អានតួអត្ថបទ
កម្ពុជា ច្បាប់

ទូតកម្ពុជាប្រចាំនៅអ.ស.ប៖ ការព្រួយបារម្ភរបស់មន្ត្រីសិទ្ធិមនុស្ស មិនត្រូវធ្វើឲ្យប៉ះពាល់ដល់កាតព្វកិច្ចរបស់កម្ពុជាឡើយ

ទង់អង្គការសហប្រជាជាតិ (រូបភាពតំណាង)
ទង់អង្គការសហប្រជាជាតិ (រូបភាពតំណាង) © Internet
ដោយ៖ វ៉ា សំណព្វ
២០ នាទី

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ បាន​លើក​ឡើង​ថា ការ​ព្រួយ​បារម្ភ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កាតព្វ​កិច្ច​របស់​កម្ពុជា ក្នុង​ការ​គាំពារ​អាយុ​ជីវិត​ប្រជា​ជន និង​សុខ​ភាព​សាធារណៈ​របស់​ខ្លួន​នោះ​ឡើយ​។  ការ​ឆ្លើយ​តប​នេះ គឺ​បន្ទាប់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ ចំនួន​៤រូប បាន​សរសេរ​លិខិត​រួម​គ្នា​មក​កាន់​កម្ពុជា ដោយ​បាន​លើក​ឡើង​ថា ការ​អនុម័ត​ច្បាប់ ស្តីពី ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន អាច​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ខាង​សមាគម សិទ្ធិ​ខាង​ជួប​ជុំ​ដោយ​សន្តិវិធី រួម​ទាំង​សិទ្ធិ​ក្នុង​ការ​ដើរ​ហើរ​ជា​ដើម​។

ផ្សាយពាណិជ្ជកម្ម

«វាជាបញ្ហាធម្មតាទេ នៅពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះការគម្រាមកំហែងដ៏គួរឲ្យភ័យខ្លាច និងហានិភ័យដល់អាយុជីវិតមនុស្ស ដែលបង្កឡើងដោយជំងឺឆ្លងកូរ៉ូណា ឬ កូវីដ១៩ ប្រទេសជាច្រើនត្រូវបានបង្ខំចិត្តក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអាយុជីវិតប្រជាជន និងសុខភាពសាធារណៈ ដោយមានការដាក់កម្រិតទៅលើសេរីភាពនៃការបម្លាស់ទី ការជួបជុំ និងឯកជនភាពជាដើម»។ នេះ គឺជាការឆ្លើយតបរបស់ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ទៅនឹងក្តីបារម្ភរបស់ក្រុមមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៦ មេសា ដោយបន្ថែមថា យ៉ាងហោចណាស់មានប្រទេសចំនួន៧០នៅទូទាំងពិភពលោក បានប្រកាសដាក់ប្រទេសឲ្យនៅក្នុងភាពអាសន្ន និងចាត់វិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

ការឆ្លើយតបរបស់ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងសឺណែវប្រទេសស្វីសនេះ គឺបន្ទាប់ពីក្រុមមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន៤រូប នាំមុខដោយលោកស្រី រ៉ូណា ស្មីត បានលើកឡើងពីក្តីព្រួយបារម្ភរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានធ្វើសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ក្រុមមន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានលើកឡើងនៅក្នុងលិខិតរួមគ្នាមួយកាលពីថ្ងៃទី ០៩ មេសាថា ប្រសិនជាត្រូវបានអនុម័តមែន ច្បាប់នេះ អាចនឹងរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិខាងសមាគម និងសិទ្ធិខាងជួបជុំដោយសន្តិវិធី រួមទាំងសិទ្ធិក្នុងការដើរហើរ ដូចមាន ចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាដើម។ តាមរយៈលិខិតកម្រាស់៤ទំព័រនោះ អ្នកជំនាញឯករាជ្យនៃអង្គការសហប្រជាជាតិ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ព័ត៌មាន ស្តីពី វិធានការទាំងឡាយ ដែលត្រូវអនុវត្ត ដើម្បីធានាអនុលោមភាពនៃសេចក្តីព្រាងច្បាប់នេះ តាមកាតព្វកិច្ចរបស់ប្រទេសកម្ពុជា ក្រោមច្បាប់និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។

ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងការឆ្លើយតបរបស់ខ្លួននៅថ្ងៃទី ១៦ មេសា ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងថា ការព្រួយបារម្ភរបស់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ គឺមិនត្រូវធ្វើឲ្យប៉ះពាល់ដល់កាតព្វកិច្ចរបស់កម្ពុជា ក្នុងការគាំពារអាយុជីវិតប្រជាជន និងសុខភាពសាធារណៈ ការការពារសន្តិសុខជាតិ និងការរក្សាសណ្តាប់ធ្នាប់សាធារណៈរបស់ខ្លួននោះឡើយ។ ហើយថា ការអនុវត្តនេះ វាស្ថិតនៅក្នុងសិទ្ធិអធិបតេយ្យរបស់រដ្ឋាភិបាល ដែលជាអ្នកបំពេញករណីយកិច្ចក្នុងការការពារ និងធានាសន្តិសុខប្រជាជនរបស់ខ្លួន ពីការគម្រាមកំហែង និងគ្រោះថ្នាក់នានាគ្រប់ប្រភេទ។ នៅក្នុងប្រតិកម្មរបស់ខ្លួនដែលមានចំនួន ១១ ចំណុច ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានចាត់ទុកការលើកឡើងរបស់ក្រុមមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា ជាការលើកឡើងដែលមិនត្រឹមតែគ្មានមូលដ្ឋានច្បាស់លាស់ប៉ុណ្ណោះទេ តែថែមទាំងជាការបង្ហាញពីការអនុវត្តសិទ្ធិមនុស្សដោយរើសមុខ និងលំអៀងថែមទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ