កម្ពុជា កូរ៉ូណាវីរុស

ពលរដ្ឋខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំក្រោម​បរិយាកាស​នៃ​ការ​វាយ​លុក​ជំងឺ​កូវីដ​១៩​

រូបភាពពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ទោះបីជា​រដ្ឋាភិបាល​លើក​ពេល​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ក៏​ដោយ តែ​បើ​តាម​ក្បួន​តម្រា​ថ្ងៃទី១​នៃ​ពិធីបុណ្យចូល​ឆ្នាំ​ខ្មែរ ដែល​មាន​រយៈពេល​៤ថ្ងៃ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃចន្ទទី​១៣​ខែ​មេសា​ស្អែកនេះ​ហើយ នៅ​វេលា​ម៉ោង៨​និង​៤៨នាទី​យប់​។ ទេវតា​ឆ្នាំថ្មី​ដែលជា​ឆ្នាំ​ជូត​ទ្រង់​ព្រះ​នាមព្រះនាង​គោរាគៈទេវី ទ្រង់​សោយប្រេងល្ង ឫ​ប្រេង​សណ្តែក​ ។ ខុស​ពី​រាល់ឆ្នាំ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ២០២០​នេះ ​មាន​រយៈពេល​៤ថ្ងៃ​ចាប់​ពីថ្ងៃទី​១៣ដល់​ថ្ងៃទី​១៦​ខែ​មេសា។

ផ្សាយពាណិជ្ជកម្ម

ជាការ​កត់​សម្គាល់ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ឈាន​មក​ដល់​នៅថ្ងៃ​ចន្ទទី​១៣​ស្អែក​វេលាម៉ោង​៨ និង​៤៨​នាទី​យប់ ប្រារព្ធ​ឡើង​ក្រោម​បរិយាកាសនៃ​ការ​វាយលុកនៃ​ជំងឺ​កូវីដ​១៩​។ បើទោះជា​មាន​ការ​លើក​ពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ក៏​ដោយ​ចុះ តែ​សកម្មភាព​សែន​ព្រេន​ទទួល​ទេវតា​ឆ្នាំថ្មី​នៅ​តាម​ផ្ទះ​ ឬ​វត្តអារាម តាម​ទំនៀម​ទម្លាប់​របស់​ពលរដ្ឋ​ខ្មែរ គ្មាន​ការ​ហាមឃាត់​ឡើយ​។

ប៉ុន្តែ​យ៉ាងក៏​ដោយ ការ​លេងល្បែង​ប្រជាប្រិយ​រួម​មាន៖ ការបោះ​ឈូង ​ចោល​អង្គុញ ទាញ​ព្រ័ត្រ​ជា​ដើម ត្រូវ​បាន​ហាមឃាត់ ហើយ​ការ​សូត្រ​មន្ត​ដែល​មាន​មនុស្ស​ច្រើន ឬ​ការ​ស្រោចទឹក​រំដោះ​គ្រោះ​នានា ក៏​មិន​អនុញ្ញាត្ត​ដែរ​។ បើតាម​អ្នក​នាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​បញ្ចៀស​ការ​ចម្លង​កូវីដ​១៩​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​។

នៅ​ក្នុង​ឳកាស​ចូល​ឆ្នាំ​ខ្មែរ​នេះ​ដែរ ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​នេះ ​បាន​អំពាវនាវ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រចាំថ្ងៃ​ ឲ្យ​ប្រជាពលរដ្ឋ​នៅផ្ទះ កុំធ្វើ​ដំណើរ​ចល័ត ហើយ​បន្ត​អនុវត្ត​នូវ​គម្លាត​សុវត្ថិភាព​នៅទី​កន្លែង​មាន​មនុស្ស​ច្រើន ​និង​បន្ត​រក្សា​អនាម័យ ឧស្សាហ៍​លាងដៃជា​មួយ​សាប៊ូ ឬ​អាកុល ប្រើប្រាស់​ម៉ាស់​ឲ្យបាន​ញឹកញាប់​និង​គ្រប់​ពេលវេលា​។

អ្វីជាការ​កត់​សម្គាល់​ដូច​រៀងរាល់​ឆ្នាំដែរ​ នៅ​មុន​មួយ​ថ្ងៃនៃ​ពិធី​បុណ្យចូលឆ្នាំ​មក​ដល់​គេ​សង្កេត​ឃើញ​ថា នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​តាម​ផ្សារ​មួយ​ចំនួន ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​បាន​សម្រុក​នាំ​គ្នាទិញ​របស់​របរ​សម្រាប់​សែន​ព្រេន ខណៈសកម្មភាព​លក់​នានា​ក៏​មាន​ភាព​មមាញឹក​ផងដែរ​។

សូម​ជម្រាប​ជូនថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី ០៧ ខែ​មេសា បាន​ប្រកាស​លើក​ពេល​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​ទប់ស្កាត់ការ​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។ ក្នុង​នោះ​មន្ត្រី​រាជ​ការ ក្រុមហ៊ុន​ឯកជន រោងចក្រ​សហគ្រា និង​ធនាគារ គឺ​ធ្វើការ​ធម្មតា​នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ចាប់​ពីថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៦​ខែ​មេសា ហើយ​រដ្ឋ​នឹង​សង់​ថ្ងៃ​ឈប់​សម្រាក​៥ថ្ងៃ​ត្រឡប់​មក​វិញ នៅពេល​ដែល​ជំងឺ​កូវីដ១៩​ លែង​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI