តើវីតាមីនសេ (Vitamine C) ពិតជាអាចការពារនិងព្យាបាលជំងឺកូវីដ១៩មែនឬ ?

សំឡេង ០៩:៤៤
តើវីតាមីនសេ ពិតជាអាចការពារនិងព្យាបាលជំងឺកូវីដ១៩មែនឬ ?
តើវីតាមីនសេ ពិតជាអាចការពារនិងព្យាបាលជំងឺកូវីដ១៩មែនឬ ? CC BY-SA 2.0

តាំង​ពីកូវីដ​១៩បាន​ផ្ទុះ​ឡើង មានពាក្យ​ចចាម​អារាម និង​​ព័ត៌មាន​គ្រប់​បែប​យ៉ាង ខ្លះពិត ខ្លះមិនពិត ទាក់​ទង​នឹងវិធី​ការពារ​និង​​ព្យាបាល ជា​ច្រើន​ បង្ហោះ​ផ្សាយ​តាម​ប្រព័ន្ធសង្គម។ ​នៅ​ក្នុង​ចំណោម​នោះ មាន​​​ការ​ផ្សព្វផ្សាយ​មួយ បាន​​​អះអាង ​ថា​វីតាមីនសេ (Vitamine C)អាច​កម្ចាត់​ជំងឺ​កូវីដ១៩​បាន។ តើជា​ព័ត៌មាន​ពិត​ឬ​យ៉ាងណា ? តើ​ វីតាមីនសេជា​អ្វី ? និង​ត្រូវ​ប្រើប្រាស់​យ៉ាងដូចម្តេច ?

ផ្សាយពាណិជ្ជកម្ម

ពុំ​ទាន់​មានទេ​ថ្នាំ​ព្យាបាល និង​ថ្នាំ​បង្ការ​ ​ជំងឺកូវីដ១៩ ដែលបង្ក​ឡើង​ដោយ​មេរោគកូរ៉ូណាថ្មី Sars-CoV-2។ ​អ្នក​​វិទ្យាសាស្ត្រ​ កំពុង​សាកល្បង​ថ្នាំ​ជា​ច្រើនមុខ​។ សូម្បី​តែ​ថ្នាំ​អ៊ីដ្រូស៊ីក្លរ៉ូគីន ឬ​ក្លរ៉ូគីន ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​ថ្នាំ​ព្យាបាលជំងឺ​គ្រុន​ចាញ់ និងដែល​បានឆ្លង​កាត់​​ការ​សាកល្បង​នៅ​ចិន​និងនៅ​បារាំង​ដោយ​សាស្ត្រាចារ្យ​ រ៉ាអ៊ូល បាន​ទទួល​លទ្ធផលវិជ្ជមាន​ក៏​ដោយ​ ក៏​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទាញ​ប្រទង់​គ្នា​ខ្លាំងនៅ​ឡើយ។ ថ្នាំ​នេះ​​មិន​ទាន់​អាច​ចាត់​ទុក​បាន​ថា​ជា​ថ្នាំ​ព្យាបាល​ជំងឺកូវីដ​១៩ដែរ។ ឯចំណែក​វីតាមីនសេ ក៏​ដូច​គ្នា។ មក​ទល់​ពេល​បច្ចុប្បន្នេះ គ្មានការ​សិក្សា​ណា​មួយស្តីពី​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩ ដោយ​​ថ្នាំ​វីតាមីនសេ តែ​ឯង​ទេ។

ពាក្យ​ចចាម​អារាមទាក់ទង​នឹង​ការប្រើ​ថ្នាំ​វីតាមីសេ បាន​ចាប់​លាន់​ឮ​ឡើង​ខ្លាំង​កាលពី​ដើម​ខែ​មីនា តាម​រយៈ​ខ្សែ​អាត់​វីដេអូមួយ​របស់​គ្រូពេទ្យ​អាមេរិក ដើមកំណើត​ចិន លោក រីឆា ចេង Richard Cheng ដែល​បាន​លើក​ឡើង​ថា មាន​​ស្ត្រី​អ្នក​ជំងឺ​កូវីដ​១៩​ចិន​ម្នាក់ ចំណាស់​៧១​ឆ្នាំ នៅ​វូហាន ​បាន​ជា​សះស្បើយ​ពីជំងឺ និង​មិន​ចម្លង​ទៅ​មេរោគ​ទៅ​ដល់​ក្រុមគ្រួសារ​សោះ បន្ទាប់​ពី​បាន​ទទួល​ទាន​ថ្នាំ​វីតាមីនសេ ក្នុង​កំរិត​ដូស​ដ៏​ច្រើន​លើស​លុប ដោយ​បូក​ផ្សំ​ជាមួយ​ថ្នាំ​ព្យាបាល​ជា​ច្រើន​មុខ​ផ្សេង​ទៀត។ បើ​តាម​វេជ្ជបណ្ឌិត​ចេង ក្នុង​អំឡុង​ពេល​សម្រាកនៅមន្ទីរពេទ្យ ស្ត្រី​ចិន​នោះ​ទទួល​​ថ្នាំ​វីតាមីនសេ ចំនួនជិត​ ១០​ក្រាម ​ក្នុង​មួយ​ថ្ងៃ ពោល​គឺជាង​៩០ដង​​ច្រើន​ជាង​កំរិត​អនុញ្ញាត។ ចំណែកកូន​ស្រី​របស់​ស្ត្រី​នោះ ក៏​បាន​ប្រើ​វីតាមីនសេ ពី​រ​ដង​ច្រើន​ជាង​ម្តាយ​ទើប​មិន​ឆ្លង​មេរោគកូរ៉ូណា​ថ្មីសោះ។

នៅក្នុង​ការ​ផ្សព្វផ្សាយ​ថ្មី​មួយ​ទៀត វេជ្ជបណ្ឌិត​អាមេរិកកាត់​ចិន​ដដែល​នេះ បាន​ពន្យល់​ថា​ក្រុម​អ្នក​ជំនាញ​សុខភាព​ចិន បាន​ចេញ​សេចក្តី​សន្និដ្ឋាន​ថា​ការប្រើថ្នាំ​វីតាមីនសេ ក្នុង​បរិមាណ​ដ៏​ខ្ពស់​ខ្លាំង​ អាច​មាន​ប្រសិទ្ធភាព​ព្យាបាល​​ជំងឺ​កូវីដ១៩ ដែល​មានទម្រង់​ស្រាល​និង​ធ្ងន់។ គ្រូពេទ្យ​រូប​នោះ​បាន​អះអាងទៀត​​ថា​ មាន​អ្នក​ជំងឺ​ជាង​៥០​នាក់​ នៅសៀងហៃ បានជា បន្ទាប់​ពី​បាន​​ទទួលការព្យាបាល​ដោយ​ការ​ចាក់​ថ្នាំ​វីតាមីនសេ តាម​សរសៃ។  ​ ​ប៉ុន្តែ​គេ​ពុំ​អាច​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នេះ​បានទេ។

គំនិត​ចង់​យក​វីតាមីនសេ មក​ប្រើដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ មិនចម្លែក​ និង​មិន​ថ្មីទេ ពីព្រោះ​វីតាមីនសេ អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន។ ប៉ុន្តែ​មកទល់​ពេលនេះ គ្មាន​អ្វី​ដែល​អាច​បញ្ជាក់​បាន​ថា​វីតាមីនសេ អាច​ព្យាបាល​ជំងឺ​កូវីដ១៩​បាន​ឡើយ។ វិទ្យាស្ថាន​ប៉ាស្ទ័រ​បារាំង បាន​រំលឹកថា គ្មាន​ការសិក្សា​តាមបែប​វិទ្យាសាស្ត្រណាមួយ ត្រូវ​​សម្រេច​ទទួល​ស្គាល់ជា​ផ្លូវការទេ ហើយ​ក៏​ពុំ​ទាន់​មាន​ព័ត៌មាន​​អ្វី​គ្រប់​គ្រាន់ ឬ​គំនិត​អ្វី​សមស្រប​សម្រាប់​សន្និដ្ឋាននិង​វាយ​តម្លៃ លើ​សម្មតិកម្ម​ព្យាបាលកូវីដ​១៩​ដោយ​ប្រើ​វីតាមីនសេ​ ដែរ។

បើតាម​ទស្សនាវដ្តី​ Science et Avenir របស់​បារាំង មានកា​រ​ធ្វើ​តេស្ត​សាកល្បងលើ​អ្នក​ជំងឺជាង​២០០​នាក់​នៅ​ចិន ក្នុងចន្លោះពី​ចុង​ខែ​មករា ដល់​ចុង​ខែកុម្ភៈ ដើម្បី​ស្វែង​រក​ថ្នាំ​ព្យាបាល​ជំងឺកូវីដ១៩។ នៅក្នុង​ចំណោមនោះ មានអ្នក​ជំងឺខ្លះ​ទទួល​កា​រព្យាបាល​សាកល្បង​ដោយ​​ថ្នាំ​វីតាមីនសេ​មួយ​មុខ​ដែរ។ តែគេត្រូវ​រង់​ចាំ​រហូត​ដល់ខែ​កញ្ញា​យ៉ាង​ឆាប់ទើប​អាច​មានលទ្ធផល។

​នៅ​សហរដ្ឋ​អាមេរិក ដោយ​សារ​ស្ថានភាព​ធ្ងន់ធ្ងរ បន្ទាន់​ខ្លាំង និង​ដោយ​មិន​រង់ចាំ​លទ្ធផលសិក្សា​សាកល្បង មន្ទីរពេទ្យ​នៅ​រដ្ឋ​ញូវយ៉ក បាន​ចាប់​ផ្តើម​ចាក់​ថ្នាំ​វីតាមីនសេ ក្នុង​កំរិត​ដូស​ខ្ពស់​ខ្លាំង​លើ​អ្នក​ជំងឺដែល​ស្ថិតក្នុង​ស្ថាន​ភាព​សង្គ្រោះ​បន្ទាន់​ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​​​ព្យាបាល​ដក​ពិសោធន៍ដូច​អ្វី​ដែល​មន្ទីរពេទ្យ​សៀងហៃ​បាន​ធ្វើ​លើ​អ្នកជំងឺកូវីដ១៩។ នេះ​បើ​តាម​សម្រង់​សារព័ត៌មាន​ញូវយ៉កប៉ុស្តិ៍។ គ្រូពេទ្យ​ទទួល​បន្ទុក​ព្យាបាល​ផ្នែកកូវីត​ បាន​ប្រកាសថា​មានអ្នកជំងឺខ្លះ​បាន​ទទួល​ថ្នាំ​វីតាមីនសេ បន្ថែម​ពី​លើ​ការ​ព្យបាល​ដោយ​ថ្នាំ​អ៊ីដ្រូស៊ីក្លរ៉ូគីន និង​ថ្នាំ​ផ្សះ​អាស្ហ៊ីត្រូមីស៊ីន Azithromycine។

​ជា​សរុបមក វីតាមីនសេ មិនមែន​ជា​ថ្នាំ​ព្យាបាល​ជំងឺកូវីដ​១៩​ទេ។ ​​​អ្នក​វិទ្យាសាស្ត្រា​សុខាភិបាល ក៏​មិន​ណែនាំ​ដល់​សាធារណជនទូទៅ ឱ្យ​ទទួល​ទាន​វីតាមីនសេ ដើម្បី ការពារខ្លួន​ពី កូរ៉ូណាវីរុស​ដែរ។ លោក​អ្នក​អាចទទួល​ទាន​ វីតាមីនសេ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារខ្លួន ជា​ប្រចាំ​ ​តាម​ទម្លាប់របស់​អ្នកបាន ប៉ុន្តែ​សូម​ប្រយ័ត្ន សូម​កុំលេប​ថ្នាំ​វីតាមីនសេ ឱ្យ​លើស​ពី ១១០មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ឱ្យ​សោះ។ ហាមដាច់ខាត​មិនឱ្យ​លេប​ថ្នាំ​វីតាមីនសេ ក្នុង​បរិមាណខ្ពស់ ដោយ​គ្មាន​វេជ្ជបញ្ជា និង​ការ​តាមដាន​របស់​គ្រូពេទ្យ។ វីតាមីនសេ ក៏​ដូច​ជា​ថ្នាំ​ផ្សេង​ទៀត​ សុទ្ធ​តែ​អាវុធ​មុខ​ពីរ អាច​ផ្តល់​ផល​អាក្រក់​​ដល់​សុខភាព​វិញ បើ​យើង​ប្រើប្រាស់​មិន​ត្រឹម​ត្រូវ​។

តើ​វីតាមីនសេ (Vitamine C) ជា​អ្វី ?

​វីតាមីន​សេ ជា​អង់ទីអុកស៊ីដង់ ជា​សារធាតុ​ប្រឆាំង​នឹង​ស្ត្រេស ប្រឆាំង​នឹង​ការ​នឿយ​ហត់។ វីតាមីន​សេ គឺ​ជា​អង់ទីអុកស៊ីដង់​ដ៏​ប្រពៃ​បំផុត​មួយ ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ចាស់​ជរា​របស់​កោសិកា​។ ឧស្សាហកម្ម​ចំណី​អាហារ ​ ប្រើ​វីតាមីន​សេ​នេះ​ច្រើនណាស់ ដើម្បី​ជា​ជំនួយ​ខាង​ផ្នែក​​រក្សា​ទុក​បាន​យូរ ក្រោម​ឈ្មោះ​ថា​បច្ចេកទេស ថា អាស៊ីត អាស្កប៊ិច Acide Ascorbique ឬ​ជា​អក្សរ​កូដ​​សម្ងាត់​ដែល​ចាប់​ផ្តើម​ដោយ​E300។ សមត្ថភាព​ផ្នែក​រក្សា​ទុក​​របស់​វីតាមីនសេ ក៏​មាន​ឃើញ​ប្រើ​ ជា​លក្ខណៈ​គ្រួសារ​ ក្បួន​បូរាណរបស់​មនុស្ស​ចាស់ ដូច​ជា​ ច្របាច់​ក្រូច​ឆ្មា​ លើបន្លែ ឬ​ផ្លែ​ឈើ​ ចិត​សំបក​រួច ដើម្បី​កុំ​ឱ្យ​ឆាប់​ខ្មៅ​។ នេះ​ហើយ​ជា​តួនាទី​ និង​ប្រយោជន៍​មួយ​របស់​វីតាមីនសេ ដែល​មិន​ត្រឹម​តែ​ជា​អង់ទីអង់ស៊ីដង់​ទេ តែ​ក៏​ជា​អង់ទីអ៊ុកស៊ីត​ទៀត។

​ចំពោះ​មនុស្ស​វិញ កង្វះ​វីតាមីន​ អាច​ស្តែង​ឱ្យ​ដឹងបាន​​ ដរាប​ណា​យើង​ទទួល​ទាន​(អាហារ​មាន) ​វីតាមីសេ​តិច​ជាង​១០​មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ ​រោគ​សញ្ញា​ដែល​អាច​សម្គាល់​​បាន​ថា​មនុស្ស​ម្នាក់​ជួប​គ្រោះ​ខ្វះ​សារជាតិ​វីតាមីនសេ មាន​ជា​អាទិ៍ ការ​សន្តក​ជើង​ធ្មេញ​ អញ្ចាញ​ហើម​ខ្ទុះ មាន​ហូរ​ឈាម​ និង​​បើ​កាន់​តែ​ធ្ងន់​ធ្ងរ​អាច​បង្ក​ឱ្យ​ស្លាប់​។ ប៉ុន្តែ​មនុស្ស​សម័យ​បច្ចុប្បន្ន មិន​ថា​នៅ​ក្នុង​ប្រទេស​ជឿន​លឿន និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ កម្រ​មាន​ករណី​ខ្វះ​ជាតិ វីតាមីន​សេ ​ណាស់។

វីតាមីន​សេ មិនមែន​មាន​តែ​នៅ​ក្នុង​ថ្នាំទេ។ វីតាមីនសេ មាន​នៅ​ក្នុងធម្មជាតិ ក្នុង​​ស្ទើរ​គ្រប់​បន្លែ​ និង​ផ្លែឈើ ឆៅ។ ខ្លួន​ប្រាណ​មនុស្ស​ ​មិន​ចេះ​ស្តុក​វីតាមីនសេ​ទុក​ទេ ហើយ​ក៏​មិន​ចេះ​ផលិត​វីតាមីន​ដែរ។ មាន​តែ​ការ​ទទួល​ទាន​អាហារ​ម្យ៉ាង​គត់​ ដែល​ជា​ប្រភព​ផ្តល់​វីតាមីន​សម្រាប់​ទៅ​ចិញ្ចឹម​រាងកាយ​ជា​ប្រចាំ។ ដើម្បី​ទ្រទ្រង់​សុខភាព​រាងកាយ​ឱ្យ​មាន​រឹងមាំ សូមផ្តល់​វីតាមីន​សេឱ្យ​បាន​​២០០​មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​​។

បន្លែ​ផ្លែឈើ ដែល​មាន​ផ្ទុក​វីតាមីន​សេ ច្រើន​ជាង​គេ​នៅ​ប្រទេស​កម្ពុជា គឺ​ ផ្លែ​ត្របែក (ត្របែក​មួយ​ខាំ​ផ្តល់​វីតាមីនសេ ដល់​ទៅ ២៤០​មីល្លីក្រាម) និង​ម្ទេស​ប្លោក​បារាំង​ពណ៌​ក្រហម (មួយ​ខាំ​ផ្តល់​១៦៥​មីល្លីក្រាម) និង​បន្ត​បន្ទាប់មក​មាន​ដូច​ជា​ផ្កា​ស្ពៃ​ខៀវ ប្រូកូលី ស្ពៃ​ក្តោប​ខៀវ ឬ​ផ្លែ​គីវី និង​ពពួក​ផ្លែ​ក្រូច។ ជា​ឧទាហរណ៍​ជាក់​ស្តែង ក្នុង​មួយ​ថ្ងៃ យើង​ទទួល​ទាន​ផ្លែ​ឈើ​ស្រស់​ពីរ​ផ្លែ (ចេក​មួយ​ ប៉ោម​មួយ ឬ​ក្រូច​មួយ ត្រសក់​ស្រូវ​មួយ​ជ្រុង) និង​បន្លែ​ឆៅ​ពីរ​បី​មុខ សាលាដ ត្រសក់​ ប៉េង​បោះ​ ជីរ​​​... គឺ​គ្រប់គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​វីតាមីនសេ​ដល់​ខ្លួន​ប្រាណ​ហើយ។

ដោយ​សារ​តែ​គុណ​ប្រយោជន៍​ដ៏​​មហាសាល​របស់​វីតាមីន​សេ បាន​​មនុស្ស​ទូទៅ មិន​ថា​នៅ​សុក្រ​ក្តៅ សុ្រក​ត្រជាក់ ប្រទេស​ជឿន​លឿន​ឬ​ក្រីក្រ​កំពុង​អភិវឌ្ឍន៍​ទេ តែ​ស្វែង​រក​ថ្នាំ​ វីតាមីន​សេ ជា​គ្រាប់​ថ្នាំ​មក​លេប​ជា​ជំនួយ​​សុខភាព ខ្លាច​ក្រែង​ចំណីអាហារ​​ដែល​យើង​ទទួល​ផ្តល់​វីតាមីនសេ​មិន​គ្រាន់។ ក្តៅ​ខ្លួន មាន​​អារម្មណ៍​នឿយ​ហត់ ចង់​ផ្តាសាយ និង​ក្នុង​បរិបទ​នៃ​វិបត្តិកូវីដ១៩ គេ​ក៏​នឹក​ឃើញ​ភ្លាម ចង់​ទៅ​បៀម ឬ​លេប​ថ្នាំ​វីតាមីន​សេ។ ប៉ុន្តែសូម​ប្រយ័ត្ន  វីតាមីន​សេ ឬ ឡារូស្កូបីន ដែល​គេ​ស្គាល់​ខ្លាំង​នៅ​ប្រទេស​កម្ពុជា ជា​ថ្នាំ។ ​

ឡារ៉ូស្កូប៊ីន ឬ អាស៊ីត អាស្កប៊ិច ឬ​វីតាមីន​សេ មាន​ឈ្មោះ​ច្រើន​ហៅ​ផ្សេងៗ ទៅ​តាមម៉ាក​របស់​​ក្រុមហ៊ុន​ឱសថសាស្ត្រ ខ្លះ​ជា​ថ្នាំ​គ្រាប់​​សម្រាប់​លេប បៀម គ្រាប់​ដាក់​ទឹកពុះ​ ឬ​ជា​ថ្នាំ​ចាក់​ ជា​ថ្នាំ​ដែល​លក់​ដាច់ជាង​គេ​នៅ​លើ​ពិភពលោក។ ​ទីផ្សារ​លក់​ថ្នាំ​វីតាមីន​សេ មាន​ទំហំ​ដល់​៤០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ៗ ប៉ុន្តែ​តាមការពិត​ទៅ​នោះ​ថ្នាំ​វីតាមីនសេ មិន​អាច​ផ្តល់​គុណ​ប្រយោជន៍​ពិត ដូច​ដែល​គ្រប់​គ្នា​យល់​ឃើញ​នោះ​ទេ។ ​​ការ​ទទួល​ទានថ្នាំ​​វីតាមីនសេ ច្រើន​ហួស​ចំណុះ​ពេក​ មិន​ល្អ​ទេ។ ទទួល​ទានថ្នាំ​​វីតាមីន​សេ ច្រើន​ជ្រុល អាច​នឹង​ធ្វើ​ឱ្យ​​មាន​ផល​ប៉ះពាល់​ជា​ច្រើន ដូច​ជា​មានរោគរាករូស ឬ​មាន​គ្រួសក្នុង​តម្រង​នោម។ សរីរាង្គ​កាយ​មនុស្ស​យើង ត្រូវ​ការ​យ៉ាង​ច្រើន​បំផុត​ជីវជាតិ​វីតាមីន​សេ ២០០​មីល្លីក្រាម ក្នុង​មួយ​ថ្ងៃ ទោះ​បី​ជា​យើង​ឈឺ​ក៏​ដោយ។ ពោល​គឺ​ស្មើ​នឹង​ការ​បរិភោគ​ផ្លែ​គីវី ពីរ ឬ​ផ្លែ​ក្រូច​ឃ្វិច​បួន ក្រូច​ពោធិសាត់​មួយ​ផ្លែ (៣០០​ក្រាម) ក្នុង​មួយ​ថ្ងៃ នេះ​មិន​រាប់​ពី​វីតាមីនសេ ដែល​មាន​ផ្ទុក​ក្នុង​ម្ហូប​អាហារ​ បន្លែ​ផ្លែ​ឈើ ដែល​យើង​ទទួល​ពេញ​មួយ​ថ្ងៃ​ផង។ ដូច្នេះ​ការ​ទទួលទាន​​ថ្នាំ​វីតាមីន​សេ បន្ថែម​គឺ​គ្រាន់​តែ​ដើម្បី​ចិញ្ចឹម​ក្រុមហ៊ុន​ឱសថ និង​ មិន​ប្រាកដ​ថា​អាច​ជួយការពារ​ខ្លួនប្រាណទប់​ទល់​នឹង​ជំងឺកូវីដ​១៩​នោះ។

ដើម្បីការ​ពារ​កុំ​ឱ្យ​ឆ្លង​កូវីដ​១៩​ អង្គការ​សុខភាពពិភពលោក​ សូម​ណែនាំ​ពលរដ្ឋ​ទាំងអស់ ឱ្យ​ប្រកាន់​ខ្ជាប់នូវ​កាយវិការ​ការពារការចម្លង​រោគ ដោយ​ត្រូវលាង​ដៃ​នឹង​សាប៊ូ​ឱ្យ​បាន​ញឹកញាប់ ឬ​ជាមួយ​នឹង​ល្បាយ​អាល់លកុល​ បើ​គ្មានទឹក​គ្មាន​សាប៊ូ។ ត្រូវ​ខ្ទប់​មាត់​នៅ​ក្អក​កណ្តាស់ដោយ​ប្រើ​កន្សែង​ក្រដាស ឬ​ខ្ទប់​នឹង​កែង​ដៃ។ កាត់​បន្ថយ​ការ​ជួប​ជុំ​គ្នា​ច្រើន​ នៅ​តែ​ផ្ទះក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត និង​រក្សា​គម្លាត​សុវត្ថិភាព នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ យ៉ាង​ហោច​មួយ​ម៉ែត្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI