អានតួអត្ថបទ
កម្ពុជា ច្បាប់

លោក ជិន ម៉ាលីន៖ ប្រមុខរដ្ឋស្តីទីអាចប្រកាសដាក់ប្រទេសក្នុងភាពអាសន្នជំនួសព្រះមហាក្សត្របាន

លោក ជិន ម៉ាលីន
លោក ជិន ម៉ាលីន @សហការី
ដោយ៖ វណ្ណ សុគន្ធា
១៩ នាទី

«ច្បាប់​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន» ត្រូវ​បាន​លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្តី​ទី​បាន​ចុះ​ហត្ថ​លេខា​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​។ ប៉ុន្តែ​ច្បាប់​នេះ អាច​យក​ទៅ​អនុវត្ត​បាន​នៅ​ពេល​ណា​ដែល​ប្រទេស​ជាតិ​ត្រូវ​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​។ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​អះ​អាង​ថា ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះ​មហា​ក្សត្រ ប៉ុន្តែ​បើ​អវត្ត​មាន​ព្រះ​មហា​ក្សត្រ គឺ​ប្រមុខ​រដ្ឋ​ស្តីទី​អាច​ប្រកាស​ជំនួស​បាន​។

ផ្សាយពាណិជ្ជកម្ម

ថ្លែងអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិ​ធម៌កម្ពុជាបានពន្យល់ដោយយោងតាមរដ្ឋធម្មនុញ្ញថា ប្រមុខរដ្ឋស្តីទីមានតួនាទីរ៉ាប់រងជំនួសព្រះមហាក្សត្រដែលជាព្រះប្រមុខរដ្ឋបាន នៅពេលណាដែលទ្រង់អវត្តមាននៅក្នុងប្រទេស។ ដូច្នេះ ហើយប្រមុខរដ្ឋស្តីទីមានសិទ្ធិប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅក្នុងស្ថានភាពចាំបាច់ណាមួយបាន។ ក៏ប៉ុន្តែមាត្រា២២នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រ​កា​សប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។

ត្រង់ចំណុចនេះ លោកជិន ម៉ាលីន បានគូសបញ្ជាក់ថា បញ្ហាមិនមែននៅលើការប្រកាសដោយព្រះមហាក្ស​ត្រ ឫ ប្រមុខរដ្ឋស្តីទីទេ ប៉ុន្តែគឺនៅត្រង់ប្រធានព្រឹទ្ធសភា។ លោកថា នៅពេលប្រធានព្រឹទ្ធសភាដើរតួនាទីជាប្រមុខរដ្ឋស្តីទី តើអនុប្រធានព្រឹទ្ធសភាអាចឡើងជំនួសមកធ្វើជាប្រធានព្រឹទ្ធសភា ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្រ្តី និង ប្រធានរដ្ឋសភាបានដែរឫយ៉ាងណា។ គឺត្រង់ចំណុចនេះហើយ ដែលជាបញ្ហាៗដែលត្រូវតែមានការបកស្រាយប​ន្ថែមទៀត។ នេះបើតាមលោកជិន ម៉ាលីន។

«ច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានចុះហត្ថលេខាប្រកាសដាក់ឱ្យប្រើប្រាស់ហើយដោយលោកសាយ ឈុំ ​ប្រមុខរដ្ឋស្តីទី។ ច្បាប់នេះអាចយកទៅអនុវត្តបាន លុះត្រាណាមានការប្រកាសដាក់ប្រកាសក្នុងភាពអាសន្នសិន។ «ច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មានចំនួន៥ជំពូក និងចែកចេញជា១២មាត្រា។ ច្បាប់នេះ បានកំណត់ថា ការសម្រេចដាក់ប្រទេសក្នុងភាពអាសន្ន គឺត្រូវធ្វើឡើងនៅពេ​លដែលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ដែលបណ្តាលមកពីសង្គ្រាម ឬ ការឈ្លានពានពីកម្លាំងបរទេ​ស គ្រោះអាសន្នបន្ទា​ន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងសម្រាប់ថិរវេលាមិនឲ្យលើសពី៣ខែ។ ថិរវេលានេះ អាចត្រូវប្រកាសបន្តបានក្នុងលក្ខខណ្ឌដូចគ្នា។ បើតាមច្បាប់នេះ រដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានការយ៉ាងតិច១២ចំណុច ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។

ចំពោះជនណាដែលរារាំងដល់កិច្ចប្រតិបត្តិការដាក់ប្រទេសក្នុងគ្រាអាសន្ន នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅដល់១០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌ។ បើអំពើនោះនាំឲ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ដល់១០ឆ្នាំ។ ដោយឡែក ចំពោះជនណាដែលមិនគោរពវិធានការក្នុងពេលប្រទេសជាតិស្ថិតនៅក្នុងគ្រាអាសន្នវិញ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល។ បើអំពើនោះ នាំឲ្យមានចលាចលជាសាធារណៈ នោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅដល់១០លានរៀល។ ទោសពិន័យនេះនឹងធ្ងន់ធ្ងរជាងនេះទៅទៀត ចំពោះនីតិបុគ្គល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ