កម្ពុជា សង្គម

សង្គមស៊ីវិល និងរដ្ឋាភិបាលប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភាតាមរយៈអនឡាញ និងការឈប់សម្រាកតាមផ្ទះ

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet

ក្រុម​សហ​ជីព ដែល​ការពារ​សិទ្ធិ​កម្មករ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ត្រៀម​ប្រារព្ធ​អបអរ​ទិវា​ពលកម្ម​អន្តរ​ជាតិ​១ឧសភា នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដោយ​មាន​កម្មវិធី​តាម​លំដាប់​លំដោយ​ត្រឹម​ត្រូវ​។ ព្រឹត្តិ​ការណ៍​នេះ ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ ដោយ​រដ្ឋា​ភិបាល តាម​រូប​ភាព​អនុញ្ញាត​ឲ្យ​កម្មករ និយោ​ជិត បាន​ឈប់​សម្រាក​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​។ ការ​ប្រារព្ធ​ពិធី​បែប​អន​ឡាញ និង​ស្ងៀម​ស្ងាត់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​អំឡុង​ពេល​មាន​ការ​ប្រយ័ត្ន​ប្រយែង​នៃ​ការ​ឆ្លង​វីរុស​កូវីដ​១៩​។

ផ្សាយពាណិជ្ជកម្ម

តាម​ការ​គ្រោង​ទុក សហ​ភាព​ការងារ​កម្ពុជា​របស់​លោក អាត់ ធន់ ដែល​គ្រប​ដណ្តល់​សហជីព​កម្មករ​ចំនួន​៨វិស័យ ត្រូវ​បើក​កម្មវិធី​ប្រារព្ធ​ខួប​លើក​ទី១៣៤ នៃ​ទិវា​ពលកម្ម​អន្តរ​ជាតិ​ចំ​ថ្ងៃទី១​ឧសភា ដោយ​មាន​សន្និ​សីទ​កាសែត​នៅ​ពេល​ព្រឹក​ផ្សាយ​តាមប្រព័ន្ធអនឡាញ ហ្វេសប៊ុកពីទីស្នាក់ការកណ្តាលរបស់សហភាពសហជីពមួយនេះ។ ការធ្វើបែបនេះ គឺជាផ្នែកមួយក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុសកូវីដ១៩។ នេះបើតាមសហភាពការងារកម្ពុជា។

ក្រៅពីនេះ នៅពេលរសៀល តំណាងសហភាព សហជីព សមាគម ទាំង៨វិស័យការងារ នឹងដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីទាមទារឲ្យមានការយកចិត្តទុកដាក់ឲ្យកាន់តែប្រសើរថែមទៀត ពីរដ្ឋាភិបាលលើលក្ខខណ្ឌការងាររបស់កម្មករ និយោជិត។

ដោយឡែករដ្ឋាភិបាលកម្ពុជាវិញ នៅក្នុងឱកាសខួប១៣៤ឆ្នាំនៃទិវាពលកម្មអន្តរជាតិឆ្នាំនេះ កម្ពុជា បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ«សន្តិភាព និងការងារសមរម្យ»។ ក្រោមហេតុផលភាគីពាក់ព័ន្ធទាំងអស់កំពុងចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែមេសានេះ បានចេញសារលិខិតមួយ ដោយណែនាំឲ្យក្រសួងការងារ អង្គការវិជ្ជាជីវៈ នាយកគ្រឹះស្ថាន សហគ្រាសនានាត្រូវរៀបចំរំលឹកពិធីនេះ តាមរូបភាពនៃការឈប់សម្រាកតាមផ្ទះជាមួយក្រុមគ្រួសារ ឬទៅតាមកន្លែងស្នាក់នៅ។

នៅក្នុងលិខិតអបអរទិវាពលកម្មអន្តរជាតិនេះដែរ លោក ហ៊ុន សែន ក៏បានរំលេចនូវសមិទ្ធិផលជាវិជ្ជមាននានា ដែលរដ្ឋាភិបាលសម្រេចបានក្នុងវិស័យការងារ ដោយក្នុងនោះរដ្ឋាភិបាលបានធានាបាននូវអត្រាមានការងារធ្វើ៩៩,៧% នៃកំលាំងពលកម្មសរុប១០លាននាក់។ ក្នុងចំណោមអ្នកមានការងារធ្វើទាំនោះ នៅក្នុងប្រទេសមាន ៣,៦៩លាននាក់ គឺការងារនៅក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ វិស័យកសិកម្ម៤លាននាក់ មន្ត្រីសាធារណៈចំនួន៥០ម៉ឺនានាក់ និងពលករដែលចំណាកស្រុកទៅធ្វើការក្រៅប្រទេសចំនួន១,២៨លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI