កម្ពុជា កូរ៉ូណាវីរុស

កូវីដ១៩៖ នៅថ្ងៃនេះមានករណីព្យាបាលជាសះស្បើយ២នាក់ និងករណីថ្មី២នាក់

ក្រុមគ្រូពេទ្យកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការតាមដាន និងព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា។​
ក្រុមគ្រូពេទ្យកម្ពុជា កំពុងយកចិត្តទុកដាក់ ក្នុងការតាមដាន និងព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា។​ © CDC

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែ​មេសា​នេះ បាន​ប្រកាស​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩ថ្មី ចំនួន​២​នាក់ ដែល​កើត​ឡើង​លើ​ជនជាតិ​បរទេស​។ ក្រៅពី​នេះ​ក៏​មាន​អ្នក​ជា​សះ​ស្បើយ​២នាក់​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ចំនួន​៧៧​នាក់​។

ផ្សាយពាណិជ្ជកម្ម

ករណី​វិជ្ជមាន​កូវីដ​១៩ ​ថ្មី​២នា​ក់ គឺ​ជា​ស្រ្តី​ជន​ជាតិ​វៀតណាម អាយុ២៤ឆ្នាំ ជា​អ្នក​ទេសចរណ៍។ដោយ​ឡែក​ម្នាក់​ទៀត ​គឺ​ជា​បុរសជនជាតិ​កាណាដា​(ដើម​កំណើត​ចិន​) មាន​អាយុ៥០​ឆ្នាំ ត្រូវ​ជាស្វាមី​ជនជាតិ​វៀតណាម​ខាង​លើ។​ បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម​។

បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី១២ ខែ​មេសា​នេះ​ ក៏​មាន​ករណី​ជា​សះស្បើយ​ចំនួន​២នាក់​ទៀត ដែល​ក្នុង​នោះ​គឺ​ជា​បុរសជនជាតិ​ម៉ាឡេស៊ី​២នាក់ មាន​អាយុ៣៤​ឆ្នាំ និង​អាយុ៥៨​ឆ្នាំ មក​ពី​ប្រទេស​ម៉ាឡេស៊ី​ធ្វើ​ការងារ​សាសនា បាន​ជា​សះស្បើយ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម​។

បើតាម​ក្រសួង​សុខាភិ​បាល ស្ថានភាព​ជំងឺ​កូវីដ​១៩ នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃទី​១២ ខែ​មេសា មាន​អ្នក​ព្យាបាល​ជា​សះស្បើយ សរុប​ចំនួន​កើន​ដល់​៧៧​នាក់ ឬ​ប្រហែល​នឹង​៦៣​ភាគ​រយ ធៀប​នឹង​ចំនួន​អ្នក​មាន​វុរុស​ទាំង​អស់​។ អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល សរុប​ចំនួន​៤៥​នាក់ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​។ អ្នក​មាន​ជំងឺកូវីដ១៩ ដែល​បាន​រក​ឃើញ​ទាំង​អស់ នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន​១២២​នាក់​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI