កម្ពុជា កូរ៉ូណាវីរុស

កម្ពុជានៅតែបន្តប្រុងប្រយ័ត្ន ចំពោះរលកឆ្លងថ្មីនៃជំងឺកូវីដ១៩

លោក ម៉ម ប៊ុនហេង នៅ​ក្នុង​សន្និសីទកាសែត​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល​ស្ដី​ពី​ជំងឺ Covid-19 នៅ​កម្ពុជា
លោក ម៉ម ប៊ុនហេង នៅ​ក្នុង​សន្និសីទកាសែត​រៀបចំ​ដោយ​ក្រសួង​សុខាភិបាល​ស្ដី​ពី​ជំងឺ Covid-19 នៅ​កម្ពុជា © MoH

កម្ពុជា​នៅ​តែ​បន្ត​ប្រុងប្រយ័ត្ន ទោះបីជា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​កម្ពុជា​រក​មិន​ឃើញ​ករណីថ្មី​នៃ​ការ​ឆ្លង​កូវីដ១៩​ក៏​ដោយ​។ នេះ​ជា​ការ​អះអាង​របស់ លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នាថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២០​នេះ​។ ក្នុង​ឱកាស​នេះ​ដែរ​ ​រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​បាន​អះអាង​ថា​នឹង​ខិតខំយក​បទ​ពិសោធ​ការងារ​បច្ចុប្បន្ន​របស់​ក្រសួង​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជាតិ​បន្ត​ទៀត​។

ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​អំពី​ការ​ត្រៀម​ខ្លួន​ក្នុង​ករណី​ផ្ទុះការ​ឆ្លង​រាលដាល​ជាលើក​ទី២​នៃ​ជំងឺ​កូវីដ​១៩ លោក ម៉ម ប៊ុនហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា ​កម្ពុជា​នៅ​តែ​ប្រុងប្រយ័ត្ន តាម​រយៈ ការ​អប់រំ​ប្រជា​ពលរដ្ឋ ពង្រឹង​ការងារ​ក្នុង​ការ​ទប់ស្កាត់​ការ​នាំចូល​ករណី​ជំងឺ​កូវីដ​១៩ ទប់​ស្កាត់​ការ​ចម្លង​នៅ​ក្នុង​សហគមន៍ និង​ពង្រឹង​ការ​ថែទាំ​ព្យាបាល​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​កូវីដ​១៩​។ លោក​បញ្ជាក់​ថា យើង​ត្រូវ​តែ​ពង្រឹង​ការងារ​នេះ​បន្ត​ទៀត​ ដោយ​មិន​គួរ​មាន​ការ​ធ្វេស​ប្រហែស​នោះ​ទេ​។

ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះ កម្ពុជា​មិន​មាន​ករណីថ្មី​នៃ​ការ​ឆ្លង​ជំង​កូវីដ​១៩​នោះ​ទេ ទន្ទឹម​នោះ​ករណី​ព្យាបាល​ជា​សះស្បើយ​ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​នៅ​កម្ពុជា ក៏​បន្ត​កើន​ឡើង​ផង​ដែរ​។

បើទោះបីជា​មិន​មាន​ករណី​ឆ្លង​ថ្មី​ក៏​ដោយ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC នៅ​ថ្ងៃទី​១៨​ ខែ​មេសា​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បន្ត​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ​ នៅ​ឃ្លាត​ឆ្ងាយពីគ្នា​ មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់​។

ថ្លែងប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃទី​១៨ ខែ​មេសា​នេះ លោក​ម៉ម ប៊ុនហេង បាន​អះអាង​ថា ​ប្រទេស​នៅ​ជុំវិញ​កម្ពុជា​មិន​ទាន់​មាន​ការ​ថយចុះ​នៅ​ឡើយ​ចំពោះ​ការ​ឆ្លង​ជំងឺកូវីដ​១៩​នេះ​។ លោក​បន្ត​ថា​ជំងឺកូវីដ​១៩ គឺ​ជា​ជំងឺមួយ ដែលគ្មាន​រូបមន្ត​ព្យាបាល​ណា​ជាក់​លាក់​នោះ​ទេ ដោយ​មាន​តែ​ការ​អនុវត្ត​តាម​ស្ថាន​ការណ៍​ជាក់​ស្តែង​ប៉ុណ្ណោះ។​

បើតាម​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ បើទោះជា​មិន​មាន​ការ​ឆ្លង​រាលដាល​លើកទី២​នៃ​កូវីដ១៩ ឬ​មាន​ក្តី ប៉ុន្តែ​កម្ពុជា​ខិតខំ​ធ្វើ​លើក​នេះ​ឲ្យ​បាន​ល្អ ហើយ​ខិតខំ​ដក​ពិសោធ​ក្នុង​ការងារ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​របស់​ជាតិ​បន្ត​ទៀត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI