កម្ពុជា កសិកម្ម

កូវីដ១៩ ធ្វើឲ្យការនាំចេញម្រេច​កំពត​ត្រូវ​ផ្អាក​តាំង​ពី​ដើម​ឆ្នាំ​មក​

ម្រេចខ្មែរ ក្នុងខេត្តកំពត
ម្រេចខ្មែរ ក្នុងខេត្តកំពត @Internet

ចាប់តាំង​ពីដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ ម្រេច​កំពត​ត្រូវ​ប្រមូល​ស្តុក​ទុក​ទាំង​ស្រុក ដោយ​មិន​អាច​ធ្វើការ​នាំចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​បាន​។ មិនអាចនាំ​ចេញ ដោយ​សារការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​តាម​ប្រទេស​នានា​លើ​ពិភព​លោក ជា​ពិសេស​ប្រទេស​ដែល​ជា​ទីផ្សារ​ម្រេច​កំពត​ដូច​ជា​អឺរ៉ុប​ជា​ដើម​។ នេះ​បើ​តាមការ​លើក​ឡើង​របស់​ប្រធាន​សមាគម​ម្រេច​កំពត​។

ផ្សាយពាណិជ្ជកម្ម

ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត លោក ងួន ឡាយ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នាថ្ងៃទី២៦ ខែមេសា នេះ​ថា ខណៈ​ពេល​នេះ​ម្រេច​កំពុង​តែ​ស្ថិត​នៅ​ក្នុង​រដូវ​កាល​ប្រមូល​ផល ដោយ​ខ្លះ​បាន​ប្រមូល​ផល​រួច​រាល់ និង​ខ្លះ​កំពុង​បន្ត ប៉ុន្តែ​ការនាំ​ចេញ​ម្រេច​មិន​អាច​ធ្វើទៅ​បាន ដូច្នេះ​មាន​តែការ​ប្រមូល​ផល​ស្តុក​ទុក​នារដូវ​នេះ​។ លោក ងួន ឡាយ បាន​អះអាង​ទៀត​ថា​ការ​ប្រមូលផល​ម្រេច​ក៏​កំពុង​ជួបការ​លំបាក​មួយ​ចំនួន​ទៀត​ដែរ ដោយ​សារតែ​ការ​ប្រមូល​ផល​មក​គឺ​បាន​ត្រឹម​តែ​ស្តុកទុក ហើយ​មិនមាន​ចំណូល​សម្រាប់​ចំណាយ​លើ​ការ​ជួល​កម្មករ​ឲ្យ​ប្រមូល​ផល​។

ចាប់តាំង​ពីដើម​ឆ្នាំ២០២០​នេះ​មក ការ​នាំចេញ​ម្រេច​ត្រូវ​បាន​ផ្អាក បន្ទាប់​ពីពិភព​លោក​ទាំង​មូល​បាន​ជួប​នឹង​វិបត្តិ​កូវីដ១៩ ដែល​ផ្ទុះ​ឡើង​ដំបូង​នៅ​ចុងឆ្នាំ​២០១៩ ក្នុង​ក្រុងវូហាន ប្រទេស​ចិន។ បច្ចុប្បន្ន​ជំងឺកូវីដ​១៩ កំពុង​តែ​បន្តរាតត្បាត​នៅ​អឺរ៉ុប និង​អាមេរិក ដែល​ជា​ទីផ្សារ​ម្រេច​កំពត​របស់​ខ្មែរ​។

លោក ងួន ឡាយ​បញ្ជាក់ថា នៅ​ពេល​នេះ​លោក​មិន​ដឹង​ថា​នឹង​ត្រូវ​ធ្វើអី្វ​បន្ត​ទៀត​ទេ ប៉ុន្តែ​លោក​សង្ឃឹម​ថា​នៅ​ពេល​ដែល​ការ​រាតត្បាត​កូវីដ​១៩​ចប់ នោះ​តម្រូវ​ការ​ម្រេច​នឹង​វិល​មក​រក​ភាព​ប្រក្រតី​វិញ​។​

វិទ្យុបារាំង​អន្តរជាតិ​មិន​អាច​សុំការ​បញ្ជាក់​ពី​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម​បាន​ទេ​នៅ​ថ្ងៃទី​២៦ ខែ​មេសានេះ​។

ការ​ព្យាករណ៍​សម្រាប់​ឆ្នាំ​២០២០​នេះ ផលិតផល​ម្រេច​កំពត​អាច​ប្រមូល​ផល​បាន​មិន​ក្រោម​១០០​តោន​ទេ ដោយ​សារ​តែ​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ កសិករ​ប្រមាណ​៤០ភាគ​រយ ក្នុង​ចំណោម​កសិករ​ដាំ​ម្រេច​៤៥៥​គ្រួសារ​ បាន​បោះបង់​ចោល​ការ​ដាំម្រេច។ នេះ​បើ​តាម​ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត​។

សូមជម្រាបជូនថា​ ទិន្ន​ផល​ម្រេច​កំពត​សម្រាប់​ឆ្នាំ​២០១៩​កន្លងទៅ មាន​ប្រមាណ​១០២​តោន ដែលក្នុងនោះមាន​តម្រូវ​ការ​ទីផ្សារ​​ប្រមាណ​ក្រោម​៧០​តោន​។ ទីផ្សារ​សំខាន់ៗ ដែល​កម្ពុជា​នាំម្រេច​ចេញ​រួម​មាន​អាមេរិក និង​ប្រទេស​អឺរ៉ុប​ជា​ដើម​។ កាលពីឆ្នាំ​២០១៩​កន្លង​ទៅ​សមាគម​ម្រេច ធ្លាប់​បាន​លើក​ឡើង​ពី​ផែនការ​នាំចេញ​ម្រេច​ទៅ​កាន់​ទីផ្សារ​មួយ​ចំនួន​ទៀត​ដូច​ជា កូរ៉េ​ខាង​ត្បូង ហុង​កុង និង​តៃវ៉ាន់​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI