លោក ហេង សួរ៖ កម្មករ២នាក់ចេញរោគសញ្ញាកូវីដ១៩ និងបានយកសំណាកទៅពិនិត្យ
ចុះផ្សាយនៅថ្ងៃ៖
នៅព្រឹកថ្ងៃចន្ទនេះ ក្រុមមន្រ្តីជំនាញសុខាភិបាលបានចាប់ផ្តើមត្រួតពិនិត្យសុខភាពកម្មករ កម្មការិនីដែលបានទៅលេងបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើត។ ក្នុងចំណោមកម្មករ កម្មការិនីដែលពិនិត្យសុខភាពនៅថ្ងៃនេះ ក្រុមមន្រ្តីជំនាញសុខាភិបាលបានរកឃើញថា មានកម្មករ២នាក់មានចេញរោគសញ្ញានៃជំងឺកូវីដ-១៩ ហើយសំណាករបស់ពួកគេត្រូវបានបញ្ជូនទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានអះអាងប្រាប់ក្រុមអ្នកកាសែតថា គិតមកត្រឹមថ្ងៃចន្ទនេះ កម្មករ២នាក់ត្រូវបានរកឃើញថាមានរោគសញ្ញានៃជំងឺកូវីដ-១៩ តែលោកមិនបញ្ជាក់លម្អិតឡើយ ដោយគ្រាន់តែប្រាប់ថា សំណាករបស់ពួកគេត្រូវបានយកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ បើតាមលោកហេង សួរ ក្រៅពីកម្មករមានរោគសញ្ញាទាំង២នាក់នេះ កម្មករ កម្មការិនីដទៃទៀត គឺត្រូវដាក់ឱ្យដាច់ដោយពីគេរយៈពេល១៤ថ្ងៃសិន ដើម្បីបន្តតាមដានស្ថានភាពសុខភាព មុនអនុញ្ញាតឱ្យចូលបម្រើការងារ។
សូមបញ្ជាក់ថា កម្មករ កម្មការិនីដែលធ្វើការក្នុងវិស័យកាត់ដេរ និង ដេរស្បែកជើងចំនួនជិត៣ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជាត្រូវដាក់ឱ្យនៅដាច់ដោយឡែកពី បន្ទាប់ពីទៅស្រុកកំណើតក្នុងអំឡុងបុណ្យចូលឆ្នាំផ្ទុយពីបម្រាបរបស់រដ្ឋាភិបាល។ នៅរាជធានីភ្នំពេញ មានកម្មករ កម្មការិនីប្រមាណជា១ម៉ឺន៥ពាន់នាក់ ត្រូវដាក់នៅដាច់ដោយឡែកពីគេ។ សម្រាប់រាជធានីភ្នំពេញ ក្រសួងការងារ និង អាជ្ញាធរពាក់ព័ន្ធបានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ១០កន្លែង គឺនៅសួនឧស្សាហកម្មវឌ្ឍនៈ១ នៅសួនឧស្សាហកម្មកាណាឌីយ៉ា, អនុវិទ្យាល័យគោកបញ្ជាន់, សួនឧស្សាហកម្មវឌ្ឍនៈ២, វិទ្យាល័យជម្ពូវ័ន្ត, អនុវិទ្យាល័យដង្កោ, វិទ្យាល័យភ្នំពេញថ្មី, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, សាលាបឋមសិក្សាភូមិឫស្សី និងនៅវិទ្យាល័យឫស្សីកែវ។
លោកហេង សួរ បានគូសបញ្ជាក់ថា មណ្ឌលចត្តាឡីស័កទាំងនេះត្រូវបានបែងចែកជា២កម្រិត គឺមណ្ឌលចត្តាឡីស័កកម្រិត១ និងមណ្ឌលចត្តាឡីស័កកម្រិត២។ លោកពន្យល់ថា មណ្ឌលចត្តាឡីស័កកម្រិត១ គឺសម្រាប់កម្មករ កម្មការិនីដែលត្រូវការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេក្នុងផ្ទះ ឬបន្ទប់ជួលផ្ទាល់ខ្លួន ប៉ុន្តែ ម្ចាស់បន្ទប់ជួលមិនហ៊ានឱ្យនៅក្នុងបន្ទប់ជួលរបស់គេ។ ដូច្នេះ ពួកគេអាចមកស្នាក់នៅដាច់ដោយឡែកនៅមណ្ឌលនេះបាន។
ចំណែក មណ្ឌលចត្តាឡីស័កកម្រិត២វិញ គឺមានតែនៅអគារនៃវិទ្យាល័យជម្ពូរវ័ន្តហើយសម្រាប់ដាក់បុគ្គលដែលត្រូវបានគេយកសំណាកទៅត្រួតពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ ប្រសិនបើត្រួតពិនិត្យឃើញវិជ្ជមាន នឹងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី។ បើតាមលោកហេង សួរ មណ្ឌលចត្តាឡីស័កកម្រិត២ គឺក្នុង១បន្ទប់ស្នាក់នៅបានតែម្នាក់ប៉ុណ្ណោះ ខណៈអាគារចត្តាឡីស័កកម្រិត១ អាចស្នាក់បានលើសពីម្នាក់ គឺអាចដាក់មនុស្សប្រហែល ២,៥០០នាក់បាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ