កម្ពុជា-កូរ៉ូណាវីរុស

ក្រសួងសុខាភិបាល៖ នៅភ្នំពេញអាចនឹងមានការឆ្លងកូវីដ១៩ចូលសហគមន៍ក្នុងទ្រង់ទ្រាយតូច

វិមានឯករាជ្យដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ
វិមានឯករាជ្យដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ @MoT

នៅ​ថ្ងៃ​ចន្ទ​នេះ​ កម្ពុជា​មិន​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ថ្មី និង​មិន​មាន​អ្នក​ព្យាបាល​ជា​បន្ថែម​ទៀត​ឡើយ ពោល គឺ​អ្នក​ឆ្លង​សរុប​នៅ​រក្សា​ចំនួន ១២២នាក់ និង​អ្នក​ព្យាបាល​ជា​នៅ​ចំនួន​៧៧​នាក់​ដដែល​។ ក៏​ប៉ុន្តែ រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​កម្ពុជា​នៅ​ព្រឹក​នេះ បាន​ព្រមាន​ថា នៅ​រាជធានី​ភ្នំពេញ អាច​នឹង​មាន​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ចូល​ក្នុង​សហគមន៍​ក្នុង​ទ្រង់​ទ្រាយ​តូច និង អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​អនុវត្ត​ទៅ​តាម​ការ​ណែ​នាំ​របស់​រដ្ឋា​ភិបាល ក៏​ដូច​ជា​ក្រសួង​សុខា​ភិបាល​កម្ពុជា ដើម្បី​គេច​ផុត​ពី​ហានិភ័យ​នេះ​។

ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នាព្រឹកថ្ងៃចន្ទនេះ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាបានគូសបញ្ជាក់ថា នៅរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នឹងអាចចូលជាករ​ណីដែលចម្លងនៅក្នុងសហគមន៍ទ្រង់ទ្រាយតូច ​ប្រសិនបើការស្រាវជ្រាវបន្តរបស់ក្រុមការងារក្រសួងសុខាភិបា និង អាជ្ញាធរពាក់ព័ន្ធ រកមិនឃើញពីប្រភពនៃការចម្លងជំងឺកូវីដ-១៩ច្បាស់លាស់។ ជាមួយនឹងការគូសបញ្ជាក់ដូច្នេះ លោកម៉ម ប៊ុនហេង ក៏បានលើកឡើងថា ក្រុមការងារក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធកំពុងតែសកម្មស្រាវជ្រាវរុករកជាបន្តទៀតនូវអ្នកដែលមានហានិភ័យខ្ពស់ និងទាប ដើម្បីចាត់វិធានការជាបន្ទាន់ក្នុងការទប់ស្កាត់ការចម្លងចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ។

ចំណែក លោកស្រីឱ វណ្ណឌីន រដ្ឋម​ន្រ្តីលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាវិញក៏បានព្រមានដែរថា ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍នឹងអាចកើតមាន ប្រសិនប្រជាពលរដ្ឋមិនគោរព និង អនុវត្តទៅតាមការណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា។ លោកស្រីបានកត់សម្គាល់ថា​ នៅពេលនេះ ការឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា ជាករណីនាំចូល ប៉ុន្តែបើសិនជាអ្នកមកក្រៅស្រុកមកចម្លងអ្នកនៅក្នុងស្រុក ហើយអ្នកនៅក្នុងស្រុកទៅចម្លងអ្នកក្នុងស្រុកដូចគ្នាជាបន្តបន្ទាប់ពីម្នាក់ទៅម្នាក់ទៀតនោះ គឺនោះហើយជាការចម្លងចូលសហគមន៍។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានយកសំណាកអ្នកសង្ស័យចំនួនជាង៨ពាន់៩រយ(៨,៩​០៩)នាក់ហើយធ្វើការវិភាគរកជំងឺកូវីដ-១៩  ក្នុងនោះ ភាគច្រើនលើសលប់ជាជនជាតិកម្ពុជា។ ចំនួននេះ គឺក្នុង១លាននាក់ កម្ពុជាបានធ្វើវិភាគសំណាកចំនួន៤៥៦ សំណាកដែលច្រើនជាងនៅប្រទេសឡាវ ភូមា ឥណ្ឌូនេស៊ី និង ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងសុភិបាលកម្ពុជាបានអះអាងថា ក្នុងមួយថ្ងៃ កម្ពុជាអាចមានលទ្ធភាពធ្វើវិភាគរកជំងឺកូវីដ-១៩ ដល់ទៅពី៥០០ទៅ៦០០នាក់។

គិតមកដល់ពេលនេះផងដែរ មនុស្សចំនួន២៦៦នាក់កំពុងត្រូវបានដាក់ឱ្យដាច់ដោយឡែកនៅទូទាំងប្រទេស កម្ពុជា ក្នុងនោះ​ចំនួន៨៦នាក់ ត្រូវបានដាក់ក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតដោយសារតែពួកគេទាំងនោះ មានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩។ កម្ពុជាក៏មានក្រុមគ្រូពេទ្យជំនាញសម្រាប់ថែទាំ និង ព្យា​បាលជំងឺកូវីដ-១៩ ចំនួន៦៧០នាក់ ខណៈបំពង់អុកស៊ីហ្សែនប្រមាណជា២០០គ្រឿងក៏បានត្រៀមសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលមានស្ថានភាពធ្ងន់ធ្ងរផងដែរ។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់ក្រសួងសុខាភិបាលកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI