កម្ពុជា ព្រៃឈើ

កូវីដ១៩៖ អាជ្ញាធរមិនឲ្យសកម្មជនបរិស្ថាន​ជួបជុំ​គ្នា​ប្រារព្ធ​ខួប០៨ឆ្នាំ នៃការស្លាប់​របស់​លោក ឈុត វុទ្ធី នៅក្នុង​តំបន់​ព្រៃឡង់​

រូបផ្សព្វផ្សាយសម្រាប់ខួប៨ឆ្នាំ​នៃការស្លាប់​របស់លោក ឈុត វុទ្ធី
រូបផ្សព្វផ្សាយសម្រាប់ខួប៨ឆ្នាំ​នៃការស្លាប់​របស់លោក ឈុត វុទ្ធី © សហការី

អាជ្ញាធរ​ខេត្ត​ព្រះវិហារ កាល​ពី​យប់មិញ​នេះ បាន​ចុះទៅ​ហាមឃាត់​សកម្មជន​បរិស្ថាន មិន​ឲ្យ​ជួបជុំ​គ្នា​ប្រារព្ធខួប​០៨ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នៅ​ក្នុង​តំបន់​ព្រៃឡង់​នោះ​ឡើយ ដោយ​លើក​ហេតុ​ផល​ថា ដោយ​សារ​បញ្ហាជំងឺ​កូវីដ១៩។ បើតាម​សេចក្តី​រាយការណ៍ សកម្មជន​បរិស្ថាន​ដែល​មាន​គ្នាជិត​៥០​នាក់ ​បាន​បំបែក​គ្នាតាំង​ពីវេលាម៉ោង​១រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី ២៦ មេសា​នេះ មក​ម្លេះ។​ ក៏​ប៉ុន្តែទោះជា​យ៉ាងនេះ​ក្តី ការ​ប្រារព្ធខួប​នៅ​តែ​ធ្វើ​ដដែល តែ​នៅ​ក្នុង​រូបភាព​ផ្សេង។​

ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ខេត្តព្រះវិហារ​បាន​លើក​ហេតុ​ផលថា ការ​ជួបជុំ​គ្នា​ដើម្បី​ប្រារព្ធ​ខួប​០៨ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី នៅ​ក្នុង​តំបន់​ព្រៃឡង់ ក្នុង​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ​ ដោយ​សារ​តែបារម្ភ​ពីការ​ឆ្លង​នៃ​ជំងឺ​កូវីដ១៩​។ អភិបាល​រង​ស្រុករវៀង មន្ត្រីបរិស្ថាន និង​អាជ្ញាធរ​ដែនដី បាន​ណែនាំ​ឲ្យ​សកម្មជន​បរិស្ថាន​ទាំង​នោះ បំបែក​គ្នា បើ​មិនដូច្នេះ​ទេ អាជ្ញាធរ​នឹង​អនុវត្ត​ទៅ​តាម​វិធាន​ការ​ច្បាប់​។ នេះ​បើតាម​សេចក្តី​រាយការណ៍​ពី​សកម្មជន​បរិស្ថាន​ម្នាក់ ដែល​គ្រោង​នឹង​ចូលរួម​នៅ​ក្នុង​ការ​ជួប​ជុំ​នេះ​។

លោក ហេង ស្រស់ សកម្មជន​ការពារ​ព្រៃឈើ​បាន​ថ្លែង​ថា ពួក​គេ​បាន​យល់​ព្រមតាម​ការណែនាំ​របស់​អាជ្ញាធរ ដោយ​បាន​បំបែក​គ្នាតាំង​ពី​វេលាម៉ោង​១រំលង​អធ្រាត្រ ឈាន​ចូលថ្ងៃទី ២៦ ខែ​មេសា​នេះ ដោយ​មិនមាន​ការ​ប៉ះទង្គិច​គ្នាធ្ងន់​ធ្ងរ​នោះ​ទេ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ហេង ស្រស់ បាន​លើក​ឡើង​ថា ពួក​គេនៅ​តែ​ប្រារព្ធ​ពិធី​នោះ​ដដែល ប៉ុន្តែ​នៅ​ក្នុង​រូបភាព​ជា​ការ​ជិះម៉ូតូ​លើក​រូបថត​របស់​លោក ឈុត វុទ្ធី និង​ស្រែកហៅ​ឈ្មោះ​របស់​លោក ឈុត វុទ្ធី ជា​ដើម​។ លោក ឈុត វុទ្ធី ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​បាញ់​សម្លាប់កាល​ពី​ថ្ងៃ​ទី ២៦ ​ខែ​មេសា ឆ្នាំ ២០១២ នៅ​ភូមិ​វាល​បី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ក្នុង​ពេល​ដែល​លោក​បាន​ជូន​ផ្លូវ​ក្រុម​អ្នក​កាសែត ២​រូប​របស់​កាសែត The Cambodia Daily ចុះ​យក​ព័ត៌មាន​នៅ​ជិត​ដែន​ព្រៃ​ការពារ​ក្នុង​ខេត្ត​កោះកុង ជា​ទី​កន្លែង​ដែល​លោក​ធ្លាប់​ព្យាយាម​ជា​ច្រើន​ដង ដើម្បី​បើក​កកាយ​សំណុំ​រឿង​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ ដែល​មាន​ទាក់​ទង​នឹង​មន្ត្រី​យោធា។

គួរជំរាប​ជូន​ថា យុវជន​និង​សកម្មជន​បរិស្ថាន​មក​ពី​សហគមន៍​នានា​ប្រមាណជា​៥០​នាក់ គ្រោង​នឹង​ប្រារព្ធ​ខួប០៨​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី សកម្មជន​ការពារព្រៃ​ឈើ​ដ៏ល្បីល្បាញ​រូប​នេះ នៅ​ក្នុង​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​ព្រះវិហារ នៅ​ព្រឹកថ្ងៃទី ២៦ មេសា​នេះ ។ ប៉ុន្តែ​ត្រូវ​បាន​ហាមឃាត់។ ការ​ប្រារព្ធ​ខួប​០៨ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី គឺ​ស្រប​ពេល​ដែល​សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​បាន​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ជំហានទី០២ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើចុង​ក្រោយ​របស់​កម្ពុជា​។ យុទ្ធនា​ការ​ជំហាន​ទី០២ ដែល​បាន​ចាប់​ផ្តើម​ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៧ មេសា ​ក្នុងគោល​បំណង​០៣​សំខាន់​។ ទី១.​បញ្ចប់​ការ​ផ្តល់​លិខិត​អនុញ្ញាត​ដឹក​ជញ្ជូន​ផល អនុផល​ព្រៃឈើ ទី២.បិទរោងចក្រ​អារឈើ​នៅ​ទូទាំង​ប្រទេស និងទី​៣.ការអំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ ​ឲ្យ​ចូលរួម​នៅ​ក្នុង​សកម្មភាព​ការពារ​និង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា​។ ប៉ុន្តែ អ្នកនាំ​ពាក្យក្រសួង​បរិស្ថាន កាល​ពីថ្ងៃទី​ ២៤ មេសា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ទៅ​លើ​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម​មួយ​ចំនួន ដែល​ធ្វើ​សកម្មភាព​ចូល​ទៅ​ក្នុង​តំបន់​ការពារធម្ម​ជាតិ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន និង​ដោយ​គ្មាន​សុំច្បាប់​អនុញ្ញាត​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI