រដ្ឋាភិបាលបញ្ចប់បម្រាមគោចរមុនពេលថ្ងៃកំណត់មកដល់ ដើម្បីកុំឲ្យស្ទះចរាចរណ៍
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចប់ហើយ នូវបម្រាមគោចរដែលមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងពីខេត្តមួយទៅកាន់ខេត្តមួយទៀតក្នុងអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំខ្មែរ ដែលត្រូវបានដាក់ចេញកាលពីម៉ោង២៤យប់ថ្ងៃទី៩មេសា។ ការប្រកាសបញ្ចប់បម្រាមគោចរនៅពេលនេះ ធ្វើឡើងមុនដល់ពេលកំណត់១៨ម៉ោង ពោលបម្រាមចាស់នឹងត្រូវផុតកំណត់នៅម៉ោង២៤ថ្ងៃទី១៦មេសានេះ។
យោងតាមសេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន នៅថ្ងៃទី១៦មេសា ការបញ្ចប់សុពលភាពបទបញ្ជាលេខ០២ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩នោះ ដោយយោងលើតម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋដើម្បីជៀសវាងការកកស្ទះចរាចរណ៍។
ភ្លាមៗក្រោយពេលបញ្ចប់បម្រាមនេះ លោក ហ៊ុន សែន បានអរគុណសារជាថ្មីដល់ជនរួមជាតិដែលបានយោគយល់ដល់ការដាក់បម្រាមមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តបណ្តោះអាសន្នរយៈពេលខ្លីកន្លងទៅនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។
សូមរំឭកថា បម្រាបគោចររបស់រដ្ឋាភិបាលដែលចេញជាបន្ទាន់កាលពីថ្ងៃទី៩មេសា ពោលមុនពេលកម្មករសម្រុកនាំគ្នាចេញពីភ្នំពេញទៅកាន់ស្រុកកំណើតនោះគឺបានកែប្រែលក្ខខណ្ឌមួយចំនួនជាបន្តបន្ទាប់។ ដំបូងឡើយបម្រាមនេះគឺហាមឃាត់ការធ្វើដំណើរពីភ្នំពេញទៅកាន់បណ្តាខេត្តទាំងអស់ និងហាមការធ្វើដំណើរពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តនីមួយៗ។ ប៉ុន្តែបន្តិចក្រោយមក បានលុបចោលនូវបម្រាបធ្វើដំណើរពីស្រុកមួយទៅស្រុកមួយនៅក្នុងខេត្ត ហើយក៏អនុញ្ញាតផងដែរ សម្រាប់អ្នកភ្នំពេញនិងខេត្តកណ្តាលអាចធ្វើដំណើរបាន។
យ៉ាងណាក៏ដោយ គេកត់សំគាល់ឃើញថា ទោះបីជាមានបម្រាមយ៉ាងនេះក្តីតែមនុស្សមួយចំនួននៅតែជំនៈចាកចេញពីទីក្រុងភ្នំពេញទាំងយប់នៅក្រោមដំណក់ទឹកភ្លៀងយ៉ាងជោគជាំ។ លើសពីនេះទៀតមនុស្សមួយចំនួនបានបន្លំខ្លួននៅក្នុងរថយន្តដឹកទំនិញធន់ធ្ងន់ ដើម្បីបានធ្វើដំណើរទៅកាន់ស្រុកកំណើត ខណៈរថយន្តដឹកទំនិញមិនត្រូវបានហាមឃាត់ការធ្វើចរាចរណ៍។
ការនេះបានធ្វើឲ្យលោកឧបនាយករដ្ឋមន្ត្រី ស ខេង ទទួលស្គាល់ថា វិធានការដាក់កំហិតការធ្វើដំណើររបស់ពលរដ្ឋមិនអាចអនុវត្តឲ្យមានប្រសិទ្ធិភាពទាំងស្រុងបានទេ។ បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសារតែវិធានការនេះ មិនមានការដាក់ទោសទណ្ឌអ្វីឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ