កម្ពុជា-កូរ៉ូណាវីរុស

ក្រសួងការងារព្រមានបញ្ឈប់ការងារកម្មករណា ដែលមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក១៤ថ្ងៃ ក្រោយត្រលប់ពីចូលឆ្នាំ

កម្មករ កម្មការនី (រូបភាពតំណាងទូទៅ)
កម្មករ កម្មការនី (រូបភាពតំណាងទូទៅ) © Internet

ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា ក្នុង​ករណីដែលកម្មករ​និយោជិត​ណាម្នាក់ មិន​សហការអនុវត្តវិធាន​ចត្តាឡីស័ក ឬ បំពាន​វិធានការ​នេះ ហើយ​បង្ក​ជាការភ័យ​ខ្លាច​ដល់​កម្មករ​នយោជិត​ដទៃទៀត ក្រោយ​ពី​ខ្លួន​ត្រលប់​មក​ពីពិធីបុណ្យ​ចូលឆ្នាំខ្មែរនោះ គឺអាចត្រូវបង្ខំ​ឲ្យ​ឈប់​ពីការ​ងារ​ដោយ​មិន​ទទួលបាន​ការទូទាត់​អត្ថប្រយោជន៍​អ្វីទាំងអស់​ពីនយោជក។ នេះបើយោង​តាម​សេចក្តី​ណែនាំរបស់ក្រសួងការងារ នៅ​រសៀល​ថ្ងៃទី ១៧ខែមេសានេះ ស្តីពីវិធានការ​ចត្តាឡីស័ក​ចំពោះកម្មករនយោជិត នៅតាមរោងចក្រ​ សហគ្រាស​ គ្រឹះស្ថាន​ ដែលបាន​ឈប់​សម្រាក​អំឡុងពេល​បុណ្យ​ចូលឆ្នាំខ្មែរ និង​ចូល​បម្រើការងារវិញ។

ផ្សាយពាណិជ្ជកម្ម

វិធានការ​ចត្តា​ឡីស័ក​របស់​ក្រសួងការងារចំពោះ​កម្មករ​នយោជិត ដែល​ត្រូវចូល​បម្រើ​ការងារ​នៅតាមរោងចក្រ ក្នុងរាជធានីភ្នំពេញ ក្រោយ​ពីបានឈប់​សម្រាក​ទៅចូលរួម​ពិធីបុណ្យ​ចូលឆ្នាំខ្មែរកន្លងមក​នោះ រួមមាន​ដូចជា ការ​តម្រូវ​ឲ្យ​ដាក់​ខ្លួនឯងឲ្យ​នៅដាច់ដោយឡែក​រយៈពេល ១៤ថ្ងៃ តាមការ​កំណត់​របស់ក្រុម​គ្រូពេទ្យ ឬ អាជ្ញាធរមាន​សមត្ថកិច្ច។

ហើយ​ក្នុងអំឡុងពេល​ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ មិនថានៅផ្ទះជួល ឬ នៅកន្លែងស្នាក់នៅផ្ទាល់ខ្លួន ឬ នៅកន្លែង​ដែលមានការ​រៀបចំដោយក្រសួងទេ គឺកម្មករនិយោជិត​នោះ ត្រូវតែ​រាយការណ៍ពីស្ថានភាព​សុខភាព​របស់ខ្លួន​ដល់​ខាងរដ្ឋបាល​រោងចក្រ​ជារៀង​រាល់​ថ្ងៃ និង​ត្រូវមាន​ទំនាក់ទំនង​ជិត​ស្និទ្ធិ​ជាមួយ​មន្ត្រី​ជំនាញសុខាភិបាល ឬ ទាក់ទងទៅកាន់លេខទូរស័ព្ទ ១១៥។

ក្រសួងការងារ បានបញ្ជាក់ថា និយោជក​ ឬ ម្ចាស់រោងចក្រ មិន​មាន​កាតព្វកិច្ច​ផ្តល់​ប្រាក់​ឈ្នួល​ដល់កម្មករនិយោជិត​ណាម្នាក់ ដែល​ឈប់​សម្រាក​ដោយ​ឯកឯង ឬ គ្មាន​ការអនុញ្ញាត​ពីនិយោជក ក្នុង​ពេល​ធ្វើ​ចត្តាឡីស័ក​នេះឡើយ។ ប៉ុន្តែភាគី​ថៅកែ នឹង​ផ្តល់​ប្រាក់​ឈ្នួល​ត្រឹមតែ ៧ថ្ងៃ ដល់​កម្មករនិយោជិត ដែល​ឈប់​សម្រាក​មាន​ច្បាប់ពីនិយោជក។ ហើយ​ចំពោះកម្មករនិយោជិត​ណា ដែល​អវត្តមានដោយមានការ​អនុញ្ញាត  ដោយ​សារធុរៈពិសេស ដូចជាករណីភរិយាឆ្លងទន្លេ ឬ សាច់ញាតិ ទទួល​មរណភាពជាដើមនោះ ត្រូវតែទទួលបាន​ប្រាក់​ឈ្នួល​ ១៤ថ្ងៃ ពេញដដែល។

តាមសេចក្តីជូនដំណឹង ៣ទំព័ររបស់ក្រសួងការងារដែរ ក្រោយ​តាម​ដាន​សុខភាពរយៈពេល១៤ថ្ងៃហើយ កម្មករនិយោជិតទាំងនោះ ក៏ត្រូវតែពាក់ម៉ាសជាដាច់ខាតពេល​ចូល​ធ្វើការ ហើយ​និយោជក ត្រូវតែផ្តល់​ម៉ាស និង​បន្ត​តាមដាន​សុខភាពនយោជិតរបស់ខ្លួន។

យ៉ាងណាមិញ ប្រសិនបើ​មានកម្មករនិយោជិតណាម្នាក់ ​ល្មើស មិនគោរព​វិធានចត្តាឡីស័កទាំងនេះ ក្រសួងការងារ ព្រមាន​ឲ្យ​និយោជក បញ្ឈប់​ពីការងារ ដោយ​មិន​ឲ្យ​មានការ​ទូទាត់​អត្ថប្រយោជន៍អ្វីទាំងអស់។

គួរជម្រាបជូនថា ក្រោយ​ពេល​ដែលរដ្ឋាភិបាល បាន​ប្រកាស​ដក​បម្រាម​គោចរ ៧ថ្ងៃ ក្នុង​អំឡុងពិធីបុណ្យ​ចូលឆ្នាំខ្មែរ ដើម្បីបង្កាការ​ចម្លង​ជំងឺកូវីដ ១៩​នោះ សាលារាជធានីភ្នំពេញ បាន​ឲ្យ​ដឹងនៅថ្ងៃសុក្រ ទី ១៧មេសាថា មាន​កម្មករនិយោជិត ជាង ១ម៉ឺន៥ពាន់នាក់ (១៥ ៧២៦នាក់) នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ បន្ទា​ប់ពីពួកគេបានទៅលេងស្រុកកំណើត ក្នុងអំឡុងបុណ្យចូលឆ្នាំប្រណៃជាតិខ្មែរ ដែលផ្ទុយពីបម្រាមរបស់រដ្ឋាភិបាលកម្ពុជា។

រដ្ឋបាល​រាជធានីភ្នំពេញ ​បាន​ត្រៀម​ដាក់​កម្មករ និយោជិត​ទាំងនោះ​ ឱ្យស្នាក់នៅក្នុងសាលារៀនចំនួន៣៧សាលា ដែលមានបន្ទប់ចំនួ ៦៩៩បន្ទប់ ក្នុង​រាជធានីភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI