អានតួអត្ថបទ
ខ្មែរក្រហម-ការចងចាំ

១៧មេសាថ្ងៃឡើងកាន់អំណាចរបស់ខ្មែរក្រហម៖ អ្នកនយោបាយខ្មែររំឭកពីភាពឈឺចាប់នៃរបបអាវខ្មៅនេះ

ថ្ងៃដែលខ្មែរក្រហមចូលមកដល់ទីក្រុងភ្នំពេញ ១៧មេសា ១៩៧៩ (រូបភាពឯកសារ)
ថ្ងៃដែលខ្មែរក្រហមចូលមកដល់ទីក្រុងភ្នំពេញ ១៧មេសា ១៩៧៩ (រូបភាពឯកសារ) © Internet
ដោយ៖ អ៊ឹង ប៊ុនថន
១៣ នាទី

អ្នកនយោបាយខ្មែរ​លេចធ្លោចំនួន២រូបបាន​រំឭកពីព្រឹត្តិការណ៍​នៃការឡើងកាន់អំណាច​របស់​ពួក​ខ្មែរ​ក្រហម​កាលពី ថ្ងៃទី១៧​មេសា​ឆ្នាំ​១៩៧៥ ដែលជា​ខួប​៤៥ឆ្នាំ​នៅថ្ងៃនេះ។ ប៉ុន្តែ​ការ​ឡើង​កាន់​អំណាច​របស់​របប​អាវ​ខ្មៅ​មួយនេះ គឺបានធ្វើ​ឲ្យ​ប្រជាជន​ស្លាប់​អស់ប្រមាណជាង២លាន​នាក់ ​តែ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ ៨ខែ និង​២០​ថ្ងៃ​ដោយ​សារតែ​ការ​កាប់​សម្លាប់ ការ​បង្ខំឲ្យ​ធ្វើ​ការ​លើស​កម្លាំង ការ​អត់អាហារ​ និង​ជំងឺ​ផ្សេងៗ។

ផ្សាយពាណិជ្ជកម្ម

«ចងចាំថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត»។​នេះគឺជា​ចំណង​ជើង​នៃ​អត្ថបទ​របស់​ ​ប្រមុខ​រដ្ឋាភិបាលកម្ពុជា​សព្វថ្ងៃ លោក ហ៊ុន សែន។ លោក ហ៊ុន សែន បានចាត់​ទុក​ការឡើងកាន់អំណាចនៃរបប «កម្ពុជាប្រជាធិបតេយ្យ»របស់​​ខ្មែរ​ក្រហម​ថាជារបប«ក្លែងក្លាយ» ដែលបន្ទាប់មកបានក្លាយទៅជារបប «ប្រល័យពូជសាសន៍ប៉ុលពត» ឬហៅថា «របបខ្មែរក្រហម»។

លោក​ប្រមុខ​រដ្ឋាភិបាល​បាន​រំឭកថា ថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលឲ្យចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួក​ខ្មែរ​ក្រហម​បានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ ដោយបានបង្ខំឲ្យធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងជួបជុំក្រុមគ្រួសារឡើយ។

បើតាម​លោក ហ៊ុន សែន ក្រោមការគ្រប់គ្រងរបស់របបប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ ខែ ២០ ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកជួយប្រទេសកម្ពុជាឡើយ។

ចំណែក លោក សម រង្ស៊ី វិញក៏រំឭកផងដែរពីថ្ងៃ​ឡើង​កាន់​អំណាច​របស់​ខ្មែរ​ក្រហម​១៧មេសា​១៩៧៥។ មេដឹកនាំ​បក្សប្រឆាំងរូបនេះ​បាន​អះអាងថា របប ប៉ុល ពត បានធ្វើឲ្យប្រជារាស្រ្តខ្មែរ វេទនាយ៉ាងខ្លាំង ហើយបណ្តាលឲ្យពលរដ្ឋ បាត់បង់ជីវិត ប្រមាណ២លាននាក់។ លោក សម រង្ស៊ី អះអាងថា របបនេះ ខ្មែរ​ក្រហមនេះបានប្រព្រឹត្តអំពើឧក្រិដ្ឋរបស់ខ្លួន ដោយសារតែទទួលបានការគាំទ្រពីចិនកុម្មុយនីស្ត។

សូមជម្រាបថា សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៌ខ្មៅមួយពណ៌មួយកំប៉្លេគត់។ ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបខ្មែរ​ក្រហមបានធ្វើទារុណកម្ម និងវាយសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ