កម្ពុជា កសិកម្ម

កូវីដ១៩៖ ក្រសួងកសិកម្មដាក់ចេញវិធានការជំរុញការដាំដុះ ផ្គត់តម្រូវការក្នុងស្រុក

ការចិញ្ចឹម​ជ្រូក​ (រូបភាពតំណាង)
ការចិញ្ចឹម​ជ្រូក​ (រូបភាពតំណាង) ©ម៉េងហួរ/RFI

គិត​រហូត​មក​ដល់​ពេល​នេះ​ក្រសួង​កសិកម្មបាន​ដាក់​ចេញ​វិធានការ​យ៉ាងតិច​៣ហើយ ដើម្បី​ជំរុញ​ឲ្យ​កសិករ​ធ្វើ​ការ​ដាំដុះ និង​ចិញ្ចឹម​សត្វ រួម​ទាំង​ពង្រីក​វិស័យ​កសិកម្ម ខណៈកម្ពុជា​កំពុង​ជួប​នឹង​វិបត្តិ​កូវីដ​១៩​។ នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​នៅ​ថ្ងៃទី​១២ ខែ​មេសា​។ ចំណាត់​ការ​របស់​ស្ថាប័ន​មួយ​នេះ​ គឺ​បន្ទាប់​ពី​មាន​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី៧ ខែមេសា​ កន្លង​ទៅ​។

ផ្សាយពាណិជ្ជកម្ម

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃទី​១២ ខែ​មេសា​នេះ​ថា វិធានការ​ទី១​គឺ​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវ​គិតគូរ​ពីការ​ប្រមូល​ស្តុក​ទុក​នូវ​ស្បៀង​អាហារ ដែល​ត្រូវ​ត្រៀម​ទុក​នៅ​ពេល​ខាង​មុខ​។ ក្រោយ​ការ​ដាក់​ចេញ​វិធាន​ការ​នេះ គឺ​កម្ពុជា​មាន​ស្បៀងអាហារ​បម្រុង​ទុក​រយៈពេល​៦ខែ​ទៅ​មុខ​ទៀត​។ ពេល​នេះ​ដែរ ក្រសួង​កសិកម្ម​បាន​ជំរុញ​ឲ្យ​មាន​ការ​ដាំដុះ ហើយ​ការដាំដុះ​នឹង​អាច​ចាប់​ផ្តើម​នៅ​រដូវ​ភ្លៀងធ្លាក់​នា​ពេល​ខាង​មុខ​។ នេះ​បើ​តាម​លោក វេង សាខុន។

រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម​រូប​នេះ​បន្ត​ថា វិធាន​ការទី២​​គឺ​ការ​ជំរុញ​ការចិញ្ចឹម​សត្វ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ក្នុង​ស្រុក​។ ដោយ​ឡែក​វិធាន​ការទី៣ គឺ​ពាក់​ព័ន្ធ​ទៅនឹង​វិធាន​ការ​ផ្គត់ផ្គង់​ត្រី ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​ទប់ស្កាត់​ការនាំ​ចេញ​ត្រី។​ លោក​បន្ត​ថា​កន្លង​មក​បរិមាណ​នៃ​ការ​នាំ​ត្រីចេញ​ទៅ​ក្រៅ​ប្រទេស​គឺ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ពោល​គឺ​ប្រមាណ​៣ពាន់​តោន កាល​ពី​ឆ្នាំ២០១៩​កន្លង​ទៅ​។

ដោយ​ឡែក​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​មួយ​ចំនួន​ដូច​ជា​ស្វាយ ត្រូវ​រង​ការ​ប្រឈម​ទន្ទឹម​នឹង​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ ដោយ​សារ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង​បាន​បន្ថយ​ការ​បញ្ជាទិញ​របស់​ខ្លួន​។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ស្វាយ​ធ្លាក់​ថ្លៃ​។ នេះ​បើ​តាម​លោកវេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​។

លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន កាល​ពីថ្ងៃទី០៧ ខែមេសា កន្លង​ទៅ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ជន​ដាំ​ដុះ​បន្លែ​បង្ការ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​នៅ​ក្នុង​កាលៈទេសៈ​ដ៏លំបាក​នេះ ដោយ​សារ​តែ​ការ​នាំចូល​ពី​ខាង​ក្រៅត្រូវ​បាន​រឹត​បន្តឹង​។

លោក​នាយក​រដ្ឋ​មន្ត្រី​ថា កូវីដ១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ វិស័យ​កាត់ដេរ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​ទេ ដែល​ធ្វើ​ឲ្យ​កសិករ​អាច​​ដាំដុះ​បាន។ ​ប្រឈម​នឹង​ការ​ផ្ទុះឡើង​កូវីដ១៩, លោក​ហ៊ុន សែន បញ្ជាក់​ថា​នៅ​ពេល​ខាង​មុខ​នេះ កំណើន​វិស័យ​ឧស្សាហកម្ម និង​សេវាកម្មធ្លាក់​ចុះ ហើយ​កំណើន​នៅ​ក្នុង​វិស័យកសិកម្ម​នឹង​ហក់​ឡើង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI