កម្ពុជា-កូរ៉ូណាវីរុស

សហភាពអឺរ៉ុបផ្តល់ជំនួយ៦០លានដុល្លារដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប (រូបភាពតំណាង)
ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប (រូបភាពតំណាង) @Internet

សហភាពអឺរ៉ុបដែល​មាន​ទីស្នា​ក់​កា​រ​ក​ណ្តា​ល​នៅទីក្រុង Brussel ទើបតែបានអនុម័តឲ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន៥៦លាន​​អឺរ៉ូ ឬស្មើនឹង៦០​លាន​ដុល្លារពីកម្មវិធីកំពុងដំណើរការមួយចំនួន ដែល​ផ្តល់​ដោយសមាជិក​ប្រទេស​ចំនួន២៧នេះ សម្រា​ប់ជួយដល់កម្ពុជាលើវិស័យ​គាំពារ​​​សង្គម ក្នុង​ការស្ដារ​សេដ្ឋកិច្ចពីវិបត្តិ​នៃ​ជំងឺ​កូវីដ១៩។ ដូច្នេះគិត​ត្រឹម​ថ្ងៃនេះ​ជំនួយជាទឹក​ប្រាក់​ឥតសំណង​របស់​ប្រទេស​នានា​ដែល​ជួយ​ដល់​កម្ពុជា​គឺបានកើនឡើង​ដល់ជិត៦៤​លាន​ដុល្លារហើយ ដោយ​មិន​ទាន់​គិត​ពីជំនួយបច្ចេកទេស និង​ជំនួយជាសម្ភារៈពេទ្យ។

ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​ផ្តល់ជំនួយ​ឥតសំណងនេះ គឺធ្វើ​ឡើង​នៅក្នុង​កិច្ច​ប្រជុំ តាមរយៈVideo Conference កាលពីថ្ងៃចន្ទ រវាង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ នេះបើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋ​កិច្ច​។​

ការ​ប្រកាស​ផ្តល់​ជំនួយនេះ​ធ្វើឡើង ​នៅពេល​ដែល​កម្ពុជាបានបង្ហាញពី​តម្រូវការ​របស់​ខ្លួន និង​លទ្ធភាពនៃការ​ចូល​​រួមរបស់​សហភា​ព​អឺ​រ៉ុបក្នុងការ​គាំទ្រដល់​​ក​ម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធ​ប្រឆាំង​​នឹង​កា​ររា​ត​ត្បា​ត​នៃ​ជំ​ងឺ​កូ​​វី​​ដ១៩ និង​ការស្ដារសេ​ដ្ឋ​​​កិ​​ច្ចឡើងវិញ​​ពីផល​ប៉ះពាល់​នៃ​ជំងឺនេះ។

សូមរំឭកថា សហរដ្ឋ​អាមេរិកដែលកំពុង​ជួបវិបត្តិធ្ងន់​ធ្ងរ​ នៃការ​ឆ្លង​រាលដាល​នៃជំងឺ​កូវីដ១៩នេះ កាលពីខែ​មុនក៏បាន​សម្រេច​​ផ្តល់​ជំនួយ​២លាន​ដុល្លារ​ ដល់​កម្ពុជាដែរ​ សម្រាប់​ទប់​ស្កាត់នឹង​ជំងឺឆ្លងយ៉ាងសាវនេះ។ តាមពីក្រោយដោយអាល្លឺម៉ង់នូវទឹកប្រាក់១លាន៦សែនដុល្លារ និង​ជប៉ុនផ្តល់នូវសម្ភារបរិក្ខារពេទ្យមាន អាវបំពង់ អាកុល វ៉ែនតាការពារសុវត្ថិភាព និងស្រោមដៃ។

ដោយ​ឡែកប្រទេស​ចិន​វិញដែល​កើត​ជំងឺនេះមុនគេ​បង្អស់​លើពិភពលោក​បានផ្តល់ជាជំនួយ​ច្ចេក​ទេស​ និង​អ្នក​ជំនាញ​ការ​សុខភាពមកកម្ពុជាចំនួន៧នាក់ ខណៈវៀតណាមដែល​នៅក្បែរខាងកម្ពុជា​​​បាន​ផ្តល់​​លុយចំនួន២០​ម៉ឺនដុល្លារដល់កម្ពុជា និង​ឡាវ ​ក្នុង​ដោះស្រាយ​ផល​ប៉ះពាល់​នៃជំងឺកូវីដ​១៩​នេះដែរ​។

នៅក្នុង​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​មួយទៀត រវាង​លោក វង្សី វិស្សុត ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ចំនួន២៣​​តាម Video Conference ​ រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋកិច្ចរូបនេះបាន​លើក​ឡើងថា​កម្ពុជា​គ្រោង​ថវិកា​ចំនួន​១០០​លាន​ដុល្លារ​សម្រាប់​អនុវត្ត​ផែន​ការ​មេ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩នេះ។ ក្នុង​នោះ​ថវិកា​​ជាតិ​៦០​លាន​ដុល្លារ និង​រកជំនួយពីដៃគូ​អភិវឌ្ឍន៍​​៤០​លាន​ដុល្លារ។

បន្ថែមពីនេះ​ថវិកា​ជាតិ​ចំនួន​៣៥០​លាន​ដុល្លារ​សម្រាប់​ធ្វើ​អន្តរាគមន៍​ដើម្បី​រក្សា​លំនឹង​ជីវភាពប្រជាជនក្រីក្រ​ងាយ​រង​គ្រោះ និង​សម្រាប់​ឧបត្ថម្ភ​កម្មករ​នៅពេល​រោង​ចក្រ​បិទទ្វារ។ ប៉ុន្តែទំហំ​ទឹក​ប្រាក់​នេះនឹង​មិន​គ្រប់​គ្រាន់​ ក្នុង​ករណី​ជំងឺ​កូវីដ១៩​​ត្រូវ​អូសបន្លាយ ឬរាល​ដាល​កាន់តែ​ច្រើនថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI