កម្ពុជា ច្បាប់

ក្រសួងការងារប្រាប់ពលករខ្មែរនៅក្រៅប្រទេសកុំអាលមកកម្ពុជាក្នុងពេលនេះ ព្រោះខ្លាចគេលុបទិដ្ឋាកាចោល

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet

ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​អំពាវ​នាវ​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើ​ការ​នៅ​កូរ៉េ​ខាង​ត្បូង និង ប្រទេស​ផ្សេង​ទៀត​កុំអាល​មក​លេង​កម្ពុជា​ក្នុង​ពេល​នេះ ព្រោះ​ខ្លាច​គេ​លុប​ទិដ្ឋា​កា​ចោល​។ ម្យ៉ាង​វិញ​ទៀត បើ​មក ក៏​ត្រូវ​ដាក់​ដោយ​ឡែក​រយៈ​ពេល​១៤ថ្ងៃ​សិន​ដែរ​។ ការ​អំពាវ​នាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​២២២​នាក់​នៅ​ម៉ាឡេស៊ី​វិល​ត្រឡប់​មក​ស្រុក​វិញ តែ​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ជា​មុន​សិន​។

ផ្សាយពាណិជ្ជកម្ម

«បើមកត្រូវដាក់ដោយឡែក១៤ថ្ងៃ ពេលទៅវិញគេឃាត់១៤ថ្ងៃ ហើយអាចគេលុបទិដ្ឋាការចោលទៀត អត់ធ្មត់សិនទៅបងប្អូន!» នេះ គឺជាការលើកឡើងរបស់លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃអង្គារនេះ។ លោកហេង សួរ បានបន្តប្រាប់ពលករខ្មែរនៅកូរ៉េខាងត្បូង និង ប្រទេសផ្សេងទៀតថា ដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ត្រូវប្រយ័ត្នប្រយ៉ែង ហើយខំថែរក្សាការងារដែលមានក្នុងដៃឱ្យគង់។ នេះក៏ព្រោះថា ក្នុងដំណាក់កាលនេះ និយោ​ជកខ្លះមានការលំបាក ហើយចង់តែកាត់បុគ្គលិកចោលទេ ។ ដូច្នេះហើយ លោកហេង សួរ ដាស់តឿនដល់ពលករខ្មែរកុំផ្តល់លេសស្របច្បាប់ឱ្យទៅនិយោជក ហើយថា អនាគត គឺស្ថិតលើការសម្រេចចិត្តខ្លួនឯង បើសម្រេចចិត្តខុស កុំបន្ទោសគេ។

ពលករខ្មែរប្រមាណជាង៤ម៉ឺន៨ពាន់នាក់កំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមិនមានពលករខ្មែរណាម្នាក់បានឆ្លងជំងឺកូវីដ-១៩នោះទេ។ ក្នុងអំឡុងបុណ្យឆ្នាំខ្មែរកន្លងទៅនេះ មានពលករប្រមា​ណពី៣ទៅ៥%បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយពេលទៅវិញត្រូវដាក់ដោយឡែករយៈពេល១៤ថ្ងៃ​។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង។ លោកបានគូសបញ្ជាក់ទៀតថា ក្នុងចំណោមពលករទាំងនេះ មានពលករខ្មែរពីរទៅបីករណីដែរដែលត្រូវបានបញ្ឈប់ពីការងារ។

ក៏ដូចក្រសួងការងារដែរ លោកឡុង ឌីម៉ង់បានអំពាវនាវដល់ពលករខ្មែរទាំងអស់កុំអាលធ្វើដំណើរមកប្រទេ​សកម្ពុជា ឫ ទៅកន្លែងណាផ្សេង ព្រោះមានបញ្ហាប្រឈមខ្លាំងណាស់។ ប្រឈមទី១ គឺអាចឆ្លងជំងឺកូវីដ-១៩ ទី២ នៅពេលត្រឡប់ទៅកូរ៉េខាងត្បូងវិញ នឹងត្រូវស្នាក់នៅដោយឡែកពីគេដោ​យត្រូវជួល​កន្លែងស្នាក់នៅដោយខ្លួនឯង។ ជាងនេះទៅទៀត បើសិនពលករនៅចង់មកស្រុកខ្មែរមិនស្តាប់ការហាមឃា​ត់​របស់ចៅកែរបស់ខ្លួន នោះពួកគេប្រឈមនឹងការបណ្តេញចេញពីការងារដែលនឹងធ្វើឱ្យពួកគេក្លាយជាព​ល​ករមិនស្របច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា ស្របពេលដែលក្រសួងការងារអំពាវនាវបែបនេះ រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃចន្ទបានសម្រេចអនុញ្ញាតឱ្យអ្នកនេសាទ និងអ្នកទោសជនជាតិខ្មែរចំនួន២២២នាក់នៅម៉ាឡេស៊ីវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ប៉ុន្តែ ពួកគេត្រូវទៅធ្វើតេស្តរកជំងឺកូវីដ-១៩នៅម៉ាឡេស៊ីជាមុនសិន។  ម្យ៉ាងវិញទៀត ពេលពួកគេមកដល់ប្រទេសកម្ពុជា គឺនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព និង ធ្វើតេស្តរកជំងឺកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI