម​ទាំង​រថយន្ត​និង​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​មន្ដ្រី​រាជការ​ក៏​ដូច​ជា​កង​កម្លាំង​ប្រដាប់​អាវុធ ក្នុង​គោលដៅ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​។ ចំណែកការ​ធ្វើ​ចរាចរណ៍​របស់​​រថយន្ត​បម្រើ​សេវា​សាធារណៈ​ចាំ​បាច់ ដូច​ជារថយន្ត​សង្គ្រោះ​បន្ទាន់ រថយន្ត​ពន្លត់​អគ្គីភ័យ រថយន្ត​ដឹក​សម្រាម និង​រថយន្ត​ដឹក​កម្មករ​ទៅ​ធ្វើ​ការ ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​តាម​ធម្មតា​។

ជា​ការ​​កត់​សម្គាល់ បទ​បញ្ជា​របស់រដ្ឋាភិបាល​កម្ពុជា​នា​ពេល​នេះ ធ្លាក់​មក​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះមុន​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៣​ខែ​មេសា​។ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន ជា​ពិសេស​អ្នក​រស់​​នៅ​រាជធានី​ភ្នំពេញ កំពុង​តែ​ត្រៀម​ខ្លួន​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ដើម្បីជួបជុំ​ក្រុម​គ្រួសារ បើ​ទោះ​បី​ជា​ឆ្នាំ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ប្រកាស​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ខ្មែរ​រួច​ទៅ​ហើយ​ក៏​ដោយ​។

ទាក់ទង​ទៅ​នឹង​ការ​ដាក់​បម្រាម​របស់​រដ្ឋាភិបាល​នេះ លោក​បណ្ឌិត មាស នី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​មើល​ឃើញ​ថា រដ្ឋាភិបាល​ទំនង​ជា​មាន​ភាព​ស្មុគស្មាញ ពិបាក​នឹង​ទប់ទល់​នឹង​កម្លាំង​ដ៏​ច្រើន​លើស​លុប ដោយ​សារ​តែ​កម្មករ​បាន​ព្យាយាម​ត្រឡប់​ទៅ​ស្រុក​កំណើត​ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ តាម​លោក​បណ្ឌិត មាស នី រដ្ឋាភិបាល​ហាក់​ដូច​ជា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​លំហូរ​មនុស្ស​ដ៏​ធំ ដែល​នេះ​ជា​ជម្រើស​ដ៏​ចង្អៀត​របស់​រដ្ឋាភិបាល​។ ចំណែក​ការ​អនុញ្ញាត​ឲ្យ​កម្មករ​នៅ​បន្ត​ធ្វើ​ការ​ក៏​ជា​ការ​ប្រឈម​ផង​ដែរ​។ សូម​ស្ដាប់​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត មាស នី​៖

 

ប្រសាសន៍លោក​បណ្ឌិត មាស នី ចំពោះ​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​រដ្ឋាភិបាល​កម្ពុជា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI