អានតួអត្ថបទ
កម្ពុជា ច្បាប់

លោក ស ខេង៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មិនមែនជាការបន្ថែមបន្ទុកលើពលរដ្ឋក្នុងស្ថានភាព នៃកូវីដ១៩នោះទេ

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា © FB
ដោយ៖ វ៉ា សំណព្វ
១៥ នាទី

កម្ពុជា​បាន​សម្រេច​កំណត់​យក​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​បង្កើន​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ជាង​បណ្ដា​ឆ្នាំ​ណាៗ​ទាំង​អស់។ ប៉ុន្តែ​បើ​តាម​លោក ស ខេង វិធានការ​នេះ មិន​មែន​ជា​ការ​ដាក់​បន្ទុក​លើ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្ថាន​ភាព​លំបាក​នៃ​ជំងឺ​កូវីដ១៩​នោះ​ទេ​។ សូម​ជម្រាប​ជូន​ថា ចាប់​ពីថ្ងៃសុក្រ ទី០១ ខែឧសភា​ទៅ កម្លាំង​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក នឹង​ចាប់​ផ្តើម​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​ទូទាំង​ប្រទេស ជាមួយ​ការ​ផាក​ពិន័យ​ខ្ពស់​ជាង​មុន​។

ផ្សាយពាណិជ្ជកម្ម

បើតាមលោកឧបនាយករដ្ឋមន្ត្រី ស ខេង វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ។ កាលពីឆ្នាំកន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យមានអ្នកស្លាប់ជិត២ពាន់នាក់ អ្នករបួសធ្ងន់និងស្រាលសរុបចំនួន៦១៤១នាក់ និងបានបង្កឲ្យខូចខាតម៉ូតូសរុប៤២៩១គ្រឿង រថយន្តធុនធ្ងន់និងស្រាលចំនួន៣០៨៨គ្រឿង។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំដើម្បីពិនិត្យលើសេចក្ដីព្រាង សេចក្ដីណែនាំ ស្ដីពី តួនាទីភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬ អង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៣០ មេសានេះ លោក ស ខេង បានបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំកន្លងទៅ បានបណ្ដាលឲ្យមានអ្នកស្លាប់ របួសពិការ បង្កឲ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិបានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ។ ហេតុយ៉ាងដូច្នេះហើយ បានជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់។ តែវិធានការនេះមិនមែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋ នៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩នោះទេ គឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ស ខេង។

គួរជំរាបជូនថា ចាប់ពីថ្ងៃទី ០១ ឧសភាតទៅ អាជ្ញាធរនឹងចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងក្របខណ្ឌទូទាំង ដោយមានការបង្កើនកម្រិតប្រាក់ផាកពិន័យទ្វេដង។ ក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកងកម្លាំងជាង១ពាន់នាក់ ដើម្បីចេញប្រតិបត្តិការនៅតាមគោលដៅចំនួន ៤៧កន្លែង។

បើតាមលោក ស ខេង នៅពេលប្រកាសដាក់ចេញវិធានការនេះ មានទស្សនៈមួយចំនួនបានលើកឡើងថា វិធានការនេះ គឺជាវិធានការត្រួតពិនិត្យរដ្ឋបាលទៅវិញ។ ប៉ុន្តែ លោកបានផ្ដល់ការពន្យល់ដូច្នេះថា «ការពិត គឺមិនដូច្នេះទេ ហើយក៏មិនមែនមានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ ដែលដឹកនាំនិងអ្នកអនុវត្តច្បាប់ ចង់បានប្រាក់ពីប្រពលរដ្ឋនោះដែរ»។ បើតាមលោក ស ខេង «សមត្ថកិច្ចនឹងមិនឃាត់ដំណើរប្រជាពលរដ្ឋ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ