អានតួអត្ថបទ
ច្បាប់-កូរ៉ូណាវីរុស

លោក ហេង សួរ៖ រោងចក្រជាង១៣០បានដាក់ពាក្យព្យួរធ្វើឱ្យប៉ះពាល់ដល់កម្មករជិត១០ម៉ឺននាក់

លោក ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ
លោក ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ @RFI
ដោយ៖ វណ្ណ សុគន្ធា
១៤ នាទី

គិត​មក​ដល់​ពេល​នេះ មាន​រោង​ចក្រ​ជាង​១៣០​រោង​ចក្រ​ហើយ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ព្យូរ​ការងារ​ទៅ​កាន់​ក្រសួង​ការងារ​។ នេះ​បើ​តាម​ការ​បង្ហាញ​ឱ្យ​ដឹង​របស់​លោក​ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ស្តីពី​បច្ចុប្បន្ន​ភាព​នៃ​ការ​ធ្វើ​ចត្តា​ឡី​ស័ក ចំពោះ​កម្មករ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​។ បើ​តាម​លោក ហេង សួរ រោង​ចក្រ​ទាំង​ជាង​១៣០​នេះ គឺ​ប៉ះ​ពាល់​ដល់​ការងារ​កម្មករ កម្មការិនី​ប្រមាណ​ជិត​១០​ម៉ឺន​នាក់​។

ផ្សាយពាណិជ្ជកម្ម

ចំពោះរោងចក្រទាំងជាង១៣០នេះ អ្នកនាំពាក្យក្រសួងការងារ លោកហេង សួរបានអះ​អាងថា មានបំណង​ចង់បិទរោងចក្រទាំងស្រុងតែម្ដង ក៏ប៉ុន្តែ ដោយសារតែមានការសម្របសម្រួល និងលើកទឹកចិត្តពីសំណាល់រដ្ឋាភិបាលកម្ពុជា ទើបរោងចក្រទាំងអស់នោះមិនបិទទ្វារ ដោយត្រឹមតែព្យួរការងារវិញ។ លោកគូសបញ្ជាក់បន្ថែមថា ការព្យួរនេះ គឺផ្តល់ផលវិជ្ជមានដល់កម្មករ ពោល គឺមានន័យថា កម្មករ កម្មការិនីមិនទាន់បាត់បង់​ការងារនោះទេ គឺគ្រាន់តែព្យួរមួយរយៈសិនដោយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា និង ថៅកែ​រោងចក្រ។ ផ្ទុយទៅវិញ ប្រសិនបើរោងចក្របិទទ្វារ គឺកម្មករ កម្មការិនីត្រួវអត់ការងារធ្វើរយៈពេលយូរ និង គ្មានទទួលបានប្រាក់ឧបត្ថម្ភណាមួយឡើយ។

បើតាមលោកហេង សួរ ការសម្រេចព្យួរការងាររបស់រោងចក្រទាំងអស់នេះ គឺដោយសារតែជួបវិបត្តិនៃការនាំចេញ។ ការនាំចេញដែលគិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២០នេះ បានថយចុះប្រមាណជាង៥០%។ លោកហេង សួរ បានពន្យល់ពីការថយចុះនេះថា នៅក្នុងខែមករា ដំណើរការនាំចេញមិនមានបញ្ហាអ្វីទេ ប៉ុន្តែបញ្ហាគឺនៅចង់ខែកុម្ភៈ និង ខែមីនាដែលមានបិទការធ្វើដំណើរដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកហេង សួរ បានបញ្ជាក់ថា ក្រុមហ៊ុនបញ្ជាទិញធំៗបានស្នើភាគីរោងចក្រនៅកម្ពុជាផ្អាកការដឹកទំនិញនាំចេញ​មួយ​រយៈសិន ហើយសម្រាប់ខែឧសភា និង ខែមិថុនា កម្ពុជាមិនទាន់ទទួលបានតួរលេខនៃការបញ្ជាទិញពីក្រុមហ៊ុនបញ្ជាទិញធំៗនៅឡើយទេ។

សូមកត់សម្គាល់ថា ចំពោះវិបត្តិនៃការនាំចេញនេះ កន្លងមក សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់​GMAC​បាន​ចេញ​សេចក្តី​អំពាវ​នាវជាបន្តបន្ទាប់ដល់ក្រុមបញ្ជាទិញឱ្យបន្តការបញ្ជាទិញពីកម្ពុជា។  សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ទទូច​សុំ​ឱ្យ​អ្នក​បញ្ជា​ទិញ​ទាំង​អស់​កុំបោះ​បង់​កម្ពុជា​តាម​រយៈ​បំពេញ​កាត​ព្វកិច្ច​របស់​ខ្លួន​តាម​កិច្ច​សន្យា​ដែល​បាន​ចុះ​ហត្ថ​លេខា​រួច​រាល់ និង ទូទាត់​ប្រាក់​តាម​លក្ខ​ខណ្ឌ​ធម្មតា​។ បើ​តាម​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ប្រសិន​បើ​អ្នក​បញ្ជា​ទិញ​មិន​ធ្វើ​តាម​កិច្ច​សន្យា​ទេ​នោះ វា​នឹង​ប៉ះ​ពាល់​ដល់ដំណើរ​ការ​រោង​ចក្រ​កាត់​ដេរ និង​ប៉ះ​ពាល់​ដល់​ប្រាក់​ខែ​របស់​កម្មករ​និយោជិតផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ