អានតួអត្ថបទ
កម្ពុជា ច្បាប់

បុណ្យពិសាខបូជា៖ ទណ្ឌិតជាង២៧០នាក់ត្រូវបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស

ទណ្ឌិតនានាដែលជាប់ក្នុងពន្ធនាគារ (រូបភាពឯកសារ)
ទណ្ឌិតនានាដែលជាប់ក្នុងពន្ធនាគារ (រូបភាពឯកសារ) @សហការី
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

សម្រាប់​ពិធី​បុណ្យ​ពិសាខ​បូជា​នាថ្ងៃទី០៦ ខែ​ឧសភា​ខាង​មុខ​នេះ ទណ្ឌិត​ចំនួន ២៧៣​នាក់ ក្នុង​នោះ ស្រី ២៤ នាក់ ត្រូវ​បាន​ស្នើ​សុំ​បន្ធូរ​បន្ថយ និង​លើក​លែង​ទោស​។ បញ្ជី​ទណ្ឌិត​ទាំង​នេះ ត្រូវ​បាន​គណៈ​កម្មការ​ជាតិ​ត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយ និង​លើកលែង​ទោស​នៃ​ក្រ​សួ​ង​យុត្ដិធម៌ពិនិត្យ និងវាយ​តម្លៃ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​។ ប៉ុន្តែ​ចំនួន​ទណ្ឌិត​នេះ មិន​ទាន់​ស្ថិត​ក្នុង​បញ្ជី​ផ្លូវ​ការ​ចុង​ក្រោយ​នៅ​ឡើយ​ទេ ដោយ​ត្រូវ​សិក្សា​បន្ថែម​លើ​ឯកសារ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​សិន​។

ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោកគឹម សន្តិភាព បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថា បញ្ចីឈ្មោះទណ្ឌិតទាំង២៧៣នាក់នេះ មិនទាន់ផ្លូវការចុងក្រោយនោះទេ ពោល គឺគណៈកម្មការជាតិត្រួតពិនិត្យបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសនៃក្រសួងយុត្ដិធម៌ត្រូវសិក្សាឯកសារពាក់ព័ន្ធនឹងទណ្ឌិតមួយចំនួនទៀតសិន។ លោកបន្តថា នៅពេលទទួលបានឯកសារគ្រប់គ្រាន់ហើយនោះ គណៈកម្មការជាតិត្រួតពិនិត្យបញ្ជីឈ្មោះទណ្ឌិតនៃក្រសួងយុត្ដិធម៌នឹងសម្រេ​ចចុងក្រោយ ហើយផ្ញើបញ្ជីឈ្មោះទណ្ឌិតនេះទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និង សម្រេច និងថ្វាយទៅកាន់ព្រះមហាក្សត្រ។

គួរជម្រាបជូនថា បញ្ជីទណ្ឌិតទាំង២៧៣នាក់នេះ ត្រូវបានស្រង់ចេញពីពន្ធនាគាររាជធានី-ខេត្ត ចំនួន២០ និងពីមណ្ឌលអប់រំកែប្រែចំនួន៤ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមនេះ ទណ្ឌិត៦៤នាក់ បានស្នើសុំលើកលែងទោស រីឯ អ្នកទោសចំនួន៥នាក់ត្រូវបានស្នើបន្ធូរបន្ថយទោសពីមួយជីវិតមកត្រឹម២០ឆ្នាំ ស្នើបន្ធូរបន្ថយទោស ១២ខែចំនួន៦៣នាក់ ៩ខែចំនួន៤២ នាក់ និង ៦ខែ ចំនួន៩៩នាក់។ លោកគឹម សន្តិភាព បានអះអាងថា សំណើលើកលែង និង បន្ធូរបន្ថយទោសលើទណ្ឌិតទាំងអស់នេះ គឺធ្វើតាមនីតិវិធី ដោយមិនមានការយោគ​យល់យោងតាមស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ឡើយ។

បើតាមលោកគឹម សន្តិភាពដដែល ការលើកលែងទោស គឺផ្អែកលើការអនុវត្តទោសរួចរាល់បាន២ ភាគ៣ ខណៈការបន្ធូរបបន្ថយទោស គឺបន្ទាប់ពីទណ្ឌិតអនុវត្តទោសបាន១ភាគ៣នៅក្នុងពន្ធនាគារ។ ទណ្ឌិតដែលនឹងពិចារ​ណាលើកលែង និង បន្ធូរបន្ថយទោស គឺទណ្ឌិតដែលមានវ័យចាស់ជរា មានជំងឺរ៉ាំរ៉ៃ ទ្រុឌទ្រោម និង ជិតបញ្ចប់ការអនុវត្តទោសជាដើម។ ប៉ុន្តែ ចំពោះទណ្ឌិតដែលកើតចេញពីបទល្មើសគ្រឿងញៀន និង បទល្មើសសាហាវយង់​ឃ្នងផ្សេងទៀតវិញ គឺនឹងមិនយកមកធ្វើការពិចារណាឡើយ។

សូមបញ្ជាក់ថា ការលើកលែង និង បន្ធូរបន្ថយទោសដល់ទណ្ឌិតនៅក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើង៣លើកក្នុងមួយឆ្នាំ គឺក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យពិសាទបូជា និង បុណ្យអុំទូក។ កាលពីបុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ ទណ្ឌិតចំនួន១៥៥នាក់ ត្រូវបានព្រះមហាក្សត្រកម្ពុជាលើកលែង និងបន្ធូរបន្ថយទោសតាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ