នយោបាយ-កូរ៉ូណាវីរុស

កូវីដ១៩៖ លោក ហ៊ុន សែន ស្នើឲ្យអាស៊ានជៀសវាងការរើសអើងពូជសាសន៍ និងកុំប្រកាន់ជំហរស្តីបន្ទោសគ្នា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបប្រជុំអាស៊ាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបប្រជុំអាស៊ាន © សហការី

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ១៤ មេសានេះ បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន ជៀស​វាង​ការ​រើស​អើង​ពូជ​សាសន៍ និង​ការ​ប្រកាន់​ជំហរ​ស្តី​បន្ទោស​គ្នា​។ ជា​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ចាត់​ទុក​ថា ជា​ល្បែង​ទម្លាក់​កំហុស​ដ៏​អាក្រក់​មួយ និង​នាំ​ដល់​ការ​បែក​បាក់​សាមគ្គីភាព​ ខណៈ​ដែល​ពិភព​លោក​ទាំង​មូល​កំពុង​ខិត​ខំ​រួម​គ្នា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​។ ក្រៅ​ពី​នេះ នៅ​ក្នុង​សុន្ទរកថា​កម្រាស់​០៣​ទំព័រ ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពិសេស ស្តីពី បញ្ហា​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ​១៩ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា ក៏​អំពាវ​នាវ​ឲ្យ​អាស៊ាន គិត​គូរ​ជា​យុទ្ធ​សាស្ត្រ​ ក្នុង​ការ​ស្តារ និង​ជំរុញ​ការ​ងើប​ឡើង​វិញ​នូវ​កំណើន​សេដ្ឋកិច្ច​បន្ទាប់​ពី​វិបត្តិ​កូវីដ១៩ ត្រូវ​បាន​បញ្ចប់​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពី កូវីដ១៩ នៅព្រឹកថ្ងៃទី ១៤ មេសានេះ។ តាមពិតទៅ កិច្ចប្រជុំកំពូលអាស៊ានពិសេសនេះ ត្រូវរៀបចំធ្វើផ្ទាល់នៅឯទីក្រុងហាណូយប្រទេសវៀតណាមដែលត្រូវជាម្ចាស់ផ្ទះ ក៏ប៉ុន្តែដោយសារតែការបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ មេដឹកនាំអាស៊ានទាំង១០ប្រទេស បានបើកកិច្ចប្រជុំកំពូលពិសេសនេះ តាមរយៈ Video Conference ពីប្រទេសរៀងៗខ្លួន។

នៅក្នុងកិច្ចប្រជុំនេះ ពីទីក្រុងភ្នំពេញ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះកម្រាស់០៣ទំព័រ ដោយអំពាវនាវឲ្យប្រទេសជាសមាជិកអាស៊ានទាំងអស់ ជៀសវាងការរើសអើងពូជសាសន៍ និងការប្រកាន់ជំហរស្តីបន្ទោសគ្នា។ ជាអ្វីដែលប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចាត់ទុកថា ជាល្បែងទម្លាក់កំហុសដ៏អាក្រក់មួយ ដែលនាំទៅដល់ការបែកបាក់សាមគ្គីភាព ខណៈដែលពិភពលោកទាំងមូលកំពុងខិតខំរួមគ្នា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ហើយជាឧទាហរណ៍ កម្ពុជាបានអនុវត្តន៍និងបង្ហាញជាគំរូរួចជាស្រេចទៅហើយ តាមរយៈការអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្ស MS Westerdam ផ្ទុកអ្នកដំណើរជាង២ពាន់នាក់ចូលចតនៅកំពុងផែខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ ២០២០។ ហើយបន្ថែមលើនេះ កម្ពុជាដែលមិនត្រឹមតែបាននិងកំពុងជួយព្យាបាលពលរដ្ឋខ្លួនឯងពីជំងឺកូវីដ១៩នោះទេ ប៉ុន្តែក៏បានព្យាបាលទាំងជនបរទេស រួមមាន ឥណ្ឌូនេស៊ី២នាក់ ម៉ាឡេស៊ី ១៣នាក់ ចិន១នាក់ អង់គ្លេស៥នាក់ បារាំង៤០នាក់ កាណាដា ១នាក់ ប៊ែលហ្សិក ១នាក់ និងអាមេរិកកាំង ០២នាក់ ដោយឥតគិតថ្លៃថែមទៀតផង។ បើតាមលោកនាយករដ្ឋមន្ត្រី កន្លងមក អាស៊ានបានចាត់វិធានការនានាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ភាគច្រើន គឺផ្តោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេសរៀងៗខ្លួនតែប៉ុណ្ណោះ។ ម្លោះហើយ ក្នុងបរិការណ៍នេះ លោកបានអំពាវនាវឲ្យអាស៊ាន ត្រូវតែរួមដៃគ្នា និងប្រែក្លាយការប្រយុទ្ធនឹងជំងឺនេះ ទៅជាសមរភូមិរួមតែម្តង ដោយក្នុងនោះ អាស៊ានគួរបង្កើត មូលនិធិអាស៊ានមួយសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានា។

ក្រៅពីនេះ នៅក្នុងសុន្ទរកថាកម្រាស់០៣ទំព័រទៅកាន់កិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពី បញ្ហាបង្កឡើងដោយជំងឺកូវីដ១៩នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏អំពាវនាវឲ្យប្រទេសអាស៊ាន ត្រូវគិតគូរជាយុទ្ធសាស្ត្រ ក្នុងការស្តារនិងជំរុញការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់។ សេដ្ឋកិច្ចអាស៊ានដែលត្រូវបានគេរំពឹងថា មានអត្រាកំណើន ៤.១% នៅឆ្នាំ២០២០នេះ ប៉ុន្តែបានធ្លាក់ចុះមកនៅត្រឹម ១% ប៉ុណ្ណោះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៣ មេសា ប្រទេសអាស៊ានត្រូវបានគេរាយការណ៍ថា មានអ្នកផ្ទុកជំងឺកូវីដ១៩ចំនួនជិត២ម៉ឺននាក់ហើយ ដោយក្នុងនោះមានស្លាប់ចំនួន៨៤៤នាក់។ ក្នុងនោះ ប្រទេសហ្វីលីពីនមានចំនួនច្រើនជាងគេគឺជិត៥ពាន់នាក់ ម៉ាឡេស៊ីជាង៤ពាន់៨០០នាក់ ឥណ្ឌូនេស៊ីជាង៤ពាន់៥០០នាក់ ខណៈប្រទេសកម្ពុជាមានត្រឹមតែ១២២ករណីប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI