កម្ពុជា-កូរ៉ូណាវីរុស

អ្នកជំនាញសុខភាពនៅតែព្រមានពីការឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ខណៈអ្នកជាកើនដល់ជាង៩៧%

កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍
កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍ @Internet

ក្រសួង​សុខាភិបាល​ បានប្រកាស​ថា ចំនួនអ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩​នៅកម្ពុជា​គិត​ត្រឹម​ថ្ងៃចន្ទនេះគឺមាន​២នាក់​បន្ថែម​ទៀត ជា​ប្តី​ប្រពន្ធជនជាតិ​បារាំង ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកជំងឺ​នៅសល់​តែ​៣នាក់​ទៀត​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ​សុខាភិបាល​នៅតែ​ព្រមាន​ពីការ​​ឆ្លង​រាល​ដាល​ជំងឺកូវីដ១៩​នេះ​ក្នុង​ដំណាក់​កាលពីទី២ ប្រសិន​បើ​ប្រជាជនកម្ពុជា មានការ​ធ្វេស​ប្រហែស​ ឬឈប់​ការពារ​ខ្លួន​​នឹង​ជំងឺ​ឆ្លង​ដ៏សាហាវ​មួយ​នេះ​។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសិទ​ប្រចាំ​សប្តាហ៍​នៅព្រឹក​ថ្ងៃ​ចន្ទនេះ ទាំងរដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល លោក ម៉ម ប៊ុន​ហេង ទាំង​តំណាង​អង្គការ​សុខ​ភាព​ពិភពលោក​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់​ដូចគ្នាថា កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​នៃការ​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​ដំណាក់​កាលពីទី២។ លោករដ្ឋមន្ត្រីសុខាភិបាលកម្ពុជា​ថ្លែងបែបនេះ​គឺឆ្លើយ​តប​នឹង​ការ​ព្រមាន​របស់​រដ្ឋាភិបាល​ថៃ ដែលថា​ប្រទេសអាស៊ានមួយចំនួនរាប់ទាំង​កម្ពុជាផង គឺនៅតែមានហានិភ័យ​ខ្ពស់​នៃការ​ផ្ទុះ​ឡើង​វិញ​នៃជំងឺ​កូវីដ១៩​ក្នុងដំណាក់កាលពីទី២។

បន្ថែម​ពីនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល ថ្លែងថា មូលហេតុ​ដែល​កម្ពុជា​នៅតែ​មាន​ហានិភ័យខ្ពស់​​នៃជំងឺកូវីដ១៩ ដោយសារ​តែ​ភាព​សាហាវ​នៃវីរ៉ុសនេះ​ឆ្លងលឿន​ជាងជំងឺផ្សេងទៀត តាម​រយៈ​ការ​ធ្វើ​ដំណើ​របស់​មនុស្សនៅលើ​ពិភពលោក​។ លោកស្រី​សង្កត់ធ្ងន់​ថា ការ​រក្សាគម្លាតគ្នា​នៅក្នុង​សង្គមគឺជាការចាំបាច់​បំផុត និង​ជៀសវាង​ការ​ជួប​ជុំ​មនុស្សច្រើន។ លោកស្រី​ព្រមានថា ​ប្រសិនជា​យើង​មានការ​ប្រហែស​ការ​ឆ្លង​ដំណាក់កាលពីទី២ អាចកើតឡើង​នៅគ្រប់ពេល​វេលា និង​គ្រប់ទីកន្លែងទាំងអស់។

ជាមួយគ្នានោះ តំណាងអង្គការសុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ក៏គូសបញ្ជាក់ក្នុង​សន្និសិទ​នោះថា កម្ពុជា​គឺស្ថិត​ក្នុង​ដំណាក់​កាលពីទី១​ប៉ុណ្ណោះ​នៃការ​ឆ្លង​ជំងឺកូវីដ១៩ មានន័យថា កម្ពុជានៅមានហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ដំណាក់កាលពីទី២ទៀត។ លោកស្រី Li Ailan ព្រមានថា​បើ កម្ពុជាបើកឲ្យមានការ​​ធ្វើ​ដំណើរ​ចេញ​ចូល​ក្រៅ​ប្រទេស​ដោយ​សេរីឡើងវិញ នោះ​ការ​នាំចូលជំងឺកូវីដ១៩ពីក្រៅ​ប្រទេស​នឹងមានកម្រិតខ្ពស់។

ជាការ​កត់​សំគាល់​ ការ​ព្រមាន​របស់​ក្រុម​អ្នក​ជំនាញ​សុខាភិបាល​នៅពេល​នេះ គឺស្រប​ពេល​ដែល​ពលរដ្ឋនៅកម្ពុជា​មួយចំនួន​ ហាក់​ឈប់​ភ័យ​ខ្លាច ហើយ​មិនសូវ​ការពារ​ខ្លួន​បានល្អដូចមុន នៅពេល​ដឹងថាអ្នកជំងឺកូវីដ១៩​នៅកម្ពុជា​ បាន​ជាសះ​ស្បើយ​រហូតដល់ទៅជាង៩៧% ក្នុង​ចំណោម​អ្នក​កើត​ជំងឺ​នេះ​១២២នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI