កម្ពុជា-កូរ៉ូណាវីរុស

ពលរដ្ឋខ្មែរចាប់ផ្តើមប្រមូលផ្តុំគ្នាឡើងវិញបណ្តើរៗហើយ នៅតាមទីសាធារណៈនិងទីផ្សារ

នៅតាមទីផ្សារនិងទីសាធារណៈ
នៅតាមទីផ្សារនិងទីសាធារណៈ REUTERS - SAMRANG PRING

មក​ទល់​ថ្ងៃ​ពុធ​ទី២៩ ខែមេសា​នេះ គឺ​ជា​ថ្ងៃទី១៧​ហើយ ដែល​ប្រទេស​កម្ពុជា​ពុំ​មាន​ករណី​ឆ្លង​វីរុស​កូវីដ​១៩​ថ្មី ជា​ហេតុ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ ស្ថិត​នៅ​ថេរ​គឺ១២២​នាក់ ដោយ​ក្នុង​នោះ​នៅ​សល់​តែ​អ្នក​ជំងឺ​កូវីដ១៩ ចំនួន​៣នាក់​ប៉ុណ្ណោះ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ព្យាបាល​។ ដំណឹង​ល្អ​ជា​រៀង​រាល់​ថ្ងៃ​ដូច្នេះ ធ្វើ​ឲ្យ​ស្ថាន​ភាព​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​មាន​ភាព​ផ្លាស់​ប្តូរ​ជា​បណ្តើរៗ គឺ​ប្រែ​ប្រួល​ពី​សភាព​ស្ងប់​ស្ងាត់​នៅ​តាម​ទី​សាធារណៈ​មួយ​ចំនួន​ទៅ​ជា​អ៊ូអរ​ឡើង​វិញ​។

ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីដើមសប្តាហ៍នេះ ផ្លូវថ្នល់ដែលធ្លាប់តែស្រលះ ស្រួលជិះមួយរយៈកន្លងមក បានចាប់ផ្តើមមានការកកស្ទះចរាចរណ៍ជាអន្លើៗ នៅតាមតំបន់មួយចំនួន។ ទីផ្សារ ទីប្រជុំជនជាច្រើន ដែលមានតែអ្នកលក់ ពេលនេះបានលាយឡំគ្នា ដោយអ្នកទិញខ្លះៗ ជាមួយនឹងសកម្មភាពចាយវាយមិនសូវខ្ជះខ្ជាយដូចកាលពីមុនផ្ទុះឡើងជំងឺកូវីដ១៩។

ជាមួយគ្នានេះ ការធ្វើដំណើរតាមរយៈមធ្យោបាយដឹកជញ្ជូន ដូចជា តាក់ស៊ី និងម៉ូតូកង់បីជាដើម ហាក់ដូចជាមានសកម្មភាពឡើងវិញ ដោយសារអ្នកដំណើរហ៊ានធ្វើដំណើរ ខណៈដែលអ្នកប្រកបអាជីវកម្មដឹកជញ្ជូននានា បានបង្ហាញពីការយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដោយបាញ់អាល់កុលសំអាតយានជំនិះរបស់ខ្លួន។

ភោជនីយដ្ឋាន ហាងកាហ្វេ ដែលមានពាណិជ្ជនាមល្បីៗមួយចំនួននៅក្នុងទីក្រុងភ្នំពេញ ចាប់ផ្តើមមានការប្រមូលផ្តុំគ្នាឡើងវិញ ក្នុងនោះភាគច្រើនជាយុវវ័យ។ ទោះយ៉ាងណា គ្រឹះស្ថានអប់រំសាធារណៈ និងឯកជន នៅមិនទាន់អនុញ្ញាតឲ្យសិស្សចូលរៀនទេ ខណៈមន្ត្រីរាជការនៃស្ថាប័នមួយចំនួន នៅតែត្រូវបានអនុញ្ញាតឲ្យធ្វើការពីផ្ទះនៅឡើយ។ ពិធីសាសនា ក៏ដូចគ្នាដែរ ត្រូវបានដាក់ឲ្យប្រតិបត្តិនៅក្នុងកំរិតមួយមិនទូលំទូលាយ។

ទោះជាការឆ្លងកូវីដ១៩នៅកម្ពុជា មានស្ថានភាពស្ងប់ស្ងាត់ក៏ដោយ  ក៏ប៉ុន្តែប្រមុខរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា តែងព្រមានជាប់ជានិច្ច ដោយមិនឲ្យពលរដ្ឋខ្មែរភ្លេចខ្លួននោះទេ នៅពេលដែលពិភពលោកកំពុងប្រឈមនឹងការឆ្លងរាលដាលជំងឺនេះ ដោយមិនមានការថមថយ។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋខ្មែរដោយ សូមឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជន កម្មករ កម្មការនី ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវនេះ បើទោះណាជាកម្ពុជាបានទទួលជំនួយវេជ្ជសាស្រ្តជាច្រើនពីប្រទេសចិនយ៉ាងណាក្តី។ លោកថា ការមើលស្រាល និងមិនយកចិត្តទុកដាក់អំពីជំងឺនេះ គឺអាចប្រឈមនឹងការឆ្លងរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI