កម្ពុជា កូរ៉ូណាវីរុស

ក្រសួងអប់រំលើកទឹកចិត្តឲ្យមាតាបិតាសិស្ស និងសាលាឯកជនដោះស្រាយ​រឿង​ថ្លៃ​សិក្សា​ដោយ​សន្តិវិធី​

សិស្សវិទ្យាល័យនានា (រូបភាពតំណាង)
សិស្សវិទ្យាល័យនានា (រូបភាពតំណាង) @Internet

កាលពី​ថ្ងៃទី២៤ ខែមេសា សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា បាន​អំពាវនាវ​ឲ្យ​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស ដែល​រង​ផលប៉ះ​ពាល់​ដោយ​សារជំងឺ​កូវីដ១៩​ ត្រូវ​ធ្វើ​ការ​ដាក់​ពាក្យ​សុំ​បញ្ចុះ​តម្លៃ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​សិក្សាអ​ប់រំ​ឯកជន​រៀងៗ​ខ្លួន​។ ចំណាត់ការ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​តវ៉ា​សុំ​បញ្ចុះ​តម្លៃ​សិក្សា ​នៅ​តាម​សាលា​ឯកជន​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ។ ចំណែក​ក្រសួង​អប់រំ យុវជន និងកីឡា វិញ បាន​លើក​ទឹក​ចិត្ត​ឲ្យ​អាណាព្យាបាល និង​សាលាឯកជនទាំង​នោះ​ដោះ​ស្រាយ​រឿង​ថ្លៃ​សាលា​ដោយសន្តិវិធី​។

ផ្សាយពាណិជ្ជកម្ម

ជំហរ​របស់​ក្រសួង​អប់រំ គឺ​លើកទឹក​ចិត្ត​ឲ្យ​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស និង​សាលា​ឯកជន​ធ្វើការ​ជជែក​គ្នា ដើម្បី​ឈាន​ដល់​ចំណុច​រួមមួយ ដែល​អាច​ទទួល​យក​បាន ជុំវិញ​បញ្ហា​តម្លៃ​សិក្សា ក្នុង​ពេល​វិបត្តិ​កូវីដ​១៩នេះ​។ នេះ​បើ​តាម​លោក ឌី ខាំបូលី  អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ ដែល​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​ជាតិ​នា​ថ្ងៃទី​២៥ ខែ​មេសា​នេះ​។ លោក​បន្ត​ថា ដោយ​សារតែ​ជំងឺ​កូវីដ​១៩​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​គ្នា​ទាំង​មាតាបិតា​សិស្ស ​និង​សាលារៀន ដូច្នេះ​មាន​តែ​ការ​ចរចា​គ្នា​រក​ដំណោះ​ស្រាយ​រួម​ប៉ុណ្ណោះ ដែល​ជា​ចំណុច​ល្អ​បំផុត​។  

កាល​ពីថ្ងៃទី​២៤ ខែមេសា សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​បាន​ស្នើ​ឲ្យ មាតាបិតា​សិស្ស​ដាក់​ពាក្យ​ស្នើ​សុំ​បញ្ចុះ​តម្លៃ ដោយ​ជម្រាប​ពី​វិបត្តិហិរញ្ញវត្ថុ​រៀងៗ​ខ្លួន ដែល​បណ្តាល​មក​ពី​ជំងឺ​រាតត្បាត​កូវីដ១៩ ​ប្រាប់​ដល់​ម្ចាស់​ឬ​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​អប់រំ​ឯកជន​នីមួយៗ​ ដើម្បី​ជួយ​ដោះស្រាយ និង​បន្ធូរ​បន្ថយ​ថ្លែ​សិក្សា​ជូន​ឲ្យ​អស់​ពី​លទ្ធភាព​។

ការ​អំពាវនាវ​របស់​សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា ធ្វើ​ឡើង​បន្ទាប់​ពី​មាន មាតាបិតាសិស្ស បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ខាង​មុខសាលារៀនឯកជន​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ដើម​សប្តាហ៍ និង​នៅ​ថ្ងៃទី​២៥ ខែ​មេសានេះ​ ដើម្បី​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​សិក្សា ដោយ​សារ​តែ​ការ​សិក្សា​ត្រូវ​បាន​ធ្វើ​ឡើង​តែ​តាម​អ៊ីនធឺណិត ក្នុង​ពេល​វិបត្តិ​កូវីដ​១៩​នេះ។​

លោក ហេង វ៉ាន់ដា ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា​បាន​លើក​ឡើង​ពី​មូល​ហេតុ​ដែល​តម្រូវ​ឲ្យ​មាតាបិតា​សិស្ស​ចូល​មក​ពិភាក្សា​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​រៀងៗខ្លួន ជា​ជាង​ការ​តវ៉ា​ប្រមូល​ផ្តុំគ្នា គឺ​ដោយ​សារ​តែ​ការប៉ះពាល់​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ គឺ​មាន​លក្ខណៈ​ផ្សេងៗ​គ្នា ពោល​គឺ​អ្នក​ខ្លះប៉ះ​ពាល់​ខ្លាំង ហើយ​អ្នក​ខ្លះទៀត​ប៉ះពាល់​តិច។​

សមាគម​គ្រឹះ​ស្ថាន​ឧត្តមសិក្សា​កម្ពុជា​បាន​ទទួល​ស្គាល់​ថា ក្នុង​រដូវ​កាល​កូវីដ១៩​រាតត្បាត​នេះ ពិត​ជា​ធ្វើ​ឲ្យ​លំបាក​ដល់​ជីវភាព មាតាបិតា និង​អាណាព្យាបាល​សិស្ស​ក៏​ពិត​មែន តែ​កូវីដ១៩​នេះ ក៏​ធ្វើ​ឲ្យ​ខ្ទេចខ្ទាំ​ដល់​គ្រឹះ​ស្ថាន​សិក្សា​អប់រំ​ឯកជន​ផងដែរ​។ សមាគម​គ្រឹះស្ថានឧត្តម​សិក្សា​កម្ពុជា​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ផ្អាក​ការបណ្តុះបណ្តាល​នេះ គ្រឹះស្ថាន​សិក្សា​ចំនួន​១១៣ ដែល​ជា​សមាជិក​របស់​សមាគម បាន​ជួប​ប្រទះ​នូវ​ការ​លំបាក និង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដូច​ជា​ត្រូវ​បន្តការ​បើក​ប្រាក់​បៀវត្សរ៍​ដល់​គ្រូ​និង​បុគ្គលិក បន្តបង់​ឈ្នួល​អគារ និង​បន្ត​បង់​ការ​ប្រាក់ និង​ប្រាក់​ដើម​ធនាគារ ព្រម​ទាំង​ការ​ចំណាយ​ជា​ច្រើន​ផ្សេង​ទៀត​ដដែល​៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI