កម្ពុជា-កូរ៉ូណាវីរុស

ការសិក្សាតាមអនឡាញចំពោះសាលាឯកជនរងនូវការតវ៉ាដោយសារតែការយកតម្លៃពេញ

សិស្សវិទ្យាល័យនានា (រូបភាពតំណាង)
សិស្សវិទ្យាល័យនានា (រូបភាពតំណាង) @Internet

ការ​រាតត្បាត​នៃជំងឺ​កូ​វីដ​១៩ ​បាន​បង្ខំ​ឲ្យ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ចាំ​បាច់​ត្រូវ​បន្ត​ការ​សិក្សា​ពី​ចម្ងាយ និង ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ឬ អន​ឡាញ​។ ក៏​ប៉ុន្តែ​ការ​សិក្សា​តាម​អន​ឡាញ​នេះ ធ្វើ​ឲ្យ​អាណា​ព្យាបាល​សិស្ស ដែល​រៀន​តាម​សាលា​ឯកជន​មាន​ការ​តវ៉ា ដោយ​សារ​តែ​តម្លៃ​សិក្សា​ពេញ​ដូច​ជា​ការ​សិក្សា​នៅ​សាលា​ផ្ទាល់​ផង​ដែរ​។ ក្រសួង​អប់រំ​កម្ពុជា នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ជុំវិញ​ភាព​ចម្រូង​ចម្រាស់​នៃ​ការ​បង្រៀន​តាម​អន​ឡាញ និង​ការ​បង់​ប្រាក់​ពី​សំណាក់​អាណា​ព្យាបាល​សិស្ស​នៅ​ពេល​នេះ​។

ផ្សាយពាណិជ្ជកម្ម

ប៉ុន្មានថ្ងៃកន្លងទៅនេះ ការសិក្សាតាមអនឡាញសម្រាប់សាលាឯកជនមួយចំនួន កំពុងក្លាយ ជារឿងជជែកដេញដោលរវាងអាណាព្យាបាល និងម្ចាស់សាលាឯកជន ព្រោះអាណាព្យាបាលមិនចង់បង់ថ្លៃសាលា ក្នុងតម្លៃពេញដូចការសិក្សាក្នុងថ្នាក់បានទេ។ អាណាព្យាបាលខ្លះបានលើកឡើងថាការសិក្សាតាមអនឡាញគឺជាកាសិក្សាមួយ មិនបានដិតដល់ មិនមានគុណភាពដូចការរៀនក្នុងថ្នាក់នោះទេ។ 

លោក ប៉ិច បូឡែន អគ្គនាយករបស់សាលា Westline Education Group ដែលមានសាខាសរុបចំនួន១៤ នៅកម្ពុជា បានលើកឡើងថា ចាប់ពីថ្ងៃទី ២០មេសាមក សាលាបានអនុវត្តទៅតាមកម្មវិធីគោលរបស់ក្រសួងអប់រំយុវវជន និងកីឡា ដោយគ្រាន់តែខុសប្លែកទៅលើវិធីសាស្រ្តក្នុងការបង្រៀនតែប៉ុណ្ណោះ។ ព្រោះនេះគឺ ប្រែប្រួលទៅតាមលទ្ធភាព របស់សាលានីមួយៗ  បូករួមនឹងកម្មវិធីជំនួយពីខាងក្រសួងអប់រំផងដែរ។

សម្រាប់អ្នកគ្រប់គ្រងសាលាឯកជនថា សាលាឯកជនជាច្រើន បានអនុវត្តន៍ការសិក្សាតាមអនឡាញនេះ ដូចគ្នាបេះបិទទៅនឹងកាលវិភាគដែលធ្លាប់ធ្វើនៅសាលា គឺមានម៉ោងចេញ ម៉ោងចូល និងម៉ោងចេញលេង។ ហើយសាលាមួយចំនួនក៏បានសម្រួលគ្នាជាមួយអាណាព្យាបាលសិស្សហើយ ហើយសាលាខ្លះទៀត ស្ថិតក្នុងស្ថានភាពរិះគន់នៅឡើយ។

ទោះយ៉ាងណា ក្រសួងអប់រំកម្ពុជា កំពុងតែព្យាយាមរកដំណោះស្រាយជុំវិញបញ្ហានេះ ដោយអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បញ្ជាក់ថា ទាំងអស់គ្នាសុទ្ធតែជាអ្នក ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ហើយក្រសួងនៅមិនទាន់មានការសម្របសម្រួលយ៉ាងណានៅឡើយនាពេលនេះ។

សូមបញ្ជាក់ថាចំពោះការសិក្សាពីចម្ងាយនេះ ក្រសួងអប់រំបានដាក់ឲ្យសិស្សានុសិស្ស​អាច​ទស្សនា​វីដេអូ​បង្រៀន​តាម​រយៈ ទូរទស្សន៍​ជាតិ​កម្ពុជា​ទី​២ ឬ TVK2 ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ទើប​បង្កើត​ថ្មី សម្រាប់​ការ​អប់រំ។ មានការ​បញ្ជូន​បន្ត​ដោយ​ថាស​ផ្កាយ​រណបតេជោ TV ឬ Dtv ប៉ុស្តិ៍​លេខ​២២ ទៅ​កាន់​តំបន់​ជនបទ។ ប៉ុស្តិ៍​ទូរទស្សន៍​ខ្សែកាប​ថ្មី ដែល​ទើប​បង្កើត​នៅ​គ្រប់​ខេត្ត-រាជធានី និង​តំបន់​ទី​ប្រជុំជន។ គេហទំព័រ​មជ្ឈមណ្ឌល​សិក្សា​តាម​អេឡិចត្រូនិក​របស់​ក្រសួង​អប់រំ និង ការ​ប្រើ Smartphone ដើម្បី​ប្រើប្រាស់ App របស់​ក្រសួង​ព័ត៌មានជាដើម។ តែការសិក្សាដែលមានរូបភាព២ រវាងសាលាឯកជន និងសាលារដ្ឋនេះ ត្រូវគេមើលឃើញថា មានគុណភាពខុសគ្នាច្រើន ដោយលទ្ធភាពសាលាឯកជនខ្ពស់ជាងសិស្សសាលារដ្ឋច្រើន ជាហេតុធ្វើឲ្យចមណេះដឹងអាចមានគម្លាតគ្នាច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI