អាចម៍ផ្កាយដ៏ធំមួយហោះកាត់ក្បែរផែនដីនៅថ្ងៃពុធ តែមិនបង្កគ្រោះថ្នាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០១
អាចម៍ផ្កាយដ៏ធំមួយហោះកាត់ក្បែរភពផែនដីរបស់យើង នៅថ្ងៃពុធ២៩មេសានេះ ដោយមិនបង្កគ្រោះថ្នាក់ណាមួយដល់ផែនដីនោះទេ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រនាំគ្នាចាប់អារម្មណ៍ខ្លាំងលើហេតុការណ៍នេះ ម្យ៉ាងដោយសារតែការហោះកាត់ក្បែរនេះ គឺជាឱកាសឲ្យគេសិក្សាកាន់តែលម្អិតលើអាចម៍ផ្កាយ និងម្យ៉ាងទៀត វាជាការដាស់ស្មារតី ពីហានិភ័យដែលបំណែកអវកាសអស់ទាំងនេះអាចបង្កឡើងដល់មនុស្សជាតិយើង។
អាចម៍ផ្កាយ 1998 OR2 ដែលហោះកាត់ក្បែរភពផែនដីនៅថ្ងៃពុធនេះ ត្រូវបានគេរកឃើញជាដំបូង កាលពីឆ្នាំ១៩៩៨ មានទំហំប្រមាណជា ២គីឡូម៉ែត្រ។ វាហោះមកត្រឹមចម្ងាយប្រមាណជាជិត ៦លានគីឡូម៉ែត្រពីភពផែនដី ដែលជាចម្ងាយមួយឆ្ងាយគួរសម ពោលគឺ ឆ្ងាយជាងចម្ងាយពីផែនដីទៅព្រះចន្ទរហូតដល់ទៅជាង ១៦ដង។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា អាចម៍ផ្កាយនេះត្រូវបានអ្នកវិទ្យាសាស្ត្រចាត់បញ្ចូលទៅក្នុងចំណោមប្រភេទអាចម៍ផ្កាយ ដែលអាចបង្កគ្រោះថ្នាក់ដល់ភពផែនដីរបស់យើង។
ជាទូទៅ អ្នកវិទ្យាសាស្ត្រកំណត់កម្រិតគ្រោះថ្នាក់នៃអាចម៍ផ្កាយ ដោយផ្អែកលើកត្តាពីរ គឺទំហំ និងគន្លងតារាវិថីរបស់វា។ យោងតាមទីភ្នាក់ងារណាសា អាចម៍ផ្កាយទាំងឡាយណា ដែលមានទំហំចាប់ពី១៤០ម៉ែត្រឡើងទៅ ហើយដែលមានគន្លងតារាវិថីហោះកាត់ក្បែរភពផែនដី នៅក្នុងចម្ងាយតិចជាង ៧,៥លានគីឡូម៉ែត្រ គឺត្រូវចាត់ទុកជាប្រភេទអាចម៍ផ្កាយ ដែលអាចបង្កគ្រោះថ្នាក់ដល់ភពផែនដីរបស់យើង។
ជាការពិតណាស់ថា ៧លានគីឡូម៉ែត្រ គឺជាចម្ងាយមួយឆ្ងាយ ដែលវាមិនគួរនឹងបង្កនូវគ្រោះថ្នាក់ណាមួយដល់ភពផែនដីនោះទេ។ ក៏ប៉ុន្តែ គេមិនត្រូវភ្លេចទេថា អាចម៍ផ្កាយធ្វើដំណើរក្នុងគន្លងតារាវិថីជុំវិញព្រះអាទិត្យ ហើយបើសិនជាគន្លងតារាវិថីនោះវាត្រូវឆ្លងកាត់ជាមួយគន្លងតារាវិថីភពផែនដីរបស់យើង អាចម៍ផ្កាយនោះមិនមែនហោះកាត់ភពផែនដីតែមួយលើកហើយបាត់មុខទៅជារៀងរហូតនោះទេ តែវាអាចនឹងហោះមកកាត់ភពផែនដីវិញជាលក្ខណៈទៀងទាត់។
ជាក់ស្តែង អាចម៍ផ្កាយ 1998 OR2 ដែលហោះកាត់ក្បែរផែនដីនៅថ្ងៃពុធនេះ មានគន្លងតារាវិថីដែលនាំវាឲ្យមកហោះក្បែរផែនដីជាច្រើនលើកតទៅមុខទៀត ហើយនៅឆ្នាំ២០៧៩វានឹងហោះមកកាន់តែក្បែរភពផែនដីរបស់យើងជាងនេះទៅទៀត គឺមកនៅចម្ងាយត្រឹមតែប្រមាណជាជិត ២លានគីឡូម៉ែត្រប៉ុណ្ណោះ។
គ្រោះថ្នាក់នៃពពួកអាចម៍ផ្កាយ ដែលគន្លងតារាវិថីរបស់វាឆ្លងកាត់ផែនដីក្នុងចម្ងាយជិតបែបនេះ គឺនៅត្រង់ថា ប្រសិនបើគ្រាន់តែមានបាតុភូតណាមួយ ឬឥទ្ធិពលនៃកម្លាំងទំនាញណាមួយ ដែលធ្វើឲ្យគន្លងតារាវិថីរបស់វាប្រែប្រួលតែបន្តិច វាអាចនឹងហោះកាត់ក្បែរភពផែនដីកាន់តែជិតទៅៗ ហើយក្នុងរយៈពេលវែងទៅមុខ វាអាចនឹងហោះបុកភពផែនដីរបស់យើង។ អាចម៍ផ្កាយដែលមានទំហំចាប់ពី១៤០ម៉ែត្រឡើងទៅ បើសិនជាវាធ្លាក់មកលើភពផែនដីរបស់យើង វាអាចនឹងបង្កនូវវិនាសកម្មដ៏ធ្ងន់ធ្ងរដល់មនុស្សជាតិយើង។
គេមិនត្រូវភ្លេចទេថា អាចម៍ផ្កាយដែលធ្លាក់នៅឆេលីយ៉ាប៊ីនស្ក៍ កាលពីឆ្នាំ២០១៣កន្លងទៅ មានទំហំមិនដល់ ២០ម៉ែត្រផង ក៏ប៉ុន្តែបានបង្កឲ្យមានកម្លាំងផ្ទុះរហូតដល់ទៅប្រមាណជាពី ៤០០ ទៅ ៥០០គីឡូតោន ខ្លាំងជាងកម្លាំងផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ដែលអាមេរិកទម្លាក់នៅហ៊ីរ៉ូស្ហ៊ីម៉ា ដល់ទៅប្រមាណជា ៣០ដងឯណោះ។ ចុះទម្រាំអាចម៍ផ្កាយដែលមានទំហំដល់ទៅ ១៤០ម៉ែត្រ ឬក៏ធំជាងនេះទៅទៀត ដូចជាអាចម៍ផ្កាយ 1998 OR2 ដែលហោះកាត់ក្បែរផែនដីនៅថ្ងៃពុធនេះ ដែលមានទំហំដល់ទៅ ២គីឡូម៉ែត្រ ពោលគឺ ធំជាងអាចម៍ផ្កាយនៅឆេលីយ៉ាប៊ីនស្ក៍ដល់ទៅ ១០០ដង តើវាអាចនឹងបង្កឲ្យមានវិនាសកម្មធ្ងន់ធ្ងរប៉ុណ្ណា បើសិនជាវាធ្លាក់មកលើភពផែនដីរបស់យើង?
នៅក្នុងហេតុផលនេះហើយបានជាទីភ្នាក់ងារណាសា ដោយរួមសហការជាមួយនឹងអ្នកវិទ្យាសាស្ត្រផ្សេងទៀតជាលក្ខណៈអន្តរជាតិ នាំគ្នាយកចិត្តទុកដាក់តាមដានសង្កេតមើលប្រភេទអាចម៍ផ្កាយអស់ទាំងនេះ តាមរយៈការបង្កើតគម្រោងមួយ ដែលគេឲ្យឈ្មោះថា
“Planetary Defense” ដើម្បីស្វែងរក និងឃ្លាំមើល ព្រមទាំងកំណត់គន្លងតារាវិថីនៃបណ្តាអាចម៍ផ្កាយ ដែលអាចហោះកាត់ក្បែរភពផែនដីរបស់យើង។
គិតមកទល់នឹងពេលបច្ចុប្បន្ននេះ អាចម៍ផ្កាយប្រមាណជាជិត ២ម៉ឺន ត្រូវបានគេរកឃើញ និងស្ថិតក្រោមការតាមដាននៃគម្រោង Planetary Defense។ ហើយកាលពីខែមេសាឆ្នាំ២០១៩កន្លងទៅនេះ ទីភ្នាក់ងារណាសាបានរៀបចំសន្និសីទដ៏ធំមួយ ដោយមានការចូលរួមពីសំណាក់អ្នកវិទ្យាសាស្រ្តមកពីជុំវិញពិភពលោក ដើម្បីជជែកផ្លាស់ប្តូរយោបល់គ្នា ដោយដាក់សេណារីយ៉ូមួយថា បើសិនជាគេរកឃើញមានអាចម៍ផ្កាយមួយ ដែលមានទំហំធំល្មមអាចកម្ទេចទីក្រុងធំមួយបាន ហើយអាចម៍ផ្កាយនោះនឹងត្រូវហោះមកបុកភពផែនដី នៅក្នុងរយៈពេល ៨ឆ្នាំខាងមុខ។ តើគេត្រូវធ្វើដូចម្តេច?
អ្នកវិទ្យាសាស្រ្តភាគច្រើននៅក្នុងសន្និសីទនោះ បានឯកភាពគ្នាថា ដំណោះស្រាយដែលគេមើលទៅឃើញថាមានភាពប្រាកដនិយមជាងគេ គឺការប្រើយានអវកាស ដើម្បីរុញអាចម៍ផ្កាយឲ្យចាកគន្លងដើមបន្តិចម្តងៗ រហូតអាចចៀសផុតពីការប៉ះទង្គិចជាមួយនឹងផែនដី។ ក៏ប៉ុន្តែ ដើម្បីអាចធ្វើបែបនេះបាន គេចាំបាច់ត្រូវព្យាករដឹងជាមុនពីគន្លងនៃអាចម៍ផ្កាយ ហើយមិនមែនដឹងមុនត្រឹមរាប់ខែនោះទេ តែត្រូវដឹងមុនរហូតដល់ទៅរាប់ឆ្នាំឯណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ