កម្ពុជា កូរ៉ូណាវីរុស

ថវិកា​រដ្ឋ​និង​សប្បុរសជន​ប្រមាណ​១០​លាន​ដុល្លារ​ ត្រូវបាន​ចាយ​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូវីដ​១៩​

រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតថ្ងៃទី២០មេសា
រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតថ្ងៃទី២០មេសា © ក្រសួងសុខាភិបាល

នៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍ ដែលរៀបចំឡើងដោយក្រសួងសុខាភិបាលនៅថ្ងៃចន្ទទី២០ខែមេសានេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានទទួលថវិកាចំនួន ៤,៥លានដុល្លារពីក្រសួងហិរញ្ញវត្ថុ ក្នុងចំណោមថវិកាតម្រូវការចំនួន៦លានដុល្លារ។ ថវិកាទាំងនេះ គឺសម្រាប់ទិញសម្ភារៈពេទ្យផ្គត់ផ្គង់ទៅដល់ខេត្តក្រុងចំនួន២៥ រួមនឹងមន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យចាក់អង្រែ។ ដោយឡែកថវិកាមួយផ្នែកទៀតជាថវិកាសប្បុរសជន ដែលជាការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន១៣លានដុល្លារ។ ថវិកានេះត្រូវបានចំណាយទៅវិញអស់៥លានដុល្លារ ដោយមិនទាន់បានបូកជាមួយថវិកា១លានដុល្លារ ដែលត្រូវបានផ្ទេរទៅក្រសួងការងារ សម្រាប់ធ្វើតេស្តកម្មករ-កម្មការិនី ដែលបានវិលត្រលប់មកភ្នំពេញវិញ បន្ទាប់ពីចូលឆ្នាំខ្មែរ។ នេះបើតាមលោកស្រី យក់ សម្បត្តិ។