កម្ពុជា-កូវីដ១៩

កូវីដ១៩៖ WHO ប្រាប់​​ពលរដ្ឋ​ខ្មែរឲ្យ​​ចៀសវាង​ការ​ជួបជុំ​​ពេល​ចូល​ឆ្នាំថ្មី

គោម​ផ្កាយ​សម្រាប់​ព្យួរ​អបអរ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដាក់​លក់​នៅ​តាម​ទីផ្សារ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ពេល​កន្លង​មក​។
គោម​ផ្កាយ​សម្រាប់​ព្យួរ​អបអរ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដាក់​លក់​នៅ​តាម​ទីផ្សារ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ពេល​កន្លង​មក​។ © Siv Channa

«ករណី​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជានឹង​នៅ​តែ​បន្ត​កើន​ឡើង ដូច្នេះ​ពលរដ្ឋ​ត្រូវ​បង្កើន​ការ​​ប្រុង​ប្រយ័ត្ន​និង​ចៀសវាង​ជួប​ជុំ​គ្នា​ពេល​ចូល​ឆ្នាំ​ខ្មែរ​»​។ នេះ​គឺ​ជា​អនុសាសន៍​ពី​អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភពលោក​មក​កាន់​កម្ពុជា ក្នុង​ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។ បើ​តាម​អ្នក​នាំពាក្យ​អង្គការ​សុខភាព​ពិភពលោក ការ​ចៀសវាង​មិន​ជួប​ជុំ​គ្នា​នេះ​មាន​ភាព​ចាំ​បាច់​ណាស់​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI តាម​សារ​អេឡិច​ត្រូនិក​នៅ​ថ្ងៃ​សុក្រ​ទី​១០​មេសា​នេះ អ្នក​នាំ​ពាក្យ​អង្គការ​សុខភាព​ពិភពលោក លោក​ស្រី Margaret Harris បាន​កត់​សម្គាល់​អំពី​កំណើន​យ៉ាង​យឺត​ៗ​នៃ​ករណី​ជំងឺ​កូវីដ​ថ្មី​នៅ​កម្ពុជា​ បើ​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​។ បើ​ទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ សម្រាប់​លោក​ស្រី គេ​មិន​ទាន់​អាច​ទាញ​ការ​សន្និដ្ឋាន​ថា កម្ពុជា​គ្រប់​គ្រង​ស្ថានការណ៍​ជំងឺ​កូវីដ​១៩​បានពេញ​ដៃ​នៅ​ឡើយ​ទេ​។

បើ​តាម​អ្នក​នាំពាក្យរូប​នេះ ករណី​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា នឹង​នៅ​តែ​បន្ត​កើន​ឡើង​ទៀត​នា​ពេល​អនាគត ហើយ​វា​ជា​រឿង​ចាំ​បាច់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​បន្ត​អនុវត្ត​គោលការណ៍​រក្សា​គម្លាត​ពី​គ្នា ឧស្សាហ៍​លាង​ដៃ ​រក្សា​អនាម័យ​ផ្លូវ​ដង្ហើម តាម​ដាន​សុខភាព​ខ្លួន​ឯង ហើយ​ត្រូវ​ប្រញាប់​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​មន្ដ្រី​ជំនាញ​ប្រសិន​បើ​មាន​រោគ​សញ្ញា​សង្ស័យ​នៃ​ជំងឺ​កូវីដ​១៩​។

សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ចន្ទ​ទី​១៣​មេសា លោក​ស្រី Margaret Harris បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ជា​ពិសេស​ត្រូវ​​ចៀស​វាង​ការ​ជួបជុំ​​នានា​​ជា​សាធារណៈ​។ បើ​តាម​អ្នក​នាំពាក្យ​អង្គការ​សុខភាព​ពិភពលោក ការ​ចៀសវាង​មិន​ជួប​ជុំ​គ្នា​នេះ​មាន​ភាព​ចាំ​បាច់​ណាស់​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​។

ពី​ខាង​រដ្ឋាភិបាល​កម្ពុជា​ឯ​ណេះ​វិញ​។ ដើម្បី​ទប់​ស្កាត់​និង​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លុប​ចោល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នា​ឆ្នាំនេះ និងហាម​មិន​ឲ្យ​មាន​ការ​​ជួប​ជុំ​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ក្នុង​ពិធី​សាសនា​នៅ​តាម​វត្ត​អារាម​។ វិធានការ​ផ្សេង​ទៀត​ដែល​បាន​ដាក់​ចេញ​កន្លង​មក​ដែរ រួម​មាន៖ បិទសាលារៀន សារមន្ទីរ ក្លិប​កម្សាន្ត បារ កាស៊ីណូ KTV និង​រោង​ភាពយន្ត​នៅ​ទូទាំង​ប្រទេស​។ រដ្ឋាភិបាល​ក៏​បាន​បញ្ជា​ឲ្យ​​​ផ្អាក​ផង​ដែរ ការ​រៀបចំ​ការ​ប្រគំ​តន្ត្រី​នានា​នៅ​តាម​ទី​សាធារណៈ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ស្ថានភាព​ជំងឺ​រាត​ត្បាត​កូវីដ​១៩​មាន​សភាព​ធូរ​ស្រាល​ឡើង​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI