ច្បាប់-កូរ៉ូណាវីរុស

ក្តីបារម្ភរបស់មន្ត្រីសិទ្ធិមនុស្ស អ.ស.ប ទំនងជាមិនមានឥទ្ធិពលលើការអនុម័តច្បាប់ស្តីពីគ្រាអាសន្ននៅសប្តាហ៍នេះឡើយ

រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា © សហការី

បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ ព្រឹទ្ធ​សភា​កម្ពុជា នឹង​បើក​កិច្ច​ប្រជុំ​វិ​សមញ្ញ​ដើម្បី​ពិនិត្យ​និង​ឲ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន នៅ​ព្រឹក ថ្ងៃសុក្រ ទី ១៧ មេសា​ស្អែក​នេះ​។ ប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់ ដែល​មាន​៥ជំពូក និង​១២​មាត្រា​នេះ កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​របស់​មន្ត្រីសិទ្ធិ​មនុស្ស​៤រូប របស់​អង្គការ​សហ​ប្រជា​ជាតិ​ថា ប្រសិន​ជា​ត្រូវ​បាន​អនុម័ត ច្បាប់​នេះ អាច​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ខាង​សមាគម និង​សិទ្ធិ​ខាង​ជួប​ជុំ​ដោយ​សន្តិ​វិធី រួម​ទាំង​សិទ្ធិ​ក្នុង​ការ​ដើរ​ហើរ​ជា​ដើម​។

ផ្សាយពាណិជ្ជកម្ម

ក្តីបារម្ភរបស់មន្ត្រីសិទ្ធិមនុស្ស អ.ស.ប ទំនងជាមិនមានឥទ្ធិពលអ្វី លើការកែរប្រែលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលព្រឹទ្ធសភាកម្ពុជា គ្រោងនឹងយកទៅអនុម័តនៅថ្ងៃសុក្រ សប្តាហ៍នេះឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ១៦ មេសានេះ បានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅប្រជុំអនុម័ត នៅថ្ងៃសុក្រ ទី១៧ មេសានេះ ខណៈដែលគណៈកម្មការជំនាញព្រឹទ្ធសភាបានគូសបញ្ជាក់ថា ច្បាប់នេះ មិនមានចំណុចអ្វី ខ្ទាស់ឬខុសពីរដ្ឋធម្មនុញ្ញកម្ពុជានោះឡើយ។

គួរជំរាបជូនថា សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលមាន៥ជំពូក និង១២មាត្រា ត្រូវបានរដ្ឋសភាកម្ពុជាអនុម័ត កាលពីថ្ងៃសុក្រ ទី ១០ មេសា កំពុងក្លាយជាក្តីបារម្ភរបស់មន្ត្រីសិទ្ធិមនុស្ស៤រូបរបស់អង្គការសហប្រជាជាតិ។ តាមរយៈលិខិតរួមគ្នាមួយ កាលពីថ្ងៃទី ០៩ មេសា ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលនាំមុខដោយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិស្តីពីកម្ពុជា បានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួនថា ប្រសិនជាត្រូវបានអនុម័តមែន ច្បាប់នេះ អាចនឹងរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិខាងសមាគម និងសិទ្ធិខាងជួបជុំដោយសន្តិវិធី រួមទាំងសិទ្ធិក្នុងការដើរហើរ ដូចមាន ចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាដើម។

តាមរយៈលិខិតកម្រាស់៤ទំព័រនោះ អ្នកជំនាញឯករាជ្យនៃអង្គការសហប្រជាជាតិ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ព័ត៌មាន ស្តីពី វិធានការទាំងឡាយ ដែលត្រូវអនុវត្ត ដើម្បីធានាអនុលោមភាពនៃសេចក្តីព្រាងច្បាប់នេះ តាមកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្រោមច្បាប់និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។ ប៉ុន្តែតាមរយៈសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១៣ មេសា បានចាត់ទុកថា ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននេះ មិនមែនជាករណីដោយឡែកសម្រាប់កម្ពុជានោះទេ ពោលគឺបណ្តាប្រទេសប្រជាធិបតេយ្យជាច្រើនផ្សេងទៀត ក៏មានច្បាប់នេះ សម្រាប់គ្រប់គ្រងប្រទេសជាតិរបស់គេ ក្នុងស្ថានភាពគ្រាអាសន្ននេះដែរ ហើយដែលអនុញ្ញាតដោយបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមមាន រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា២២ថ្មី មាត្រា៣១ មាត្រា៨៦ និងមាត្រា១០២ថ្មី សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស មាត្រា២៩ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ មាត្រា៤ ការបកស្រាយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រួមទាំងសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI