ច្បាប់-កូរ៉ូណាវីរុស

រដ្ឋាភិបាលកម្ពុជាលុបចោលការហាមឃាត់ការធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ

រដ្ឋាភិបាលកម្ពុជាលុបចោលការហាមឃាត់ការធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ
រដ្ឋាភិបាលកម្ពុជាលុបចោលការហាមឃាត់ការធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ © FB

រដ្ឋា​ភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​សម្រេច​លុប​ចោល​វិញ​នូវ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​បាន​ចាត់​ទុក​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ជា​តំបន់​តែ​មួយ​ដែល​មិន​ស្ថិត​នៅ​ក្រោម​វិសាល​ភាព​នៃ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​វិញ​ទៅ​មក​នោះ​ទេ។ នេះ​បើ​តាម​សេចក្តី​សម្រេច​កែ​សម្រួល​បទ​បញ្ជា​របស់​រដ្ឋា​ភិបាល​កម្ពុជា​។ យ៉ាង​ណា​ក៏​ដោយ គិត​មក​ដល់​ពេល​នេះ ការ​អនុវត្ត​បទ​បញ្ជា បិទ​ការ​ធ្វើ​ដំណើរ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​មិន​មាន​ភាព​ប្រទាំង​ប្រទើស​ណា​មួយ​ជាមួយ​ប្រជា​ពលរដ្ឋ​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសុក្រនេះថា គិតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋណាម្នាក់តវ៉ា ឫ ប្រឆាំងនឹងការអនុវត្តបទបញ្ជារបស់រដ្ឋាភិបាលកម្ពុជាក្នុងការបិទការធ្វើដំណើរមិនចាំបាច់នៅទូទាំងប្រទេសកម្ពុជានោះឡើយ។ លោកលើកឡើងថា អាជ្ញាធរតាមគោលដៅនីមួ​យ​ៗកំពុងអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ខណៈបណ្តាផ្លូវជាតិនានាមានសភាពស្ងប់ស្ងាត់។ បើតាមលោកខៀវ សុភ័គ ប្រជាពលរដ្ឋមិនមានការភ័យខ្លាចនឹងវិធានការនេះ ដោយពួកគេបានយល់ដឹងច្រើន ព្រោះថា វិធានការនេះ គឺដើម្បីជួយការពារពួកគេពីការឆ្លងជំងឺកូវីដ-១៩។ បើទោះមិនភាពប្រទាំងប្រទើស​កើតឡើងមែន ប៉ុន្តែ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់ថា បើមានតវ៉ានឹងវិធានការនេះ អាជ្ញាធរនឹងពន្យល់ អប់រំ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមសហការជាមួយនឹងអាជ្ញាធរ។​

សូមបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បាន​សម្រេច​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​នៅក្នុង​ប្រទេសកម្ពុជា ដើម្បី​បង្ការ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩នៅ​កម្ពុជា​។ ការ​ដាក់​កំហិតលើ​ការ​ធ្វើ​ដំណើរ​នៅ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជានេះ ចាប់​មាន​សុពលភាព​ពី​ពាក់​កណ្ដាល​អាធ្រាត​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩ ​ខែ​មេសា​ រហូត​ដល់​​ពាក់​កណ្ដាល​អាធ្រាត​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១៦ ​មេសា​សប្ដាហ៍​ក្រោយ​។ បើ​តាម​បទ​បញ្ជា​របស់​រដ្ឋាភិបាលកម្ពុជា ​ការ​ធ្វើ​ដំណើរ​នៅ​ផ្ទៃ​ក្នុង​ប្រទេស​ដែល​ហាម​ឃាត់នេះ រួម​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចេញ​ចូល​រាជធានី និង​ការ​ឆ្លង​កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​។

រដ្ឋាភិបាលបានគូស​បញ្ជាក់​​ថា ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ទប់​ស្កាត់​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​កាលៈទេសៈ​ពិសេស​នា​ពេល​បច្ចុប្បន្ន ដើម្បី​មិន​ឲ្យ​ជំងឺ​នេះ​រាល​ដាល​ឈាន​ចេញ​ពី​ដំណាក់​កាល​នាំ​ចូល​ជំងឺពីប្រភព​ខាង​ក្រៅ ទៅ​ជា​ការ​ឆ្លង​រាល​ដាលនៅ​ក្នុង​សហគមន៍​។ បន្ថែមលើនេះ លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន បានពន្យល់​ថា វិធានការនេះ គឺ ដើម្បីសុវត្ថិភាព​របស់​ជាតិ​ និង​ប្រជាជន ហើយលោក​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ដាក់​ចេញ​នូវ​បទ​បញ្ជា​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នេះ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI