កម្ពុជា-កូរ៉ូណាវីរុស

បញ្ហាកូវីដ១៩៖ កម្ពុជាហាមឃាត់មិនឱ្យពលករវិលត្រឡប់ទៅធ្វើការនៅក្រៅប្រទេសវិញ

លោក ស ខេង ក្នុងកិច្ចប្រជុំនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០
លោក ស ខេង ក្នុងកិច្ចប្រជុំនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ © FB

គិត​មក​ដល់​ពេល​នេះ ពលករ​ខ្មែរ​ប្រមាណ​ជា​ជាង​៨ម៉ឺន​៥ពាន់​នាក់​ បាន​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​កំណើត​វិញ​ដោយ​សារ​បញ្ហា​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។ ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ហាម​ឃាត់​ពលករ​ខ្មែរ​ទាំង​នេះ​មិន​ឱ្យ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ដែល​ខ្លួន​ធ្វើ​ការ​វិញ​ទេ ដើម្បី​សុវត្ថិភាព​ពួក​គេ​។ ជាមួយ​នឹង​ការ​ហាម​ឃាត់​នេះ ក្រសួង​មហា​ផ្ទៃ​ក៏​បាន​ជំរុញ​ឱ្យ​ពួក​គេ​ធ្វើ​កិច្ចការ​ផ្សេងៗ​នៅ​ក្នុង​ស្រុក ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ក្នុង​ស្ថាន​ភាព​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​នេះ​។

ផ្សាយពាណិជ្ជកម្ម

លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសឱ្យដឹងថា កម្ពុជាមិនអាចអនុញ្ញាតឱ្យពលករខ្មែរដែលវិលត្រឡប់មកពីបរទេសដូចយ៉ាងប្រទេសថៃ វិលទៅធ្វើការនៅក្នុងប្រទេសគោលដៅរបស់ខ្លួ​នវិញនោះទេនាពេលនេះ។ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែងរបស់ពលករចំណាកស្រុកក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩នៅព្រឹកថ្ងៃពុធនេះ លោកស ខេង បានពន្យល់ដោយលើកឡើងពីប្រទេសថៃថា ពលករខ្មែរ​មិនអាចវិលទៅថៃវិញបានទេ ដោយសារតែថៃបានបិទព្រំដែន ហើយកំពុងដាក់ប្រទេសក្នុងភាពអាសន្ន ព្រោះតែស្ថានភាពជំងឺកូវីដ-១៩ នៅបន្តមានភាពធ្ងន់ធ្ងរនៅឡើយ។

ប៉ុន្តែ ក៏មានបញ្ហាប្រឈមដែរនៅពេលដែលពលករខ្មែរបន្តស្នាក់នៅក្នុងប្រទេស ពិសេស គឺនៅស្រុកកំណើតរបស់ខ្លួន។ បញ្ហានោះ បើតាមលោកស ខេង គឺពលករខ្លះអាចមានលទ្ធភាពផ្គត់ផ្គង់ការរស់នៅរបស់ខ្លួន និងក្រុមគ្រូសារបានយូរអង្វែង តែពលករខ្លះទៀតអាចផ្តត់ផ្គង់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ចំពោះបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបានរៀបចំបង្កើតនូវក្រុមការងារពីរក្រុមព្រមពេលគ្នា គឺក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង ក្រុមការងារសន្តិសុខស្បៀង។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធាន​អចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ឱ្យដឹងថា ក្រុមការងារទាំងពីរនេះនឹងធ្វើការជាមួយគ្នា ដើម្បីរៀបចំចេញជាគោលនយោបាយ ឬផែនការជាតិ ដើម្បីទប់ទល់បញ្ហាប្រឈមដែលកើតចេញពីជំងឺកូវីដ-១៩ក្នុងរយៈពេលយូរអង្វែងទៅពេលខាងមុខ។ ប៉ុន្តែ នៅចំពោះមុខនេះ លោកស្រីជូ ប៊ុនអេង បានអំពាវនាវឱ្យពលករខ្មែរទាំងអស់អត់ធ្មត់ឱ្យខ្ពស់ ។ ជាមួយគ្នានេះ លោកស្រីបានជំរុញឱ្យពលករខ្មែរធ្វើការដាំដុះ ចិញ្ចឹមសត្វ ឬកែច្នៃមុខរបរផ្សេងៗ ដើម្បីកាត់បន្ថយការចំណាយ រកចំណូល និងមានស្បៀងគ្រប់គ្រាន់។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ពលករខ្មែរប្រមាណជាង៨ម៉ឺន៥ពាន់នាក់បានចូលមកប្រទេសកម្ពុជាវិញ។ ពលករខ្មែរទាំងនេះ មិនទាន់រកឃើញមានអ្នកណាម្នាក់មានផ្ទុកជំងឺកូវីដ-១៩នោះទេ។ នេះបើតាមការបញ្ជាក់របស់លោកស្រីជូ ប៊ុនអេង។ លោកស្រីជូ ប៊ុនអេង ក៏បានបន្ថែមឱ្យដឹងទៀតថា ចំពោះពលករខ្មែរនៅក្រៅប្រទេសវិញ ក៏មិនទាន់មានព័ត៌មានថា មានឆ្លងជំងឺកូវីដ-១៩នេះផងដែរ។ តែទោះយ៉ាងណាក៏ដោយ លោកស្រីថា រដ្ឋាភិបាលកម្ពុជាកំពុងតាមដានពីបញ្ហានេះ និង ត្រៀមខ្លួនក្នុងការជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI