សេដ្ឋកិច្ច-កូរ៉ូណាវីរុស

លោកស្រី យក់ សម្បត្តិ៖ កម្ពុជាចាយអស់ជាង២ពាន់ដុល្លារក្នុងករណីជនបរទេសម្នាក់មានកូវីដ១៩

ប្រជាជននៅព្រលានយន្តហោះភ្នំពេញ កំពុងពាក់សម្លៀកបំពាក់ការពារកូវីដ១៩
ប្រជាជននៅព្រលានយន្តហោះភ្នំពេញ កំពុងពាក់សម្លៀកបំពាក់ការពារកូវីដ១៩ REUTERS - STRINGER

ក្រសួង​សុខាភិបាល​ ប៉ាន់ប្រមាណថា ជនបរទេសម្នាក់​ដែលរក​ឃើញកើតជំងឺកូវីដ១៩ គឺកម្ពុជាត្រូវ​ចំណាយ​អស់​ថវិកា​ខ្ទង់២០០០ទៅ២៥០០ដុល្លារក្នុង​មួយ​ករណី ខណៈ​ជនបរទេស​ដែល​​កើត​ជំងឺ​កូវីដ​១៩​នៅកម្ពុជា​មានជាង៧០នាក់។ ការ​ចំណាយនេះនៅមិនទាន់គិតទៅ​ដល់​ប្រាក់​ឧបត្ថម្ភ​គ្រូពេទ្យជូមុខ​​ដែល​ទទួល​បន្ទុក​ថែ​ទាំ​ និង​​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ដោយគ្រូពេទ្យម្នាក់​ទទួលបានប្រាក់​ឧត្ថម្ភ​បន្ថែម ៥០ដុល្លារក្នុង​មួយ​ថ្ងៃពីលើ​ប្រាក់​ខែ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល លោកស្រី យក់ សម្បត្តិ បានឆ្លើយតប​នឹង​សំណួរ​​របស់​អ្នក​កាសែត​​នៅក្នុង​សន្និសិទនៅព្រឹក​ថ្ងៃ​ចន្ទនេះថា ការ​ធ្វើ​តេស្តម្តងៗត្រូវចំណាយអស់ពី១០០ដុល្លារទៅ១២០ដុល្លារក្នុងមួយករណី ហើយអ្នកសង្ស័យកើត​ជំងឺ​កូវីដ១៩ ​ខ្លះ​ត្រូវ​ធ្វើ​តេស្តរហូតដល់១០ដងក៏មាន។ ដូចន្នេះបើជនបរទសម្នាក់ស្នាក់នៅកម្ពុជា១០ថ្ងៃ គ្រាន់​តែ​ការធ្វើ​តេស្តរកកូវីដ១៩ គឺត្រូវ​ចំណាយអស់យ៉ាងតិចក៏១០០០ដុល្លារដែរ។​

បើតាម​ក្រសួង​សុខាភិបាល កម្ពុជាបានធ្វើ​តេស្ត​លើ​ករណី​សង្ស័យ​ជំងឺ​កូវីដ១៩​នេះ​​បានសរុប​ជិត​មួយ​ម៉ឺន​​ករណី​ពោលមានចំនួន​ច្រើន​ជាង​បណ្តា​ប្រទេសមួយចំនួន​នៅអាស៊ាន ប្រៀប​ធៀប​នឹង​ចំនួន​ប្រជាជន​។

បើតាម​លោកស្រី យក់ សម្បត្តិ ថវិកាប្រមាណ៣០លាន​ដុល្លារ​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩​ដែល​ក្រសួងបានប៉ាន់ស្មានដំបូង​នោះ គឺក្រសួងទើបតែចំណាយអស់ប្រមាណ៤,៥លាន​ដុល្លារប៉ុណ្ណោះ។ ជាថវិកា​ដែល​ទទួលបានពីក្រសួងសេដ្ឋកិច្ច ក្នុងចំណោមថវិកាតម្រូវការចំនួន៦លានដុល្លារ។ ថវិកាទាំងនេះ គឺសម្រាប់ទិញសម្ភារៈពេទ្យផ្គត់ផ្គង់ទៅដល់ខេត្តក្រុងចំនួន២៥ រួមនឹងមន្ទីរពេទ្យខ្មែរ-សូវៀត និងមណ្ឌល​សុខភាពចាក់អង្រែ។

ដោយឡែកថវិកាមួយផ្នែកទៀតជាថវិកាពីសប្បរសជន ដែលជាការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានចំនួន១៣លានដុល្លារ។ ថវិកានេះត្រូវបានចំណាយទៅវិញអស់៥លានដុល្លារ ដោយមិនទាន់បានបូកជាមួយថវិកា១លានដុល្លារ ដែលត្រូវបានផ្ទេរទៅក្រសួងការងារ សម្រាប់ធ្វើតេស្តកម្មករ-កម្មការិនី ដែលវិលត្រលប់មកភ្នំពេញវិញ បន្ទាប់ពីចូលឆ្នាំខ្មែរ។ នេះបើតាមលោកស្រី យក់ សម្បត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI