អានតួអត្ថបទ
កម្ពុជា សង្គម

សង្គមស៊ីវិលស្នើរដ្ឋាភិបាលអន្តរាគមន៍បន្ថែមទៅមីក្រូហិរញ្ញវត្ថុឲ្យព្យួរបំណុល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី

ទីក្រុងភ្នំពេញ
ទីក្រុងភ្នំពេញ @RFI
ដោយ៖ អ៊ឹង ប៊ុនថន
១៧ នាទី

អង្គការ និង​សហគមន៍​ចំនួន១៣៥ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមមួយ​កាលពី​ម្សិលមិញ​ ដោយ​ស្នើ​សុំ​រដ្ឋាភិបាល​អន្តរាគមន៍​បន្ថែម​ទៀតទៅលើគ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​ ឲ្យព្យួរ​បំណុល​ និង​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូនម្ចាស់​ទ្រព្យវិញ​ អំឡុងពេល​រីករាលដាល​នៃជំងឺ​កូវីដ១៩។ ឆ្លើយតបនឹងបញ្ហានេះគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អះអាង​ថា​សមាជិក​របស់​ខ្លួន បាន​និង​កំពុង​ធ្វើ​ការងារ​យ៉ាង​សកម្ម​រួច​មក​ហើយ ក្នុង​ការ​បន្ធូរ​បន្ថយ និង​រៀប​ចំ​ឥណទាន​ឡើង​វិញ​ជូន​ដល់​អតិថិ​ជន ដែល​រង​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរពី​ជំងឺ​កូវីដ១៩ ស្រប​តាម​សេចក្តី​អំពាវ​នាវ​ដែល​ដាក់​ចេញ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

យោងតាម​សេចក្តី​ថ្លែងការណ៍​ថ្ងៃទី២៧​មេសា ដែលគាំទ្រ​ដោយ អង្គការ និង​សហគមន៍​ចំនួន១៣៥នោះ​ បាន​ទទួល​ស្គាល់ថា​​កន្លងមក​រាជរដ្ឋាភិបាល​មានវិធានការ​មួយចំនួន​រួចមកហើយ​។ ប៉ុន្តែពួកគេ​សំណូមពរ​​បន្ថែម​​ដល់​​រាជរដ្ឋាភិបាល​​ក្នុងការ​ពិចារណា​ដើម្បីធានាថា​​ គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​​ ឆាប់​ផ្អាក​ការ​សងប្រាក់​​កម្ចី​​ និង​ការប្រាក់​ទាំងអស់​​ យ៉ាងតិចណាស់​​ចំនួន៣ខែ​​ និង​ប្រគល់​​ជូនម្ចាស់​ទ្រព្យ​វិញ​​នូវប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីរាប់លានប្លង់​ពាក់ព័ន្ធនឹងកម្ចី​ខ្នាតតូច​ ដែល​​ត្រូវបាន​ដាក់ជា​ទ្រព្យធានា។

វិធានការ​ទាំងនេះ​គឺមានភាព​ចាំបាច់​ ដើម្បី​ធានាថា​ ប្រជាពលរដ្ឋ​អាចបន្តរស់នៅ​ក្នុងពេល​មានវិបត្តិនេះ​ដោយគ្មាន​ហានិភ័យ​ចំពោះសុខភាព​ ឬលំនៅដ្ឋាន​របស់អ្នកទាំងនោះ​ និង​អាចបញ្ជៀស​ពីកម្ចីឥណទាន​មានហានិភ័យ​ ដែលអាច​នាំឱ្យកើតមាន​ករណី​ធ្វើការងារ​ដោះបំណុល​ ការជួញដូរមនុស្ស​ និងការ​រំលោភ​សិទ្ធិមនុស្ស​ដទៃទៀត​។ នេះជាការលើក​ឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍ដដែល។

ឆ្លើយ​តបនឹង​ការ​ស្នើ​នេះ ​លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហរិញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា កន្លងមកសមាគម រួមជាមួយសមាជិករបស់ខ្លួន បាននិងកំពុងធ្វើការងារយ៉ាងសកម្មរួចមកហើយ ក្នុងការបន្ធូរបន្ថយ និងរៀបចំឥណទានឡើងវិញជូនដល់អតិថិជន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ស្របតាមសេចក្តីអំពាវនាវ សារាចរ និងបទដ្ឋានគតិយុត្ត(ច្បាប់) ដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានជាសមាជិកនីមួយៗ មាននិតិវិធីនិងគោលការណ៍រៀងៗខ្លួន ក្នុងការ​ដោះស្រាយ ជូនដល់អតិថិជនរបស់ខ្លួន ទៅតាមទំហំនៃផលប៉ះពាល់​ និងស្ថានភាពជាក់ស្តែង ដោយផ្អែកលើភាពស្មោះត្រង់ និងការទទួលខុសត្រូវ។

យ៉ាងណាក៏ដោយ អង្គការ និង​សហគមន៍ អះអាងថា ​បំណុល​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​ដែលភាគច្រើន​មានប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីរបស់អ្នកខ្ចី​ប្រាក់​រាប់លាន​ប្លង់ដាក់​ជាទ្រព្យធានា​ បង្កើនឱ្យ​មានហានិភ័យ​រយៈពេលខ្លី​និងវែង​កាន់តែខ្លាំង​ ក្នុងពេល​មានវិបត្តិ​សេដ្ឋកិច្ចនេះ។ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាង​២លាន៥សែននាក់​មានជាប់​ជំពាក់​កម្ចីខ្នាតតូច​ ជាមួយនឹង​អត្រាកម្ចី​ជាមធ្យម​ ៣៨០០ដុល្លារ​ ដែលជា​ចំនួនច្រើន​ជាងគេ​នៅលើពិភពលោក​។ ប៉ុន្តែបើតាមគ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុនៅក្នុងចំណោមអតិជនជាងពីរលាននាក់ មានអតិថិជនប្រមាណ មួយលាននាក់ ឬប្រហែល ៤៥ភាគរយ ទទួលបានឥណទានដោយមិនមានទ្រព្យ​ធានាឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ